ចង់​រក្សាសុខ​ភាពល្អ​រឹងមាំ កុំ​ភ្លេច​ទម្លាប់​ងាយៗ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចង់​រក្សាសុខ​ភាពល្អ​រឹងមាំ កុំ​ភ្លេច​ទម្លាប់​ងាយៗ​ទាំងនេះ​
19, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​កំពុងស្ថិត​ក្នុងស្ថានភាព​ដ៏​មមាញឹក​មួយ​ក្នុង​ជីវិត​ដែល​តែង​ធ្វើឱ្យមាន​អារម្មណ៍​ហត់​និង​ស្ត្រេ​ស​ខ្លាំង​។ ហើយក៏​ព្រោះតែ​កត្តា​ទាំងនេះ​ជា​មូលហេតុ​នៃ​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​នោះ​យើង​មិនគួរ​បណ្ដែតបណ្ដោយ​ឡើយ​។ ប៉ុន្តែ​កុំ​បារម្ភ​! ការប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​មួយចំនួន​នឹង​ជួយ​រក្សាសុខ​ភាពល្អប្រសើ​រ​។​



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​គួរ​ធ្វើជា​ប្រចាំ ៖

១. ទទួលទាន​ទឹក​មុនពេល​ញ៉ាំ​អាហារ​

​ក្រៅពី​ល្អ​សម្រាប់​សុខភាព​ស្បែក​និង​ជួយ​ក្នុងការ​សម្រក​ទម្ងន់​ហើយ​នោះ ការទទួល​ទាន​ទឹក​ខណៈ​នេះ​ក៏​ជួយ​ជំរុញ​មុខងារ​ត្រឹមត្រូវ​នៃ​កោសិកា​ដែល​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​កាន់​តែមាន​ភាពប្រសើ​រ​ឡើង​ផងដែរ​។

២. ធ្វើ​លំ​ហាត់ប្រាណ​

​ធ្លាប់​ដឹង​ទេ​ថា​ការហាត់​ប្រាណ​មិនមែន​ចាំបាច់​តែ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ឡើយ​? ក៏​ព្រោះ​ជាក់ស្ដែង​ការហាត់​ប្រាណ គឺ​សំខាន់​សម្រាប់​គ្រប់គ្នា​ដែល​ចង់​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​។ យោងតាម​វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ ឬ​កាឡូរី​ដែល​លើស​ចេញពី​រាងកាយ​ឡើយ ប៉ុន្តែ​ក៏​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទប់ស្កាត់​បញ្ហា​ជំងឺ​ផ្សេងៗ និង​បន្សាប​ជាតិពុល​ផងដែរ​។  ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់ ១ ម៉ោង​ក្នុង​មួយថ្ងៃ​។​

៣. ទទួលទាន​អាហារ​សុខភាព​

​ការប្រកាន់​ខ្ជាប់​របប​អាហារ​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាងកាយ​រឹងមាំ​ទប់ស្កាត់​ជំងឺ​។ ដូច្នេះ​ចូរ​ព្យាយាម​ចាប់ផ្ដើម​រៀបចំ​ទទួលទាន​អាហារ​សុខភាព​ល្អ​យ៉ាងហោចណាស់​បាន ១ ដង​ក្នុង​មួយថ្ងៃ​។

៤. ធ្វើ​សមាធិ​

​ភាគច្រើន​នៃ​ពួកយើង​មាន​អារម្មណ៍​ថា​ហត់​ខ្លាំង​ក៏​ព្រោះតែ​ចិត្ត​ចេះតែ​គិត​។ ការធ្វើ​សមាធិ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ភាព​ស្ងប់​សុខ​ក្នុង​ចិត្ត​និង​កាត់បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​ប្រសើរ​។ ចូរ​ចំណាយពេល​ពី ១០ ទៅ ១៥ នាទី​ក្នុង​មួយថ្ងៃ​ទៅ​អង្គុយ​កន្លែង​ស្ងាត់ ហើយ​ធ្វើការ​សមាធិ​ផ្ដោតអារម្មណ៍​លើ​ការដកដង្ហើម​ចេញចូល​មួយៗ​ជ្រៅ​បណ្ដោយ​ចិត្ត​។​

៥. ដើរ​

​ការដើរ គឺជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​និង​ងាយស្រួល​បំផុត​មួយ​ដើម្បី​រក្សាបាន​នូវ​សុខភាព​រឹងមាំ​ចៀស​ផុតពី​ជំងឺ​សាហាវៗ​។ ដូច្នេះ​អ្នក​គួរ​ដើរ​ជាប្រចាំ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់​ពី ១៥ ទៅ ៣០ នាទី​ក្នុង​មួយថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com