អន្តរជាតិ
វ៉េណេស៊ុយអេឡា៖ រដ្ឋការលោក ម៉ាឌុយរ៉ូ ដោះលែងមេដឹកនាំប្រឆាំងសំខាន់ម្នាក់ មេដឹកនាំប្រឆាំង Edgar Zambrano ត្រូវបានដោះលែងពីមន្ទីរឃុំឃាំង។ រូបភាព AFP
×
ដោយ៖ ងួន សុភាវត្តី
មេដឹកនាំក្រុមប្រឆាំងវ៉េណេស៊ុយអេឡា លោក Edgar Zambrano ត្រូវបានដោះលែងពីការឃុំឃាំងនៅថ្ងៃទី១៧ ខែកញ្ញា បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលបួនខែពីបទក្បត់ជាតិ ក្រោយការធ្វើរដ្ឋប្រហាររបស់គណបក្សប្រឆាំងបរាជ័យកាលពីខែមេសាកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់សម្ព័ន្ធមិត្តប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ និងសមាជិកសភាបក្សប្រឆាំង។
លោក Edgar Zambrano ជាអ្នកនយោបាយប្រឆាំងលេចធ្លោម្នាក់ និងជាអនុប្រធានរដ្ឋសភាដែលត្រូវបានប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ បំបិទចោល។ ក្រោយការឃុំឃាំងបួនខែ លោក ក៏ត្រូវបានដោះលែងវិញ។ លោក Francisco Torrealba ជាសមាជិកក្នុងសភាធម្មនុញ្ញស្និទ្ធលោក ម៉ាឌុយរ៉ូ បានផ្ញើរូបភាពរបស់លោក Zambrano និងគ្រួសារមកទីភា្នក់ងារព័ត៌មាន Reuters ដើម្បីបញ្ជាក់ពីការដោះលែង។
លោក Timoteo Zambrano ជាសមាជិករដ្ឋសភាកាន់កាប់ដោយក្រុមប្រឆាំង ក៏បានបង្ហោះវីដីអូមួយក្នុងTwitter ដែលបានបង្ហាញពីសកម្មភាពលោក Zambrano កំពុងនិយាយនៅក្រៅជំរំយោធាជាទីដែលលោកត្រូវឃុំឃាំងអស់រយៈពេលបួនខែ។ សមាជិកសភារូបនេះ បានសរសររសារភ្ជាប់ថា៖ « ដំណើរការដោះលែងអ្នកទោសនយោបាយបានចាប់ផ្តើមហើយ។ យើងបានអបអរសេរីភាពរបស់មិត្តរួមការងារយើង លោក Edgar Zambrano »។
ការដោះលែងមេដឹកនាំប្រឆាំងរូបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីលោក ម៉ាឌុយរ៉ូ បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយគណបក្សប្រឆាំងផ្សេងៗ ដើម្បីដោះស្រាយបញ្ហានយោបាយក្នុងប្រទេសនេះ។
ក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ អះអាងថា ខ្លួននឹងសាកសួរទៅប្រព័ន្ធតុលាការដើម្បីវាយតម្លៃ និងដោះលែងអ្នកទោសនយោបាយមួយចំនួនឲ្យមានសេរីភាព។ បន្ថែមពីនេះទៀត រដ្ឋាភិបាល នឹងរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើងវិញទៀតផង បន្ទាប់ពីមានការចោទប្រកាន់ពីគណបក្សប្រឆាំងថា ការបោះឆ្នោតកាលពីឆ្នាំ២០១៨ លម្អៀងទៅខាងគណបក្សកាន់អំណាច៕
© រក្សាសិទ្ធិដោយ thmeythmey.com