អន្តរជាតិ
លោក ត្រាំ ថា មាន​ជម្រើស​មួយចំនួន​ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​
19, Sep 2019 , 2:48 pm        
រូបភាព
បំណែកយន្តហោះដ្រូន និងមីស៊ីល ដែលបានវាយប្រហារលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត, រូបភាព (Reuters)
បំណែកយន្តហោះដ្រូន និងមីស៊ីល ដែលបានវាយប្រហារលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត, រូបភាព (Reuters)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៨ ខែកញ្ញា បាន​លើកឡើងថា ទីក្រុង​វ៉ាស៊ីនតោន​មាន​ជម្រើស​មួយចំនួន​ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​។ ការអះអាង​បែបនេះ គឺ​បន្ទាប់ពី​សម្ពន្ធមិត្ត​រប​ស់​ខ្លួន​អា​រ៉ា​ប៊ី​សា​អូឌីត​បានដាក់​តាំង​បំណែក​យន្តហោះ​ដ្រូ​ន និង​មី​ស៊ី​ល ដែល​ជឿថា វា​ជា​អាវុធ​របស់​អ៊ីរ៉ង់ ហើយ​បាន​ឧបត្ថម្ភ​ទៅ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​។



​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង Los Angeles ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយថា អាមេរិក​មាន​ជម្រើស​ខ្លះ​ដែរ បើ​ពិតជា​ត្រូវធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ដោយសារ​ហេតុការណ៍​វាយប្រហារ​រោងចក្រ​ផលិត​ប្រេង​ដ៏​ធំ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​មែន​នោះ​។ លោក​មិន​បញ្ជាក់​ពី​ជម្រើស​អ្វី​ទេ គ្រាន់តែ​ថា នឹង​ឃើញ​នៅពេល​ខាងមុខ​។ ក្នុងន័យ​ជម្រើស​ចុងក្រោយ​នេះ មេដឹកនាំ​អាមេរិក​រូបនេះ សំដៅ​ទៅដល់​ការធ្វើ​សង្គ្រាម​ជាមួយនឹង​អ៊ីរ៉ង់​តែម្ដង ខណៈ​រី​យ៉ា​ដ​ក៏​ចង្អុលមុខ​តេ​ហេ​រ៉ង់​ថា នៅ​ពីក្រោយ​ហេតុការណ៍​នោះដែរ​។​

​នៅលើ​បណ្ដាញ​សង្គម Twitter បន្ថែម​ពី​ការលើកឡើង​ពី​ជម្រើស​ដែល​ត្រូវ​តបត​ទៅ​អ៊ីរ៉ង់​វិញ​នោះ លោក ត្រាំ ក៏បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែមទៀត​ទៅលើ​អ៊ីរ៉ង់​ក្នុង​រយៈពេល ២៤​ម៉ោង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ទៅដល់​ទីក្រុង​រី​យ៉ា​ដ​ដើម្បី​ជជែក​ពី​ជាមួយ​ក្បាលម៉ាស៊ីន​ដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​ពី​វិធានការ​បន្ទាប់​។ លោក ប៉ុ​ម​ប៉េ​អូ បាន​ហៅ​ទង្វើ​របស់​អ៊ី​រ៉​អង់​ថា «​សកម្មភាព​សង្គ្រាម​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​នៅ​ថ្ងៃទី​១៨ ខែកញ្ញា អា​រ៉ា​ប៊ី​សា​អូឌីត បំណែក​យន្តហោះ​ដ្រូ​ន និង​មី​ស៊ី​ល​ដែល​បាន​វាយប្រហារ​រោងចក្រ​ក្រុមហ៊ុន Aramco កាលពី​ចុង​សប្ដាហ៍​មុន​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​លោក​វរសេនីយ៍ Turki al-Malki បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា យន្តហោះ​ដ្រូ​ន និង​មី​ស៊ី​ល​ទាំងអស់​គឺ​២៥​គ្រឿង ដែល​ត្រូវបាន​វាយប្រហារ​លើ​រោងចក្រ​ប្រេង ហើយ​វា​ជាការ​ឧបត្ថម្ភ​ដោយ​សំណាក់​ទីក្រុង​តេ​ហេ​រ៉ង់​។​

​ដើម្បី​ការពារ​ខ្លួន និង​រុញ​កំហុស​ទៅ​ក្រុម​ឧទ្ទាម​នៅក្នុង​យេ​ម៉ែន លោក​ប្រធានាធិបតី Hassan Rouhani បានបញ្ជាក់​ជាថ្មី​ថា អាមេរិក​ចង់​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​តាមរយៈ​ការមូល​បង្កាច់​។ ប៉ុន្តែ​អ៊ីរ៉ង់​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នៅក្នុង​តំបន់​ឡើយ ហើយ​នរណា​ជា​អ្នក​ចាប់ផ្តើម​ជម្លោះ​មួយ​នេះ​? នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​សូមបញ្ជាក់ថា ការវាយប្រហារ​នៅ​រោងចក្រ​ផលិត​ប្រេង​របស់​អ៊ីរ៉ង់​លើក​នេះ​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស់​យ៉ាងខ្លាំង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​វា​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​នៅលើ​ពិភពលោក​កើនឡើង​ប្រមាណ​ជា ១៩​ភាគរយ និង​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ​នៅលើ​ពិភពលោក​ប្រហែលជា​៥​ភាគរយ​៕


Tag:
 អាមេរិក​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com