អន្តរជាតិ
Anwar រំពឹងថា​នឹង​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​មហា​ធៀ​ក្នុង​ឆ្នាំ ២០២០
19, Sep 2019 , 8:29 am        
រូបភាព
រូបភាព (AFP)
រូបភាព (AFP)
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ជាមួយ​ទូរទ​ស្សន៍ Bloomberg កាលពី​ថ្ងៃទី​១៨ ខែកញ្ញា លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) រំពឹងថា គាត់​នឹង​ជំនួស​តំណែង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ​។



​វា​មានការ​ព្រមព្រៀងគ្នា​ច្បាស់​ថា​វា​គួរតែ​ជា​រយៈ​ពេលនោះ ប៉ុន្តែ​ខ្ញុំ​មិន​គិតថា ខ្ញុំ​គួរតែ​ចាំ​ខែ​ច្បាស់លាស់​នោះទេ​។ នេះ​បើតាម​អ្វីដែល​ប្រមុខ​ដឹកនាំ​បក្ស​យុត្តិធម៌​របស់​ប្រជាជន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងបទសម្ភាស​ជាមួយ​ទូរទស្សន៍​​សេដ្ឋកិច្ចអាមេរិក​។ យ៉ាងណាមិញ​លោក អាន់វ៉ា ក៏​បញ្ជាក់​ផងដែរ​ថា ការព្រមព្រៀង​មួយ​នេះ គឺ​លោក ​មហា​ធៀ ​នឹង​លាលែង​ពី​តំណែង ហើយ​លោក​ជា​អ្នក​ចូលកាន់​តំណែង​ជំនួស​។​

​ជាការ​ពិត​ កិច្ចព្រមព្រៀង​រវាង​លោក ​មហា​ធៀ និងលោក អាន់វ៉ា គឺ​ត្រូវ​ផុតកំណត់​នៅក្នុង​ខែឧសភា ឆ្នាំ​២០២០ បន្ទាប់​ពីសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan បានឈ្នះ​ឆ្នោត​កាលពី​ឆ្នាំ ២០១៨​។ កាលពីមុន​បោះឆ្នោត​គណបក្ស​យុត្តិធម៌​របស់​ប្រជាជនរបស់លោក អាន់វ៉ា បានធ្វើ​សម្ពន្ធភាព​ជាមួយ​បក្សរបស់លោក​មហា​ធៀ ក្នុង​គោលបំណង​ប្រកួតប្រជែង​ជាមួយនឹង​អតីត​បក្ស​កាន់អំណាច​រួបរួម​ជាតិ​ម៉ា​ឡេ​។​

​ការរួបរួម​រវាង​គ​ណ​បក្ស​ពីរ​នេះ គឺ​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​ឲ្យ​លោក ​មហា​ធៀ​ កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ពីរ​ឆ្នាំ ហើយ​លោក អាន់វ៉ា ​​នឹងត្រូវ​កាន់តំណែង​ជំនួស​។ ក្នុង​រយៈពេល​នោះ លោក​អាន់វ៉ា កំពុងពន្ធនាគារ​ពាក់ព័ន្ធបទ​ការរួម​សង្វាស​ជាមួយ​ភេទ​ដូចគ្នា។ ​លោកតែង​ច្រានចោល​ថា វា​ជា​រឿង​នយោបាយ​របស់​រដ្ឋាភិបាល​។​

​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​៩៤ឆ្នាំ បាន​ហៅ​ខ្លួនឯង​ថា​ជា នាយករដ្ឋមន្ត្រី​កាន់តំណែង​មួយរយៈ​ពេល ហើយ​លោក​តែងតែ​និយាយ​ដដែល​ថា គាត់​នឹង​ប្រគល់​តំណែង​ឲ្យ​លោក អាន់វ៉ា តាម​ការសន្យា បើទោះបីជា​គាត់​មិនបាន​បញ្ជាក់​ពីថ្ងៃ​ផុតកំណត់​ក៏ដោយ​។ ប៉ុន្តែ​មានមតិ​ខ្លះ​បានស្នើ​ឲ្យ​គាត់​កាន់តំណែង​ពេញ​មួយ​អាណត្តិ​រហូតដល់​ឆ្នាំ​២០២៣​។​
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ សម្ព័ន្ធភាពប្រឆាំង បាន​យកឈ្នះ​លើ​អតីត​បក្ស​កាន់អំណាចដោយសារតែ​រឿង​អា​ស្រូវពុករលួយទាក់ទង​មូលនិធិ​រដ្ឋ 1MDB ៕ 


Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​
© រក្សាសិទ្ធិដោយ thmeythmey.com