អន្តរជាតិ
ប្រធានរដ្ឋសភា​អាមេរិក គាំទ្រ​សំណើ​ច្បាប់​ប្រជាធិបតេយ្យ​ហុងកុង
19, Sep 2019 , 11:59 am        
រូបភាព
ប្រធានសភាតំណាងអាមេរិក លោកស្រី Nancy Pelosi នៅថ្ងៃពុធទី ១៨ កញ្ញា បានប្រកាសជំហរគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង
ប្រធានសភាតំណាងអាមេរិក លោកស្រី Nancy Pelosi នៅថ្ងៃពុធទី ១៨ កញ្ញា បានប្រកាសជំហរគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង
ដោយ:
​ប្រធានសភា​តំណាងរាស្ត្រ​អាមេរិក លោកស្រី Nancy Pelosi នៅ​ថ្ងៃទី​១៨ ខែកញ្ញា បានប្រកាស​ជំហរ​គាំទ្រ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ហុងកុង​។ លោកស្រី ប្តេជ្ញា​ដាក់សំណើ​ច្បាប់​នេះ​សម្រាប់​បោះឆ្នោត​ឆាប់ៗ​នេះ​។



​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន អមដោយ​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង Joshua Wong និង Denise Ho លោកស្រី Nacy Pelosi បញ្ជាក់ថា លោកស្រី​នឹងដាក់​សំណើ​ច្បាប់​ហុងកុង​ឆ្នាំ​២០១៩ សម្រាប់​ការបោះឆ្នោត​អនុម័ត​ឲ្យ​បាន​ឆាប់​តាម​ដែល​លោកស្រី​អាចធ្វើ​បាន​។ សកម្មជន​ហុងកុង​ទាំង​២​នាក់​នេះ ទើបតែ​បានផ្តល់​សក្ខីកម្ម​នៅមុខ​គណៈកម្មការ​ប្រតិបត្តិ​ទទួលបន្ទុក​លើ​ចិន​នៃ​សភា​អាមេរិក (CECC) កាលពី​ថ្ងៃ​អង្គារ​ទី​១៧ ខែកញ្ញា ។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់​នេះ កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​ដោយ​គណៈ​កម្ម​ធិ​ការ​កិច្ចការបរទេស​នៃ​សភា​តំណាង​អាមេរិក និង​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​។

​តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post លោកស្រី Pelosi តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ California លើកឡើងថា លោកស្រី​ស្វាគមន៍​ចំពោះ​ការដកហូត​សេចក្តីព្រាង​បត្យាប័ន​របស់​រដ្ឋាភិបាល​ហុងកុង ដែលជា​ការទាមទារ​មួយ​ក្នុងចំណោម​ប្រាំ​របស់​អ្នក​តវ៉ា​នៅ​ហុងកុង ប៉ុន្តែ​វា​ពុំទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ លោកស្រី សង្កត់ធ្ងន់ថា កិច្ចការ​ច្រើន​ទៀត​កំពុង​រង់ចាំ​រដ្ឋាភិបាល​ហុងកុង​បំពេញ ដើម្បី​សម្រេច​បំណង​របស់​ប្រជាជន​ហុងកុង​ក្នុង​ការធានា​ឲ្យ​បាន​នូវ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដែលជា​គោលការណ៍​ស្នូល​នៃ​ទំនាក់ទំនង​របស់​ហុងកុង​ជាមួយ​ចិនដីគោក​។

​តំណាងរាស្ត្រ​មកពី​បក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Texas លោក Michael McCaul ដែល​ឈរ​ក្បែរ​យុវជន​ហុងកុង Wong បានកត់សម្គាល់​ពី​សន្ទុះ​នៃ​ការគាំទ្រ​លើ​សេចក្តីព្រាងច្បាប់​ប្រជាធិបតេយ្យ​ហុងកុង​ក្នុង​សភា​តំណាង ពី​សំណាក់​សមាជិកសភា​មកពី​គណបក្ស​ធំៗ​ទាំងពីរ​របស់​សហរ​ដ្ឋ​អាមេរិក​។ លោក បញ្ជាក់ថា គណៈកម្មាធិការ​សភា​តំណាង​អាមេរិក ដាក់​គោលដៅ​បញ្ចប់​សេចក្តីព្រាងច្បាប់​នេះ នា​សប្តាហ៍​ក្រោយ ទើប​លោកស្រី​ប្រធានសភា Pelosi អាច​ហៅ​សម្រាប់​ការបោះឆ្នោត​បាន​។​

