អន្តរជាតិ
ឥណ្ឌូណេស៊ី ដំឡើងអាយុរៀបកាអប្បបរមាសម្រាប់ក្មេងស្រីពី១៦ឆ្នាំ១៩ឆ្នាំ ក្មេងស្រីឥណ្ឌូណេស៊ីក្នុងពិធីសាសនាមួយ។ រូបភាព Xinhua
×
ដោយ៖ ឈួន ឈីវអ៊ីង
សភារបស់ឥណ្ឌូណេស៊ី បានកែប្រែច្បាប់រៀបការរបស់ប្រទេសដើម្បីដំឡើងអាយុអប្បបរមា ដែលស្ត្រីអាចរៀបការបានទៅដល់១៩ឆ្នាំ ពីការកំណត់មុនដែលមាន១៦ឆ្នាំ។ ការផ្លាស់ប្តូរនេះត្រូវបានស្វាគមន៍ដោយក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងការរៀបការវ័យក្មេង ហើយវាជាការបោះជំហានទៅរកការការទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ នៅប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេបំផុតក្នុងពិភពលោក។
សមាជិកសភាទាំងអស់បានយល់ព្រមជាមួយនឹងការកែប្រែអាយុអប្បរមានដើម្បីរៀបការពី១៦ឆ្នាំទៅ១៩ឆ្នាំ នៅក្នុងអង្គប្រជុំក្នុងថ្ងៃទី១៦ ខែកញ្ញា។ បើតាមសេចក្តីថ្លែងការណ៍នៅលើវេបសាយសភាឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ីស្ថិតនៅក្នុងចំណោមប្រទេសទាំង១០ ក្នុងពិភពលោកដែលមានចំនួនក្មេងស្រីរៀបការច្រើនបំផុត។ នេះបើយោងតាមក្រុមយុទ្ធនាការក្មេងស្រីមិនមែនកូនក្រមុំ (Girls Not Brides) ។
ក្នុងរបាយការណ៍ឆ្នាំ២០១៦ របស់ទីភ្នាក់ងារស្ថិតិនិងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ម្នាក់ក្នុងចំណោមក្មេងស្រីបួននាក់នៅឥណ្ឌូណេស៊ី បានរៀបការមុនពេលមានអាយុ ១៨ឆ្នាំ។ លោកស្រី Masruchah មកពីគណៈកម្មការជាតិប្រឆាំងអំពើហិង្សាលើស្ត្រី និយាយថា សង្គមឥណ្ឌូណេស៊ីនៅតែបន្តលើកទឹកចិត្តក្មេងស្រីឲ្យរៀបការនៅក្នុងវ័យជំទង់ បើមិនដូច្នោះទេ ពួកគេនឹងត្រូវបានគេចាត់ទុកថាជាក្រមុំចាស់។
មន្ត្រីឥណ្ឌូណេស៊ីខាងលើ ហាក់មិនទាន់ពេញចិត្តនឹងការដំឡើងអាយុអប្បរមាចំនួនបីឆ្នាំនេះឡើយ ដោយចង់ឲ្យអាយុអប្បរមានេះដំឡើងដល់២១ឆ្នាំ ដែលជាអាយុស្តង់ដាអន្តរជាតិសម្រាប់បុរស និងស្ត្រី។ នៅអាយុរៀបការអប្បបរមាត្រឹម២១ឆ្នាំ សម្រាប់បុរស និងស្ត្រី ពួកគេទាំងពីរត្រូវបានគេចាត់ទុកថា ជាពេលវេលាមានភាពចាស់ទុំខាងផ្នែកបន្តពូជ និងមានស្ថេរភាពសេដ្ឋកិច្ច។
កន្លងទៅ ឥណ្ឌូណេស៊ីអនុញ្ញាតឲ្យក្មេងស្រីមានអាយុ១៦ឆ្នាំ ឬក្មេងជាងនេះរៀបការបាន ដោយគ្មានការកំណត់អាយុអប្បបរមា ប្រសិនបើឪពុកម្តាយរបស់ពួកគេអនុញ្ញាត។ តុលាការកំពូលរបស់ឥណ្ឌូណេស៊ីបានចេញសេចក្តីសម្រេចកាលពីខែឆ្នូ ថាវាជាការរើសអើង ដែលកំណត់ឲ្យមនុស្សស្រីមានអាយុរៀបការទាបជាងមនុស្សប្រុស។
រដ្ឋមន្ត្រីកិច្ចការនារី និងការពារកុមារឥណ្ឌូណេស៊ី លោកស្រី Yohana Yembise បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាពាហ៍ពិពាហ៍កុមារនៅក្នុងឥណ្ឌូណេស៊ី ជាមូលហេតុនៃកំណើនអត្រាមរណភាពមាតា និងទារក ក៏ដូចជាលើកទឹកចិត្តដល់ពលកម្មកុមារ។ លោកស្រីក៏បានរំលឹកថា ការកែប្រែច្បាប់រៀបការនេះចំណាស់៤៥ឆ្នាំនេះ ជាអំណោយសម្រាប់កុមារឥណ្ឌូណេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com