កីឡាអន្តរជាតិ
អន្តរជាតិ
Ricksen វីរបុរស​ក្លិប Rangers ដែល​និយាយ​មិនកើត ដើរ​មិន​រួច ស្លាប់​នៅ​អាយុ​៤៣​ឆ្នាំ
19, Sep 2019 , 3:23 pm        
រូបភាព
​វីរបុរស​ក្រុមកីឡា​បាល់ទាត់ Rangers លោក Fernando Ricksen ដែលមាន​ជំងឺ​កោសិកា​ប្រសាទ (MND) រ៉ាំរ៉ៃ​តាំង​រយៈពេល​៦​ឆ្នាំ បានទទួល​មរណភាព​ហើយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ពោលគឺ​នៅក្នុង​អាយុ​៤៣​ឆ្នាំ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ក្លិប Rangers​។



អត្ថបទទាក់ទង

Ricksen ធ្លាប់បាន​បង្ហាញខ្លួន​ចំនួន​២៥០​ប្រកួត​ឲ្យ Rangers នៃ​លី​គ​កំពូល​ស្កុ​តឡែ​ន​រយៈពេល​៦​ឆ្នាំ ពោល​ចាប់ពី​ឆ្នាំ​២០០០ ដល់ ២០០៦ ដោយ​ជួយ​ក្រុម​ឈ្នះ​ពាន​ក្នុងស្រុក​នេះ​ចំនួន​២​លើក​ផង​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ សុខភាព​របស់​ខ្សែបម្រើ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ធ្លាក់ចុះ​ខ្លាំង​ទៅៗ​ចាប់តាំងពី​ការធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ MND នៅ​រយៈពេល​បី​បួន​ឆ្នាំក្រោយ​។​



​ជំងឺ​កោសិកា​ប្រសាទ (MND) នេះ ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កោសិកា​សរសៃប្រសាទ​រហូត​បណ្តាល​ឲ្យ​សាច់ដុំ​ចុះខ្សោយ ហើយ​បើ​ស្ថានភាព​កាន់តែ​អាក្រក់​នោះ​វា​នឹងធ្វើ​ឲ្យ​អ្នកជំងឺ​ពិការ​តែម្តង​។​

​មុន​ទទួល​មរណា​ភាព Ricksen បាន​តស៊ូ​យ៉ាងខ្លាំង​ក្លា​ដើម្បី​ព្យាបាល​ជំងឺ​នេះ​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ​។ លោក​បានប្រកាស​ប្រាប់​អ្នក​គាំ​ទ្យ​ខ្លួន​ឲ្យ​ចូលរួម​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់លោក​ចុងក្រោយ «Final Night» កាលពី​ថ្ងៃទី​២៨ ខែមិថុនា​កន្លងទៅ តាមរយៈ​ខ្សែ​វីដេអូ​ខ្លី​ដ៏​គួរ​ឲ្យ​សង្វេគ​ដែលមាន​ជំនួយ​ពី​ប្រព័ន្ធ​សំឡេង​កំ​ព្យូ​ទ័​រ (Computer-Generated Voice)​ផង ថា​នឹង​យក​វេលា​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ភាពស្ងប់ស្ងាត់​វិញ​ម្តង​។

Ricksen ស្រក​ទម្ងន់​សល់​តែ​៣៨​គីឡូក្រាម​ប៉ុណ្ណោះ នៅពេល​លោក​សម្រាក​ព្យាបាល​នៅឯ​មន្ទីរ​ព្យាបាល St. Andrew's Hospice ក្នុង​ក្រុង Airdrie ភាគ​ខាងជើង Lanarkshire ប្រទេស​ស្កុ​តឡែ​ន​។ យ៉ាងណា ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក​ទើប​ធ្វើ​ឲ្យ Ricksen មិនអាច​ទ្រាំទ្រ​បាន​រហូត​បាត់​បង់ជីវិត​នៅត្រឹម​វ័យ​៤៣​ឆ្នាំ​។​



​ក្លិប Rangers ដែល​ចាត់ទុក Ricksen ជា​កីឡាករ​សំណព្វចិត្ត​របស់ខ្លួន​នោះបាន​បង្ហាញ​ពី​ការសោកស្តាយ​យ៉ាងខ្លាំង ដោយបាន​ជ្រោមជ្រែង​ប្រកាស​ពី​ការស្លាប់​របស់​អតីត​កីឡាករ​ខ្លួន​ផង​។​

«​នៅពេលនេះ​សមាជិក​ក្រុម Rangers រួមជាមួយ​ប្រពន្ធ​របស់ Ricksen អ្នកស្រី Veronika និង​កូនស្រី Isabella និង​ក្រុមគ្រួសារ មិត្តភក្តិ​ទាំងអស់​មានទុក្ខ​យ៉ាងខ្លាំង​ក្រោយ​មរណភាព​នេះ​»​។ នេះ​ជា​សំណេរ​របស់​ក្លិប Rangers នៅលើ​វេ​ប​សាយ​ផ្ទាល់​របស់​ពួកគេ​។​

Ricksen បានចាប់ផ្តើម​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ចាប់ពី​ឆ្នាំ​១៩៩៤​មក ជាមួយ​ក្លិប Fortuna Sittard, AZ Alkmaar ហើយ​ជោគជ័យ​យ៉ាង​ធំធេង​ជាមួយ​ក្លិប Rangers ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៦​។ រូបគេ​បាន​លេង​ឲ្យ Zenit Saint Petersburg ៣​រដូវ​កាល មុននឹង​ត្រឡប់​ទៅ​ក្លិប​ដើម Fortuna របស់ខ្លួន រហូតដល់​ធ្លាក់ខ្លួន​ឈឺ​នៅ​ឆ្នាំ​២០១៣​។ គេ​ក៏បាន​បង្ហាញខ្លួន​១២​លើក​ឲ្យ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៣​ផងដែរ​៕





Tag:
 Fernando Ricksen
  Rangers
© រក្សាសិទ្ធិដោយ thmeythmey.com