​និយាយ​ដល់​ការតវ៉ា​នៅមុខ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ក្រុង​ហុងកុង កាលពី​ដើមខែ​នេះ ពី​សំណាក់​ប្រជាជន​ហុងកុង ដោយ​ពួកគេ​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​គាំទ្រ​ខ្លួន តាមរយៈ​ការចាត់វិធានការ​ការ​ទូត​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង លោក McCaul លើកឡើងថា​៖«​នេះ​ជាការ​ប្រយុទ្ធ​គ្នា​រវាង​លទ្ធិប្រជាធិបតេយ្យ និង​របប​ផ្តាច់ការ​, សេរីភាព និង​ការគាបសង្កត់​»​។ លោក សង្កត់ធ្ងន់ថា ពិភពលោក​នឹងមិន​ឱបដៃ​ឈរ​មើល ខណៈ​បក្ស​កុម្មុយនីស្ត​ចិន​បន្ត​រំលោភសិទ្ធិ​មនុស្ស​ឡើយ​។ 

​សំណើ​ច្បាប់ ដែល​ផ្តួចផ្តើមឡើង​ដោយ​តំណាងរាស្ត្រ​មកពី​បក្ស​សាធារណរដ្ឋ លោក Chris Smith ក្នុង​សភា​តំណាង​អាមេរិក និង​លោក Marco Rubi ក្នុង​ព្រឹទ្ធសភា នឹង​ក្លាយជា​ការធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​គោលនយោបាយ​អាមេរិក​-​ហុងកុង​ឆ្នាំ​១៩៩២​។ ដូច​បានចែង ច្បាប់​នេះ រក្សា​ការធ្វើ​អាជីវកម្ម​របស់​អាមេរិក និង​ចំណងទាក់ទង​ផ្សេងទៀត​ក្នុង​ទីក្រុង​ហុងកុង​ដោយ​គ្មាន​ប្រែប្រួល បន្ទាប់ពី​ចក្រភព​អង់គ្លេស​បានប្រគល់​ហុង​កុង​ឲ្យ​ចិន​កាលពី​ឆ្នាំ​១៩៩៧​។ លើសពីនេះ បើ​ចូល​ជា​ធរមាន​មែន​នោះ សេចក្តីព្រាងច្បាប់​ហុងកុង​នេះដែរ ក៏​តម្រូវ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន ដែល​ទទួលខុសត្រូវ​សម្រាប់​ការបំផ្លាញ​សេរីភាព​មូលដ្ឋាន​ក្នុង​ក្រុង​ហុងកុង​។

​និយាយ​ដល់​ដំណើរការ​នៃ​ការអនុម័ត​ច្បាប់​នេះ​។ ប្រសិនបើ​ប្រធានសភា​តំណាង និង​ប្រធានព្រឹទ្ធសភា​អាមេរិក​ដាក់សំណើ​ច្បាប់​នេះ​សម្រាប់​បោះឆ្នោត​មែន​នោះ ពួកគេ នឹង​ត្រូវការ​សំឡេងឆ្នោត ២១៨​សំឡេង​ក្នុង​សភា​តំណាង និង ៥១​សំឡេង​ក្នុង​ព្រឹទ្ធសភា​។ ក្រោយ​វា​ត្រូវបាន​អនុម័ត​រួចរាល់​ដោយ​សភា​តំណាង និង​ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់​នេះ នឹង​ទៅ​ដល់ដៃ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែលមាន​សមត្ថកិច្ច​ចុងក្រោយ​ដើម្បី​ចុះហត្ថលេខា​អនុម័ត​វា​ឲ្យ​ទៅ​ច្បាប់​។

​ភ្លាមៗ​ក្រោយ​សកម្មជន​ហុងកុង យុវជន Wong និង​តារាចម្រៀង​ហុងកុង Ho បានផ្តល់​សក្ខីកម្ម​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ប៉េកាំង តាមរយៈ​ក្រសួងការបរទេស បាន​ព្រមាន​ប្រឆាំង​កិច្ចប្រឹងប្រែង​ណាមួយ​ដែល​បង្ក​ច​លា​ច​ល​ដល់ទី​ក្រុង​ហុងកុង ជាមួយ​ការគាំទ្រ​ពី​បរទេស​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang ក៏​លើកឡើង​ជាថ្មី​ថា សហរដ្ឋអាមេរិក ពុំគួរ​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​ឡើយ​៕

Tag:
 សហរដ្ឋអាមេរិក​
  ហុងកុង​
  ចិន​
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com