ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូលចិត្ត​ញ៉ាំ “​ខ្នុរ​” អត់​? ឆ្ងាញ់​ហើយ​ល្អ​ខ្លាំង​ចំពោះ​សុខភាព​ទៀត​
20, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្នុរ​ជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឈ្ងុយ​នៅពេល​ទុំ ហើយ​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ទទួលទាន​ផ្លែឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ទេ​ថា ខ្នុរ​អាច​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​សុខភាព​រាងកាយ​។​



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ផ្លែ​ខ្នុរ​ក្នុង​កម្រិត​មធ្យម ៖

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​

​ផ្លែ​ខ្នុរ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A វីតាមីន B និង C ដែល​ជួយ​ក្នុងការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​កាន់តែ​រឹងមាំ​មាន​លក្ខណៈ​ប្រសើរឡើង​។ ដូច្នេះ​វា​កាត់បន្ថយ​ហានិភ័យ​នៃ​មេរោគ​ឆ្លង​ទូទៅ​។​

២. សុខភាព​ឆ្អឹង​

​ផ្លែ​ខ្នុរ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែល​ជួយ​ពង្រឹង និង​លើកកម្ពស់​សុខភាព​ឆ្អឹង​ល្អ​រឹងមាំ​ទប់ស្កាត់​បញ្ហា​ឆ្អឹង​ផ្សេងៗ រួមទាំង​ជំងឺ​ពុក​ឆ្អឹង​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង និង​កាត់បន្ថយ​ការបាត់បង់​ជាតិ​កាល់ស្យូម​តាមរយៈ​តម្រងនោម​ផងដែរ​។​

៣. សម្រួល​ដល់​ការរំលាយ​អាហារ​

​នោះ​ក៏​ព្រោះតែ​ផ្លែ​ខ្នុរ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary fiber ដែល​ជួយ​សម្រួល​ការរំលាយ​អាហារ​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។​

៤. បង្កើន​ថាមពល​រាងកាយ​តាមបែប​ធម្មជាតិ​

​ផ្លែ​ខ្នុរ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ fructose និង sucrose ដែល​ផ្ដល់នូវ​អ្នក​នូវ​ថាមពល​បន្ថែម​ភ្លាមៗ​។​

៥. ទប់ស្កាត់​ជំងឺ​បេះដូង​

​នោះ​ក៏​ព្រោះតែ​ផ្លែ​ខ្នុរ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន  B6 ដែលមាន​ប្រសិទ្ធិភាព​កាត់បន្ថយ​កម្រិត homocystei ក្នុង​ឈាម​។ Homocystein ជា​សារធាតុ​ដែល​បង្កបញ្ហា​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​។​

៦. បញ្ចុះ​សម្ពាធ​ឈាម​

​ខ្នុរ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ហើយ​ការរក្សាបាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី​នឹងធ្វើ​ឱ្យ​អ្នក​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​លើស​សម្ពាធ​ឈាម​។​

៧. ទប់ស្កាត់​ជំងឺមហារីក​

​ខ្នុរ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phyto-nutrients ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺមហារីក​តាមរយៈ​ការ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺ​ចេញពី​រាងកាយ​។​

៨. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​

​ផ្លែ​ខ្នុរ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ folate និង​ជាតិ​ដែក​ដែល​ចាំបាច់​ក្នុងការ​រក្សាបាន​នូវ​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន ហើយ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក ឬ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com