អន្តរជាតិ
លោក ត្រាំ តែងតាំងប្រេសិតកិច្ចការចំណាប់ខ្មាំងជាទីប្រឹក្សាសន្តិសុខជំនួសលោក ប៊ូលតុន លោកប្រធានាធិបតី ដូណាល់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិថ្មី Robert O'Brien ។ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ ខែកញ្ញា បានប្រកាសតែងតាំងលោក Robert O'Brien ដែលជាប្រេសិតដោះស្រាយចំណាប់ខ្មាំង ជាទីប្រឹក្សាសន្តិសុខជាតិថ្មី។ លោក Robert O'Brien នឹងជំនួសតំណែងលោក ចន ប៊ូលតុន ដែលត្រូវបញ្ចប់តំណែងដោយមានជំហរមិនគ្នាជាមួយប្រធានាធិបតីលើបញ្ហាជាច្រើនដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម។ លោក ត្រាំ រំពឹងថា ទីប្រឹក្សាសន្តិសុខជាតិថ្មីនេះ នឹងធ្វើការបានល្អ។
លោក Robert O'Brien គឺជាទីប្រឹក្សាសន្តិសុខជាតិទីបួនហើយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងឆ្នាំទីពីរនៃអំណាច។ ទីប្រឹក្សាសន្តិសុខជាតិដំបូង គឺលោក Michael Flynn ទីពីរគឺលោក HR. McMaster និងទីបីលោក ចន ប៊ូលតុន ដែលទើបត្រូវបានលោក ត្រាំ បណ្ដេញចេញពីតំណែងប៉ុន្មានមកនេះ តែសាមីខ្លួនថា លោកសុំលាលែងដោយខ្លួនឯងប៉ុណ្ណោះ។ ការប្រកាន់ជំហរតឹងរ៉ឹងបញ្ហាអ៊ីរ៉ង់ នុយក្លេអ៊ែរកូរ៉េខាងជើង និងអាហ្វហ្គានីស្ថាន ជាមូលហេតុដែលលោក ប៊ូលតុន អស់តំណែង។
ដកអ្នកកាចដាក់អ្នកស្លូត! វត្តមានលោក O'Brien ដែលជាប្រេសិតប្រធានាធិបតីទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង អាចធ្វើឲ្យគោលនយោបាយរដ្ឋបាលលោក ត្រាំ មិនសូវកាចដូចជំនាន់លោក ប៊ូលតុន ។ លោក ប៊ូលតុន ត្រូវបានគេចាត់ទុកជាមន្ត្រីដែលមាននិន្នាការប្រើធម៌ក្ដៅ ហើយគេក៏ឃើញមានភស្តុតាងច្រើនហើយដែរក្នុងគោលនយោបាយការបរទេសអាមេរិកដូចជា ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងពីសន្ធិសញ្ញាហាមឃាត់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមជាមួយរុស្ស៊ីជាដើម។
លោក ត្រាំ ធ្លាប់និយាយថា លោក ប៊ូលតុន មិនត្រូវគ្នាជាមួយមន្ត្រីឯទៀតក្នុងរដ្ឋបាលរបស់លោក ហើយក៏មានជំហរខុសគេលើគោលនយោបាយអាមេរិកសព្វថ្ងៃដែរ។ ខុសពីលោក ប៊ូលតុន ដែលមិនសូវត្រូវគ្នាជាមួយមន្ត្រីក្រោមឱវាទលោក ត្រាំ ដទៃទៀត លោក O'Brien ទទួលតំណែងទីប្រឹក្សានេះ ដោយមានការគាំទ្រខ្លាំងពីសំណាក់រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ និងសមាជិកធំៗបក្សសាធារណរដ្ឋដទៃទៀត។
នៅលើ Twitter របស់ខ្លួន លោក ត្រាំ និយាយថា លោកធ្លាប់ធ្វើការជាមួយលោក O'Brien ហើយគេនឹងធ្វើការដ៏អស្ចារ្យ។ បើតាមកាសែត The New York Times លោក ត្រាំ ពេញចិត្តការងាររបស់លោក O'Brien ក្នុងរយៈពេលកន្លងមក ដោយបានចរចាឲ្យមានការដោះលែងជនជាតិអាមេរិកនៅតួកគី និងកូរ៉េខាងជើងជាដើម។
កិច្ចបន្ទាន់របស់លោក O'Brien គឺបញ្ហាជាមួយអ៊ីរ៉ង់ដែលកំពុងឡើងកម្ដៅក្រោយការវាយប្រហារលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត។ លោក ត្រាំ ចោទទីក្រុងតេហេរ៉ង់ថា នៅពីក្រោយហេតុការណ៍នេះ ទោះក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន ប្រកាសទទួលខុសត្រូវក៏ដោយចុះ។ ការចរចារំសាយនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងដែលជាប់គាំង និងការដកទ័ពពីអាហ្វហ្កានីស្ថាន ក៏ជាសំណុំរឿងរង់ចាំដំណោះស្រាយសមស្របដែរ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
ចន ប៊ូលតុន
Robert O\'Brien
© រក្សាសិទ្ធិដោយ thmeythmey.com