អន្តរជាតិ
អ្នកជំនាញ​របស់​អ​.​ស​.​ប​អំពាវនាវ​ឱ្យមាន​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​កុមារ​និង​ម្តាយ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​
19, Sep 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ស្រ្តីពីរនាក់ ដែលត្រូវបានរាយការណ៍ថា ជា​ប្រពន្ធរបស់ពួករដ្ឋឥស្លាម រង់ចាំជាមួយនឹងស្រ្តី និងកុមារដទៃទៀត នៅ​ជំរំ al-Hol តំបន់ al-Hasakeh ប្រទេសស៊ីរី កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ ស្រ្តីពីរនាក់ ដែលត្រូវបានរាយការណ៍ថា ជា​ប្រពន្ធរបស់ពួករដ្ឋឥស្លាម រង់ចាំជាមួយនឹងស្រ្តី និងកុមារដទៃទៀត នៅ​ជំរំ al-Hol តំបន់ al-Hasakeh ប្រទេសស៊ីរី កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ដោយ: VOA
ហ្សឺ​ណែវ ៖ គណៈកម្មការ​ស៊ើបអង្កេត​របស់​អ​.​ស​.​ប ស្តីពី​ប្រទេស​ស៊ី​រី បានចេញ​ផ្សាយ​របាយការណ៍​ចុងក្រោយ​ខ្លួន ហើយ​ពួកគេ កំពុង​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ធ្វើ​មាតុភូមិនិវត្តន៍ កុមារ​និង​ម្តាយ​រាប់ពាន់នាក់​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​បាន​ហាត់​សមនៅ​ជំរំ​ភៀសខ្លួន Al-Hol របស់​ប្រទេស​ស៊ី​រី​។​

 
​មនុស្ស​ប្រហែល ៧ ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​ដែលមាន​អាយុ​ក្រោម ១២ ឆ្នាំ កំពុងស្នាក់នៅ​ជំរុំ Al-Hol​។ ពួកគេ​បាន​ភៀសខ្លួន​ចេញពី​ទីនោះ​បន្ទាប់ពី​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​រដ្ឋ​ឥស្លាម Deir al-Zor ត្រូវបាន​ក្តោប​ក្តាប់​ដោយ​ក្រុមចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​និង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​ដ ហៅ​កាត់​ថា SDF​។​
 
​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក ៣ នាក់​និយាយថា កុមារ​រាប់ពាន់នាក់​ដែលមាន​អាយុ​លើសពី ១២ ឆ្នាំ​ដែល​ត្រូវបាន​ចាត់ទុកថា ជា​អាយុ​អាច​វាយ​ប្រយុទ្ធ​បាន កំពុង​ត្រូវបាន​ឃុំខ្លួន​ដោយ​ក្រុម SDF នៅ​ទីកន្លែង​ឃុំឃាំង​ដែល​គ្មាន​ទំនាក់​ទំនងជា​មនុស្ស​នៅ​ខាងក្រៅ ។​
 
​លោក Paulo Pinheiro ប្រធាន​គណៈកម្មការ​ស៊ើបអង្កេត​នេះ និយាយថា​ក្មេងៗ​កំពុង​ត្រូវបាន​រក្សាទុក​នៅក្នុង​ទីតាំង​សម្ងាត់​មួយ​ជាមួយ​មនុស្សពេញវ័យ​ដែល​គេ​សង្ស័យថា ជា​អ្នក​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​ឥស្លាម IS ហើយ​ពួកគេ​ស្ថិតនៅក្នុង​ស្ថានភាព​ដែល​អាច​រង​ការធ្វើ​ទារុណកម្ម ឬ ការធ្វើ​បាប​។​
 
