ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឥត សារ៉ាត់ ប្រាប់ទ័ពកុំឲ្យចូលរួមនឹងក្រុមប្រឆាំង
18, Sep 2019 , 11:20 pm        
រូបភាព
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ (រូបពីក្រសួងការពារជាតិ)
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ (រូបពីក្រសួងការពារជាតិ)
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងទៅកាន់កងកម្លាំងយោធា ឲ្យប្រកាន់ខ្ជាប់វិន័យ ហើយដាច់ខាតមិនត្រូវចូលរួមក្នុងចលនានយោបាយប្រឆាំងណាមួយ ដែលមានបំណងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ។ លោក សង្កត់ធ្ងន់ថា យោធា ដាច់ខាតត្រូវការពាររដ្ឋាភិបាល។



លោក ឥត សារ៉ាត់ ថ្លែងសារនេះ ក្នុងឱកាសដែលលោក នាំយករថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅប្រគល់ជូនគិលានដ្ឋានសាលាហ្វឹកហ្វឺនជំនាញការពារអាកាស នៃបញ្ជាការដ្ឋានការពារអាកាស កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ក្រសួងការពារជាតិ បានចុះផ្សាយពីសម្តីរបស់អគ្គមេបញ្ជាការរងរូបនេះ យ៉ាងដូច្នេះថា៖«កងទ័ពទាំងអស់ ត្រូវជឿជាក់លើការដឹកនាំប្រទេសជាតិរបស់រដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយសូមកុំជឿលើការឃោសនា បោកប្រាស់ណាមួយរបស់ជនក្បត់ជាតិ ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយនៃភ្លើងសង្គ្រាមសាជាថ្មី»។

លើសពីនេះ មេយោធាជាន់ខ្ពស់រូបនេះ បានចាត់ទុក ការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី ថាជាការបោកប្រាស់ និងជាការធ្វើប្រជាភិថុតិ ដើម្បីឲ្យអ្នកដើរតាមលោក មានសង្ឃឹម។ លោក ចំអកដូច្នេះថា៖«....ធាតុពិត លោក សម រង្ស៊ី ខ្លួនឯង មិនហ៊ានទាំងចូលស្រុកខ្មែរផង»។

ការថ្លែងសាររបស់លោក ឥត សារ៉ាត់ ក្នុងន័យទប់ស្កាត់កងកម្លាំងប្រដាប់អាវុធមិនឲ្យទៅចូលរួមជាមួយក្រុមប្រឆាំង គឺស្របពេលដែលលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង បានអំពាវនាវពីក្រៅប្រទេសមក ឲ្យកងកម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល ហើយចូលរួមជាមួយក្រុមរបស់លោក ដើម្បីរួមកម្លាំងគ្នាផ្លាស់ប្តូរ។

នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំជាថ្មី ហើយបានដាក់ចេញនូវសេចក្តីសម្រេចមួយចំនួន ដោយក្នុងនោះ មានសេចក្តីសម្រេចមួយ គឺអតីតគណបក្សប្រឆាំង បានប្រកាសថា ត្រៀមថវិកាសម្រាប់ផ្តត់ផ្គង់កងកម្លាំងប្រដាប់អាវុធ ដែលផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល។

សេចក្តីសម្រេចមួយទៀត គឺគណៈកម្មាធិការអចិន្ត្រៃយ៍ បានដាក់ផែនឲ្យលោក សម រង្ស៊ី ចូលមកតំបន់អាស៊ីជាមុនសិន នៅថ្ងៃទី៥ ខែវិច្ឆិកា មុននឹងឈានជើងចូលមកទឹកដីកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

Tag:
 សម រង្ស៊ី
  ឥត សារ៉ាត់
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com