អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដី​នៅ​កាលី​ម៉ាន់​តាន់​ឡើងថ្លៃ ក្រោយ​មេដឹកនាំ​ឥណ្ឌូណេស៊ី​ប្រកាស​រើ​រដ្ឋធានី​ពី​ហ្សា​ការ​តា​
19, Sep 2019 , 10:16 am        
រូបភាព
ទន្លេ Mahakam ក្នុងទីក្រុង Samrinda នៃខេត្ត កាលីម៉ានតានខាងកើត (Reuters)
ទន្លេ Mahakam ក្នុងទីក្រុង Samrinda នៃខេត្ត កាលីម៉ានតានខាងកើត (Reuters)
ដោយ:
​ចាប់តាំងពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​ដូ វី​ដូ​ដូ បានប្រកាស​ផ្លាស់ប្តូរ​រដ្ឋធានី​ពី​ហ្សា​ការ​តា​ទៅកាន់​ខេត្ត​កាលី​ម៉ាន់​តាន់​ខាងកើត (East Kalimantan) លើ​កោះ​ប័​រ​ណេ​អូ​កាលពី​ចុងខែ​សីហា​មក  លោក ស៊ី​ក​បុក​ឌី​ន (Sikbukdin) ទទួល​ការហៅ​ចូល​តាម​ទូរ​សព្ទ​ពី​មនុស្ស​ចម្លែក​យ៉ាងតិច ៥​នាក់ ដោយ​ពួកគេ​សាកសួរ​ថា​តើ​លោក​ចាប់អារម្មណ៍​ក្នុង​ការលក់​ដី​របស់លោក​ឬទេ​។ 



«​ខ្ញុំ ប្រាប់​ពួកគេ​ថា ទេ​! ខ្ញុំ​មិនមាន​បំណង​លក់​ដី​ខ្ញុំ​ឡើយ​។ ដី​នេះ គឺ​សម្រាប់​កូនៗ​របស់ខ្ញុំ​»​។ បុរស​វ័យ ៥៦​ឆ្នាំ ដែលជា​ប្រធាន​កុលសម្ព័ន្ធ​មួយ​ឈ្មោះថា Paser Balik លើកឡើង​បែបនេះ​។  តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក ស៊ី​ក​បុក​ឌី​ន អះអាង​ទៀតថា ភ្នាក់ងារ​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន​ទាំង​ក្នុង​ខេត្ត​កាលី​ម៉ាន​តាន់ និង​ក្រុង​ហ្សា​ការ​តា សុទ្ធតែ​បានមក​ទាក់ទង​លោក ហើយ​ពួកគេ គឺមាន​ចរិត​ហិង្សា​ខ្លាំងណាស់​។

​តាម​ការបញ្ជាក់​របស់​ប្រជាជន​រស់នៅ​ខេត្ត កាលី​ម៉ាន​តាន​ខាងកើត តម្លៃ​ដី​ក្នុង​សង្កាត់​ចំនួន ២ ដូចជា Penajam Paser Utara និង Kutai Kertanegara ដែល​នឹង​ក្លាយជា​ទីតាំង​នៃ​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី បាន​ហក់​ឡើង​ភ្លាមៗ បន្ទាប់ពី​ការប្រកាស​របស់លោក​ប្រធានាធិបតី វី​ដូ​ដូ ។ ទន្ទឹមនេះ ក្រុម​អ្នក​ភ្នាក់ងារ​អភិវឌ្ឍន៍​អចលនទ្រព្យ កំពុង​ដុតដៃដុតជើង​បញ្ចុះបញ្ចូល​ប្រជាជន​រស់នៅ​ទីនោះ​ឲ្យ​លក់​ដី​។

​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ប្តេជ្ញាចិត្ត​ផ្លាស់ប្តូរ​រដ្ឋធានី​បច្ចុប្បន្ន​ខ្លួន គឺ​ទីក្រុង ហ្សា​ការ​តា ព្រោះថា​ទីក្រុង​នេះ​ពោរពេញ​ដោយ​ការបំពុល និង​ជាទី​ក្រុង​លិច​ទឹក​លឿន​រហ័ស​បំផុត​មួយ​ក្នុង​ពិភពលោក​។ មាន​ប្រជាជន​រស់នៅ​ជាង​១០​លាន​នាក់ គួបផ្សំ​នឹង​មនុស្ស​៣០​លាន​នាក់​ផ្សេងទៀត ដែល​រស់នៅ​ហ៊ុមព័ទ្ធ​ទីក្រុង​នេះ ហើយ​តែង​ធ្វើដំណើរ​ទៅ​ប្រកបការងារ​នៅ​ក្រុង​ហ្សា​ការ​តា​ផង​នោះ វា​បង្ក​ជាការ​កកស្ទះ​យ៉ាងធ្ងន់ធ្ងរ​។ គេ​ប៉ាន់​ស្មានថា បញ្ហា​ដ៏​ស្មុគស្មាញ​នេះ ធ្វើ​ឲ្យ​ក្រុង​ហ្សា​ការ​តា​ខាតបង់​៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។

