អន្តរជាតិ
អង់គ្លេសមិនទាន់រកឃើញ «បង្គន់មាស» តម្លៃជាង៥លានដុល្លារ ដែលចោរលួចពីកន្លែងតាំងពិព័រណ៌ឡើយ «បង្គន់មាស» តម្លៃជាង៥លានដុល្លារ ដែលចោរលួចពីកន្លែងតាំងពិព័រណ៌នៅវិមាន Blenheim។ រូបថត AFP
× បង្គន់ដែលផលិតចេញពីមាសទម្ងន់១៨ការ៉ាត់ដែលមានចានបង្គន់ ប្រដាប់កាច់ទឹក និងបំពង់បង្ហូរ ត្រូវបានចោរមួយក្រុមលួចយក នាអំឡុងពេលនៃការដាក់តាំងពិព័រណ៌មួយនៅវិមាន Blenheim ចក្រភពអង់គ្លេស កាលពីពេលថ្មីៗកន្លងមកនេះ។ បុរស២នាក់ត្រូវបានឃាត់ខ្លួន ប៉ុន្តែមុខសញ្ញាពិតប្រាកដមិនទាន់រកឃើញនោះឡើយ។ វិចិត្រករអ៊ីតាលី លោក Maurizio Cattelan ដែលជាម្ចាស់ស្នាដៃ បានសម្តែងការហួសចិត្ត ប៉ុន្តែលោករំពឹងថា ក្រុមចោរមានបេះដូងចិត្តល្អដូចតួ Robin Hood ដោយលួចពីអ្នកមានជួយដល់អ្នកក្រ។
«ដំបូងគេប្រាប់ខ្ញុំពីដំណឹងក្រុមចោរលួចបង្គន់ ខ្ញុំហួសចិត្ត ហើយឆ្ងល់ថាហេតុអ្វីក៏ពួកគេល្ងង់ខ្លៅម្ល៉េះ? តាមពិតខ្ញុំភ្លេចគិតថា បង្គន់នោះធ្វើពីមាស»។ លោក Maurizio Cattelan បានថ្លែងប្រាប់សារព័ត៌មាន New York Times។ វិចិត្រករអ៊ីតាលី ដែលមានវ័យ៥៨ឆ្នាំរូបនេះ ជាម្ចាស់ស្នាដៃដែលបានធ្វើបង្គន់មាសនោះ។
ស្នាដៃសិល្បៈមួយនេះ ត្រូវបានរចនាឡើងសម្រាប់តែមនុស្ស១ភាគរយប៉ុណ្ណោះដែលមានជាងគេលើលោក។ លោក Cattelan លើកឡើងបែបសុទិដ្ឋិនិយមថា៖ «អំពើចោរកម្មនេះ សូមឲ្យដូចសកម្មភាពដែលយកតាមតួ Robin Hood ទៅចុះ ដោយលួចពីអ្នកមាន យកទៅជួយដល់អ្នកក្រ»។
លោក Dominic Hare អគ្គនាយកទទួលបន្ទុកនៅសារមន្ទីរនៅវិមាន Blenheim បានវាយតម្លៃថា បង្គន់មាសនោះមានតម្លៃចន្លោះពី៥លាន ទៅ៦លានដុល្លារអាមេរិក ពោលគឺមិនមែនត្រឹមតែជាង១លានដុល្លារអាមេរិក ដែលសារព័ត៌មានអង់គ្លេស បានផ្សព្វផ្សាយកន្លងមកនោះឡើយ។
វិមាន Blenheim ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយក៏ជាទីកំណើតរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill ផងដែរ។
ក្រោមឈ្មោះថា «America» បង្គន់មាសនោះ ស្ថិតក្នុងចំណោមវត្ថុដែលត្រូវបានដាក់តាំងពិព័រណ៌ ដែលមានរយៈពេលរហូតដល់ថ្ងៃទី២៧ ខែតុលា។ របាយការណ៍បង្ហាញថា ក្រុមចោរបានចូលទៅលួចនាអំឡុងវេលាយប់ ហើយចាកចេញនៅម៉ោងជិត៥ទៀបភ្លឺ។ តាមការវិភាគលើកាម៉េរាសុវត្ថិភាព ក្រុមចោរប្រើប្រាស់រថយន្តចំនួន២គ្រឿង។
វិចិត្រករអ៊ីតាលី លោក Maurizio Cattelan ជាអ្នករចនាបង្គន់មាស «America»
បង្គន់ «America» ត្រូវបានដាក់តាំងក្នុងពិព័រណ៌លើកដំបូងនៅសារមន្ទីរ Guggenheim ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ដោយមានអ្នកធ្លាប់ប្រើប្រាស់វាប្រមាណ១០ម៉ឺននាក់។ វិមាន Blenheim បានសម្តែងការសោកស្តាយតាមរយៈ Twitter របស់ខ្លួន ជុំវិញការបាត់បង់បង្គន់ដ៏មានតម្លៃមហាសាលនេះផងដែរ។
មនុស្ស២នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះមានបុរសវ័យ៦៦ឆ្នាំម្នាក់ និង៣៦ឆ្នាំម្នាក់ទៀត។ អ្នកកទាំងនោះ ត្រូវបានដោះលែងវិញ ប៉ុន្តែស្ថិតក្រោមការស៊ើបអង្កេត មុនឈានទៅដល់ការចាប់ខ្លួនបណ្តាញជនល្មើស ដើម្បីនាំយកបង្គន់នោះ ត្រឡប់ទៅសារមន្ទីរវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com