ការអានសៀវភៅគឺល្អសម្រាប់អ្នកហើយមានមនុស្សជោគជ័យជាច្រើនដែលសុទ្ធតែចូលចិត្តអានសៀវភៅ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ក៏ដូចជាការកម្សាន្តនៅពេលទំនេរ។
ទាំងនេះគឺជាហេតុផលទាំង ៥ ដែលអ្នកគួរតែសៀវភៅ៖
អានសៀវភៅធ្វើឲ្យអ្នកអាចរស់នៅបានយូរជាងមុន
តាមការសិក្សារបស់សកលវិទ្យាល័យ Yale បានរកឃើញថា អ្នកចូលចិត្តអានសៀវភៅ គឺអាចរស់នៅវែងជាងអ្នកដែលមិនចូលចិត្តអានសៀវភៅបានពីរឆ្នាំ ព្រោះការអានកាន់តែច្រើនធ្វើឲ្យអ្នកយល់អារម្មណ៍មនុស្សជុំវិញ និងការគ្រប់គ្រងអារម្មណ៍ជាដើម។ បើធៀបទៅនឹងអ្នកមិនចូលចិត្តអានសៀវភៅ អ្នកអានសៀវភៅមានរយៈពេល២៣ ខែរស់នៅវែងជាង។ ប៉ុន្តែវាមិនសូវមានឥទ្ធិពលទេសម្រាប់អ្នកចូលចិត្តអានការសែត ក៏ដូចជាទស្សនាវដ្តី។
អានសៀវភៅធ្វើឲ្យអ្នកស្រូបយកចំណេះដឹងបានច្រើនជាងសៀវភៅអេឡិចត្រូនិច
បន្ថែមពីលើនេះទៅទៀត ការសិក្សារស្រាវជ្រាវមួយពាក់ព័ន្ធនឹងបច្ចេកវិទ្យាបានបង្ហាញថា សិស្សអាចទាញយកចំណេះដឹងបានកាន់តែច្រើនតាមរយៈសៀវភៅ ជាជាងតាមរយៈកញ្ចក់សំភារៈអាឡិចត្រូនិច ដោយសារសិស្សអាចធ្វើការ កាត់ចំណាំ ការគូសចំណាំ និងកត់សម្គាល់បាន។ ជាក់ស្តែងការសិក្សាមួយនៅក្នុងប្រទេសន័រវែស បានបង្ហាញថាសិស្ស ដែលបានអាននៅលើក្រដាស ទទួលបានពិន្ទុល្អលើការប្រលងផ្នែកអានជាងសិស្សអានលើប្រព័ន្ធអេឡិចត្រូនិច។
អភិវឌ្ឍន៍ជំនាញនៅក្នុងពេលអនាគត
ជាការពិត ភស្តុតាងមួយបានបង្ហាញថា ការរស់នៅក្នុងបរិកាស ដែលមានសៀវភៅនៅជុំវិញខ្លួន គឺផ្តល់ផលប្រយោជន៍ឲ្យសម្រេចជោគជ័យក្នុងការសិក្សាបានកាន់តែប្រសើរ។ ផ្នែកទៅតាមការសិក្សាមួយ បានបង្ហាញពីរបៀប ដែលមនុស្សធំឡើងជាមួយនឹងបណ្ណាល័យនៅក្នុងផ្ទះ បានជួយឲ្យពួកគេអាចដោះស្រាយបញ្ហាអក្សរសាស្ត្រ ការគិតលេខ និងបញ្ហាបច្ចេកទេសជាដើម។ ជាការពិត ជំនាញទាំងនេះ គឺជួយក្មេងជាច្រើននៅក្នុងយុគបដិវត្តឧស្សហកម្មលើកទី៤។ ជាឧទាហរណ៍ របាយការណ៍ការងារសម្រាប់អនាគត របស់វេទិការសេដ្ឋកិច្ចពិភពលោក បានបង្ហាញពីតម្រូវការជំនាញទន់។ សម្រាប់ជំនាញនេះទៀតសោត គឺបានតាមរយៈការអានសៀវភៅ។
ការអានជួយឲ្យអ្នកចេះពាក្យពិបាកកាន់តែច្រើន
យ៉ាងណាមិញ ការអានសៀវភៅ វាមិនត្រឹមតែផ្លាស់ប្តូរនូវអារម្មណ៍ និងការយល់ពីមនុស្សនៅជុំវិញខ្លួនទេ ប៉ុន្តែការអានសៀវភៅជួយឲ្យអ្នកពង្រឹងពាក្យ ឬភាសាថែមទៀត។ តាមរយៈរបាយការណ៍របស់សកលវិទ្យាល័យ Oxford បានបង្ហាញភស្តុងតាងថា៖ «ការអានលឺៗ ការពិភាក្សាអំពីការអាន និងបទពិសោធន៍នៃការអានដោយឯករាជ្យនៅសាលា និងនូវផ្ទះ គឺជួយបង្កើនការចេះពាក្យកាន់តែច្រើន»។
ការអានជួយការពារខួរក្បាលអ្នកពីជំងឺភ្លេចភ្លាំង
ជាចុងក្រោយ ការធ្វើលំហាត់ប្រាណខួរក្បាល គឺជួយកាត់បន្ថយនូវជំងឺភ្លេចភ្លាំង។ នេះបើយោងតាមការបកស្រាយរបស់អង្គការ Alzheimer’s Society។ ការស្វែងរកនូវអ្វីថ្មី ដើម្បីប្រកួតប្រជែងជាមួយខួរក្បាលរបស់អ្នក ដូចជាការអានសៀវភៅឲ្យញាប់ញាប់ គឺវាជួយពង្រឹងនូវសមត្ថភាពខួរក្បាលរបស់អ្នកក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺផ្សេងៗជាដើម៕