​លោក Paulo Pinheiro ថ្លែងថា​៖
 
«​យើង​គិតថា ការកំណត់​អាយុ​ក្រោម​១២​ឆ្នាំនេះ​ចម្លែក​ណាស់​។ ប្រទេស​ជា​សមាជិក​ចំនួន​១៩១ បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​កុមារ​ចាប់ពី​អាយុ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ ពួកគេ​ជា​កុមារ​និង​ជា​ក្មេង​ជំទង់​…​ហើយ​ពួកគេ​ត្រូវបាន​ចាត់ទុកថា​ជា​ភេរវ​ករ​ប្រសិនបើ​ពួកគេ មាន​អាយុ​លើសពី ១២ ឆ្នាំ​។ គណៈកម្មាធិការ​យល់ឃើញ​ថា វា​ជា​អំពើ​ដ៏​គួរ​ឲ្យ​រន្ធត់​»​។​
 
​គណៈកម្មការ​នេះ បាន​ឲ្យ​ដឹងថា ប្រទេស​នានា​មានការ​ភ័យខ្លាច​ចំពោះ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ម្ដាយ ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម IS ។ ក្នុងពេល​ជាមួយគ្នានេះដែរ គណៈកម្មការ​នេះ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ការអនុញ្ញាតឱ្យ​កុមារ​ដែល​កើតចេញពី​ទំនាក់ទំនង​ទាំងនេះ ធំ​ដឹងក្តី​នៅក្នុង​ជំរំ នឹងធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​គ្មាន​ប្រទេស ដែល​ការណ៍​នេះ វា​ជាការ​រំលោភច្បាប់​អន្តរជាតិ​។​
 
​លោក Hanny Megally ដែលជា​សមាជិក​នៃ​គណៈកម្មការ​ស៊ើបអង្កេត​នេះ បាន​ប្រាប់ VOA ថា ហានិភ័យ​នៃ​ការមិនធ្វើ​មាតុភូមិនិវត្តន៍​កុមារ​ទាំងនេះ នឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ពួកគេ និង​សង្គម​ទាំងមូល​។​
 
​លោក Hanny Megally ថ្លែងថា​៖
 
«​នៅ​គ្រា​ដែល​យើង​និយាយថា​យើង​មិន​ត្រឹមតែ​ចង់​កម្ចាត់​ភេរ​វករ​ប្រដាប់អាវុធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​ដើម្បី​ដោះស្រាយ​នូវ​បុព្វហេតុ​នានា​ដែល​នាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើហិង្សា​នោះ យើង​គួរតែ​រក​វិធី​ណា​ដែល​មិន​បង្ក​ទុក្ខលំបាក​ដែល​ក្នុង​ពេលអនាគត​អាចធ្វើ​ឲ្យ​មនុស្ស​មួយ​ជំនាន់​ទៀត​ដែលមាន​ទុក្ខព្រួយ ប្រឆាំងនឹង​នឹង​យើង និង​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​និង​បរិយាកាស​ផ្ទាល់​របស់​ពួកគេ​»​។​
 
​លោក Megally និយាយថា ប្រទេស នានា​គួរតែ​ដកខ្លួន​ឲ្យ​ឆ្ងាយ​ពី​គោលនយោបាយ​ដែល​គាំទ្រ​ការដាក់ទណ្ឌកម្ម​ចំពោះ​អ្នក​ទាំងឡាយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម IS ហើយ​គួរតែ​ឆ្ពោះទៅរក​ការស្តារ​នីតិសម្បទា​វិញ​។ លោក Megally និយាយ ថា​កាលៈទេសៈ​របស់​ប្រជាពលរដ្ឋ​មាន​ភាពខុសៗ​គ្នា​ហើយ​ការណ៍​ដែល​ចាត់ទុក​ពួកគេ​ទាំងអស់​ថា​សុទ្ធតែជា​មនុស្ស​អាក្រក់ វា​គឺជា​កំហុស​ដ៏​ធំ​មួយ​។​
 
​លោក​មានប្រសាសន៍ថា ដំណោះស្រាយ​ល្អ​បំផុត គឺ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​វិលត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ និង​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស​របស់​ពួកគេ​។ លោក​និយាយទៀតថា ប្រទេស​លោកខាងលិច មាន​ប្រព័ន្ធតុលាការ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com