Paris Saint-Germain បានយកឈ្នះម្ចាស់ជើងឯកច្រើនជាងគេ Real Madrid ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុពូល A នៃព្រឹត្តិការណ៍ UEFA Champions League នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា។ រីឯជំនួបគួរឲ្យចាប់អារម្មណ៍មួយទៀតរវាង Atletico Madrid និង Juventus គឺបញ្ចប់ទៅដោយលទ្ធផល ២-២។
នាកីឡដ្ឋាន Parc des Princes ក្នុងក្រុងប៉ារីស ខ្សែបម្រើ Angel Di Maria អាចស៊ុតលើក្រុមចាស់របស់ខ្លួនបានដល់ទៅ២គ្រាប់ដែលធ្វើបានក្នុងនាទី១៤ និង៣៣ មុនពេលខ្សែការពារ Thomas Meunier បន្ថែមគ្រាប់ទី៣នៅនាទី៩០ ដើម្បីជួយ PSG យកឈ្នះ Real Madrid ៣-០។
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Thomas Tuchel ក្រុមយក្សបារាំងពិតជាបង្ហាញខ្លួនបានល្អសម្រាប់ជំនួបដំបូងក្នុងក្របខណ្ឌអឺរ៉ុបរដូវកាលនេះ បើទោះគ្មានវត្តមានកីឡាករឆ្នើម៣រូបដូចជា Neymar, Cavani និង Mbappe ក្តី។
ផ្ទុយទៅវិញក្រុមយក្សអេស្ប៉ាញដែលដាក់សុទ្ធតែសមាជិកឆ្នើមៗរួមមាន Eden Hazard, James Rodriguez និង Gareth Bale ជាដើមនោះ មិនបានបង្ហាញអ្វីជាដុំកំភួនអ្វីនោះឡើយសម្រាប់ក្រុមដែលដឹកនាំដោយលោក Zinedine Zidane។
ក្នុងពូល A នេះដែរ ក៏មានការជួបគ្នាមួយគូទៀតដោយម្ចាស់ផ្ទះ Club Brugge បានត្រឹមស្មើជាមួយក្រុមភ្ញៀវ Galatasaray ០-០។ ដូច្នេះក្នុងពូលនេះ PSG ឈរនៅកំពូលតារាងតាមពីក្រោយដោយ Club Brugge និង Galatasaray ខណៈ Real នៅបាតតារាង។