​បើ​ប្រៀបធៀប​គ្នា​វិញ​នោះ ខេត្ត​កាលី​ម៉ាន់​តាន់​ខាងកើត ពុំ​សូវ​រង​ផលប៉ះពាល់​ច្រើន​ពី​គ្រោះមហន្តរាយធម្មជាតិ​ដូច​ទីក្រុង ហ្សា​កាតារ ហើយ​មាន​ប្រជាជន​រស់នៅ​ត្រឹមតែ ៣,៥​លាន​នាក់​ប៉ុណ្ណោះ​។ ទាក់ទិន​នឹង​គម្រោង​រើ​រដ្ឋធានី​ចេញពី​ហ្សា​ការ​តា​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី សង្ឃឹមថា​អាច​ពង្រីក​ការអភិវឌ្ឍ​ទៅ​តំបន់​ផ្សេង ដែល​ពុំមែន​ផ្តោត​តែ​ទៅលើ​កោះ ជ្វា ។​

​ប្រសិនបើ សភា​ឥណ្ឌូណេស៊ី ផ្តល់​ភ្លើង​បៃតង​ដល់​សំណើ​របស់លោក​ប្រធានាធិបតី ចូ​កូ​វី មែន​នោះ រដ្ឋាភិបាល នឹង​ចាប់ផ្តើម​ការសាងសង់រ​ដ្ឋ​ធានី​ថ្មី នា​ឆ្នាំ​២០២០ លើ​ផ្ទៃដី ៤​ម៉ឺន​ហិកតា  ហើយ​រើ​ការិយាល័យ​រដ្ឋបាល​ខ្លួន​ទៅកាន់​ទីនេះ នា​ឆ្នាំ​២០២៤​។ តាម​ការគ្រោងទុក មន្ត្រី​សាធារណៈ​ប្រមាណ ១,៥​លាន​នាក់ នឹង​ផ្លាស់ប្តូរ​មក​ធ្វើការ​នៅ​រដ្ឋធានី​ថ្មី​ផងដែរ​។


ទិដ្ឋភាពដីទំនេរជាច្រើន នៅសង្កាត់ Penajam Paser Utara (CNA)

​មែនទែនទៅ ផែនការ​រើ​ទីតាំង​រដ្ឋធានី​ថ្មី​នេះ បង្កើត​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​ខ្លះ ជាពិសេស សក្ដានុពល​ដែល​វា​នាំមក​សម្រាប់​តម្លៃ​ដី ប៉ុន្តែ​ពុំមែន​សម្រាប់​អនាគត​នៃ​ទីក្រុង​នេះឡើយ​។ ត្រង់នេះ គឺ​សំដៅលើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ព្រោះតែ​កាលានុវត្តភាព​ដ៏​ច្រើន​សន្ធឹកសន្ធាប់ មកពី​ការកសាង​រដ្ឋធានី​ថ្មី​ក្នុង​ខេត្ត​មួយ ដែល​បច្ចុប្បន្ន​គ្របដណ្តប់​ទៅដោយ​ព្រៃ​។

​យ៉ាងណាមិញ អ្នកខ្លះ ក៏មាន​មន្ទិលសង្ស័យ​ពី​គំនិត​ផ្តួចផ្តើម​ដ៏​មាន​មហិច្ឆតា​របស់​រដ្ឋាភិបាល​កណ្តាល​ឥណ្ឌូណេស៊ី​ផងដែរ ដោយ​អះអាងថា ដំណើរការ​នៃ​ការផ្លាស់ប្តូរ​រដ្ឋធានី ពុំមែន​ជា​រឿង​ងាយស្រួល​ឡើយ​។  ប្រជាជន​ដែល​រស់នៅ​ខេត្ត​កាលី​ម៉ាន់​តាន់​ខាងកើត បាន​លើក​ឧទាហរណ៍​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ប្រវែង ៩៩​គីឡូម៉ែត្រ​ដ៏​យឺតយ៉ាវ​មួយ ដែល​ភ្ជាប់​ក្រុង Balikpapan ទៅ Samarinda​។ វា​បានចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​២០១១ ហើយ​ក្រោយ​ប្រើពេល​ជិត​១០​ឆ្នាំ​មក ចុងក្រោយ រដ្ឋាភិបាល​បានសម្រេច​ចិត្ត​កំណត់ពេល​បើក​ឲ្យ​ប្រើប្រាស់ នៅមុន​ដំណាច់ឆ្នាំ​២០១៩​នេះ​។​
 
