ជាតិ
នយោបាយជាតិ
៥ឆ្នាំ ទ័ពកម្ពុជាជាង៥ពាន់នាក់ ទទួលបានការបណ្តុះបណ្តាលនៅវៀតណាម ជំនួបរវាងលោក មាស សំអុល និង លោក ឡេ ឌឹកម៉ាញ់
× ពីឆ្នាំ២០១៥ ដល់ ឆ្នាម២០១៩ វៀតណាម ជួយបណ្តុះបណ្តាលនាយទាហាននៃកងយោធពលខេមរភូមិន្ទកម្ពុជាបាន៥១៦៧នាក់។ នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ អនុប្រធានស្នងការកម្មាភិបាលកងទ័ពវៀតណាម ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវារបស់ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
ខ្លឹមសារនៃជំនួបនេះ ត្រូវបានចុះផ្សាយលើគេហទំព័រនៃក្រសួងការពារជាតិកម្ពុជា។ លោក ឡេ ឌឹកម៉ាញ់ ដែលដឹកនាំគណៈប្រតិភូវៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជា បានលើកឡើងថា រយៈពេល៥ឆ្នាំនេះ ក្រៅពីទាហានដែលទទួលបានការបណ្តុះបណ្តាល ក៏មានទាហានកម្ពុជាជាង៥,៨ម៉ឺនាក់ទៀត បានសម្រាកបំប៉នពិនិត្យសុខភាព នៅវៀតណាម។ ដោយឡែក សិក្ខាកាមយោធាវៀតណាម ដែលមកសិក្សាភាសានៅកម្ពុជា ត្រូវបានលោក អះអាងថា មានតែ១៥នាក់ប៉ុណ្ណោះជារៀងរាល់ឆ្នាំ។
លោក មាស សំអុល អរគុណភាគីវៀតណាម ដែលជួយបណ្តុះបណ្តាលកងកម្លាំងយោធាក្នុងកងយោធពលខេមរភូមិន្ទកម្ពុជា។ ក្រសួងការពារជាតិ បានសរសេរពីសម្តីរបស់នាយឧត្តមសេនីយ៍រូបនេះដូច្នេះថា៖«នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបានបញ្ជូនទៅសិក្សាបណ្តុះបណ្តាលនៅវៀតណាម បច្ចុប្បន្នមានសមត្ថភាព ក្នុងការបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន»៕
Tag:
កម្ពុជា-វៀតណាម
យោធា
© រក្សាសិទ្ធិដោយ thmeythmey.com