ជាតិ
បុណ្យភ្ជុំបិណ្ឌ
២៥ខេត្ត/រាជធានី
លោក ថោង ខុន បញ្ជា​ឲ្យ​មន្ទីរ​ទេសចរណ៍​រៀបចំ​វត្ត​ទេសចរណ៍​គំរូ​និង​វិថី​ម្ហូបអាហារ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​
19, Sep 2019 , 11:54 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​បញ្ជា​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត រៀបចំ «​វត្ត​ទេសចរណ៍​គំរូ​និង​វិថី​ម្ហូបអាហារ​» ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៩​នេះ​។

 
 
«​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវអនុវត្ត​សារាចរ​ណែនាំ​ស្តីពី ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃទី​២៧-២៩ ខែកញ្ញា ឆ្នាំ​២០១៩ ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រៀបចំ​វត្ត​ទេសចរណ៍​គំរូ​និង​វិថី​ម្ហូបអាហារ​»​។ នេះ​បើតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​បាន​ចុះផ្សាយ​ដែល​លោក ថោង ខុន ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ទេសចរណ៍​រយៈ​ពេល​៩​ខែ ដើមឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ។ 
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បាន​បញ្ជាក់ថា មន្ទីរ​ទេសចរណ៍​រា​ជធានី​-​ខេត្ត ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម អនាម័យ បរិស្ថាន បដិសណ្ឋារកិច្ច នៅតាម​គោល​ដៅ​ទេសចរណ៍​នីមួយៗ និង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ​ឲ្យ​បាន​ហ្មត់ចត់ នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៩​នេះ​៕


 

Tag:
 ទេសចរណ៍​
  ម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com