ជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរ​នឹង​រៀប​សំណាញ់​ដែក​ទប់ស្កាត់​សំរាម ក្រោយ​ប្រមូល​សំរាម​ជិត​១០០​តោន​ពី​ឆ្នេរ​អូរ​ឈើទាល
18, Sep 2019 , 5:14 pm        
រូបភាព
សកម្មភាព​មន្ត្រី ខេត្តព្រះសីហនុ ប្រមូលសំរាមដែលរសាត់ និងអណ្តែតនៅលើផ្នែកខាងចុងឆ្នេរអូរឈើទាល។ រូបថត លោក ឃាង ភារម្យ៕​
សកម្មភាព​មន្ត្រី ខេត្តព្រះសីហនុ ប្រមូលសំរាមដែលរសាត់ និងអណ្តែតនៅលើផ្នែកខាងចុងឆ្នេរអូរឈើទាល។ រូបថត លោក ឃាង ភារម្យ៕​
​ភ្នំពេញ​៖ សំរាម​គ្រប់​ប្រភេទ​ប្រមាណ​១០០​តោន ដែល​រសាត់ និង​អណ្តែត​ពេញ​នៅ​ផ្នែក​ចុង​នៃ​ឆ្នេរសមុទ្រ​អូរ​ឈើទាល ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះសីហនុ​ចុះ​សម្អាត និង​ប្រមូល​ដឹកចេញទៅ​កាន់​ទីលាន​ចាក់សំរាម នា​ថ្ងៃទី​១៨​កញ្ញា​នេះ​។ អាជ្ញាធរ​នឹង​រៀប​សំណាញ់​ដែក​បន្ថែម ដើម្បី​ទប់ស្កាត់​សំរាម កុំ​ហូរ​ចូល​សមុទ្រ​ទៀត​។​



​លោក ឃាង ភា​រម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ បាន​និយាយថា មូលហេតុ​ដែល​សំរាម​ទាំងនេះ រសាត់អណ្ដែត​មក​ចុង​សមុទ្រ​ឆ្នេរ​អូរ​ឈើទាល គឺ​បណ្តាលមកពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ដែល​នាំយក​សំរាម​នៅតាម​តំបន់​នានា​ហូរ​ធា្ល​ក់​ចូល​សមុទ្រ ។ តែ​យ៉ាងណា​បញ្ហា​សំរាម​នេះ អាជ្ញាធរ​បាន​បោ​សម្អាត​អស់ហើយ​។  



ថ្លែងប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​Telegram លោក ឃាង ភា​រម្យ បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​ប្រើប្រាស់​រថយន្ត​ចំណុះ​១២​តោន ចំនួន​៨​គ្រឿង ដើម្បី​ដឹក​សំរាម​ទាំងនេះ​ចេញពី​តំបន់​ចុង​ឆ្នេរ​អូរ​ឈើទាល ។


​​​          សំរាមដែលរសាត់មកធ្លាក់នៅចុងឆ្នេរសមុទ្រអូរឈើទាល នៅក្បែរតំបន់ដំណាក់ស្តេច

​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា​៖«​ប្រភព​សំរាម​ទាំងនេះ មាន​មួយផ្នែក​ហូរ​ពី​សមុទ្រ​ផ្នែក​ខាងលើ និង​មួយផ្នែក​ទៀត​ហូរ​ពី​អូរ​ឬ​ប្រឡាយ ហើយក៏​ហូរ​មក​ចូល​តំបន់​ចុង​អូរ​ឈើទាល​ហ្នឹង​តែម្តង ព្រោះ​ខេត្ត​ព្រះសីហនុ​យើង ជាពិសេស​ទីប្រជុំជន​ក្រុងព្រះសីហនុ​ដែល​នៅជាប់​តំបន់ឆ្នេរ​ដែល​យើង​រង​នូវ​ឥទ្ធិពល​សម្ពោធ​ទាប​ដែល​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​...»​។

​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​កុំឱ្យ​កើតមានឡើង​ទៀត អាជ្ញា​ខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ដាក់​សំណាញ់​ដែក បន្ថែម ដើម្បី​ទប់ស្កាត់​សំរាម​ទាំងអស់នោះ កុំឱ្យ​ចូល​ចាក់​ទៅ​តំបន់ឆ្នេរ​។ នេះ​ជាការ​លើកឡើង​របស់លោក ឃាង ភា​រម្យ ។​« កន្លងមក​អាជ្ញាធរខេត្ត​បានដាក់​សំណាញ់​ដែក​រួចមកហើយ ដើម្បី​ទប់​សំរាម​នៅតាម​តំបន់​មួយចំនួន​កុំឱ្យ​ធ្លាក់​ចូលក្នុង​សមុទ្រ  និង​កាយ​ប្រមូល​យកទៅ​ដឹក​ចោល​នៅ​ទី​ចាក់សំរាម  ប៉ុន្តែ​មាន​សំរាម​ខ្លះ ក៏​នៅតែ​ហូរ​ផុតពី​សំណាញ់​ដែក​នោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ​។

​កាលពី​ថ្ងៃទី​១៤​កញ្ញា  ឆ្នាំ​២០១៩ មាន​ករណី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​Yong Sok Khemerith បាន​បង្ហោះ​វីដេអូ​ពី​សកម្មភាព​ប្រមូល​សំរាម​ដែល​រសាត់ ឬ​អណ្តែត​ជាច្រើន​នៅលើ​ឆ្នេរ​អូរ​ឈើទាល ផ្នែក​ខាងចុង​នេះ ដែលនាំឱ្យ​មានមតិ​ប្រតិកម្ម​ពី​ពលរដ្ឋ​លើ​បញ្ហា​សំរាម​នេះ​៕

Tag:
 សំរាម​
  ឆ្នេរ​
  អូរ​ឈើទាល
© រក្សាសិទ្ធិដោយ thmeythmey.com