​ដី​ឡើងថ្លៃ​យ៉ាងគំហុក

​រដ្ឋាភិបាល បាន​អះអាងថា ខ្លួន​កាន់កាប់​ដី​ចំនួន ១៨​ម៉ឺន​ហិកតា​ត្រៀម​ទុក​សម្រាប់​កសាង​រដ្ឋធានី​ថ្មី ដែល​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។ តំបន់​នេះ មាន​ទីតាំង​នៅក្បែរ​ទីក្រុង​សម្បូរ​ប្រេង Balikpapn  និង​ក្រុង Samarinda (​រដ្ឋធានី​នៃ​ខេត្ត កាលី​ម៉ាន់​តាន់​ខាងកើត​) ។

​ស្លាក​សញ្ញា សរសេរថា «​ទ្រព្យសម្បត្តិ​សម្រាប់​លក់​» ត្រូវគេ​ប្រទះឃើញ​នៅតាម​បណ្តា​យ​ផ្លូវ​ពី​សង្កាត់ Panajam Paser Utara និង Kutai Kartanegara​។ វាទី​ដែល​នឹង​ក្លាយជា​រដ្ឋធានី​ឥណ្ឌូណេស៊ី​ថ្មី​។ បុរស​ម្នាក់ ដែល​លើក​ស្លាក​សញ្ញា​លក់​ដី​នេះ ប៉ុន្តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ថា លោក​លក់​ដី​ក្នុង​១​ហិកតា តម្លៃ ១,២​ពាន់​លាន​រូពី ឬ​ស្មើនឹង​៨៥២១០​ដុល្លារ​។

​មនុស្ស​គ្រប់គ្នា​កំពុង​ដំឡើងថ្លៃ​ដី​របស់​ពួកគេ​។ ដំបូង​ឡើយ វា​មានតម្លៃ ១២៦​លាន​រូពី​ប៉ុណ្ណោះ (​ជិត​៩​ពាន់​ដុល្លារ​) ក្នុង​១​ហិកតា ។ លោក លើកឡើង​បែបនេះ ដោយ​បន្ថែមថា លោក​ពុំមាន​ឯកសារ​ស្របច្បាប់​បញ្ជាក់​កម្មសិទ្ធិ​លើ​ដីធ្លី​របស់លោក​ឡើយ​។

​បុរស​ជា​ម្ចាស់​ហាង​អាហារ​មួយកន្លែង​ក្នុង​សង្កាត់ Panajam Paser Utara ឈ្មោះថា Eko បាន​និយាយថា ជា​រៀងរាល់ថ្ងៃ អតិថិជន​លោក នាំគ្នា​ជជែក​តែ​រឿង​តម្លៃ​ដី​។ លោក ក៏​យល់ឃើញថា តម្លៃ​ដី​កើនឡើង​យ៉ាងខ្លាំង ចាប់តាំងពី​លោក​ប្រធានាធិបតី​បានប្រកាស​នឹង​រើ​រដ្ឋធានី​ទៅកាន់​ខេត្ត​កាលី​ម៉ាន​តាន​ខាង​កើតមក​។ លោក អះអាង​បែបនេះ​៖«​ពីមុន ដី​ទំហំ​១​ហិកតា ដាក់លក់​ក្នុងតម្លៃ​ប្រមាណ ៣៥០​លាន​រូពី ប៉ុន្តែ​ឥឡូវនេះ វា​មានតម្លៃ​ដល់​៤​ពាន់​លាន​រូពី​ឯណោះ​»៕

ស្លាកសញ្ញា «ដីសម្រាប់លក់» លើផ្ទះប្រជាជននៅសង្កាត់ Penajam Paser Utara (ទូរទស្សន៍ CNA)


Tag:
 ឥណ្ឌូណេស៊ី
  រដ្ឋធានី​
  ហ្សា​រកា​តា​
© រក្សាសិទ្ធិដោយ thmeythmey.com