អន្តរជាតិ
របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ស្នើ​ឲ្យ​អាមេរិក​ស្តារ​ចំណង​ការទូត​ឡើងវិញ​
19, Sep 2019 , 8:39 pm        
រូបភាព
លោកស្រី Delcy Rodriguez  អនុប្រធានាធិបតីវេណេស៊ុយអេឡា (AFP)
លោកស្រី Delcy Rodriguez អនុប្រធានាធិបតីវេណេស៊ុយអេឡា (AFP)
ដោយ:
​រដ្ឋាភិបាល​សង្គមនិយម​របស់​វេ​ណេ​ស៊ុយ​អេ​ឡា បានស្នើ​ឲ្យ​ក្រុង​វ៉ា​ស៊ុន​តោន​ស្តារ​ចំណង​ការទូត​ឡើងវិញ​ជាមួយ បន្ទាប់ពី​ខ្លួន​បាន​បើក​កិច្ចពិភាក្សា​ជាមួយ​បក្សប្រឆាំង​។ វេ​ណេ​ស៊ុយ​អេ​ឡា បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​ស​ហ​រដ្ឋ​អាមេរិក ក្រោយពី​ក្រុង​វ៉ាស៊ីនតោន​បានទទួល​ស្គាល់​មេដឹកនាំ​បក្សប្រឆាំង ហ័ន ក្វៃ​ដូ ជា​ប្រធានាធិបតី​ស្តីទី កាលពី​ថ្ងៃ ២៣ មករា ឆ្នាំ​២០១៩​។



​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋធានី​កា​រ៉ា​កាស នៅ​ថ្ងៃទី​១៨ ខែកញ្ញា អនុ​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោកស្រី Delcy Rodriguez បាន​បញ្ជាក់ថា វា​ជា​រឿង​ត្រឹមត្រូវ​ដែល​សហរដ្ឋអាមេរិក​ប​ង្កើ​ត​ចំណងទាក់ទង​ផ្នែក​ការទូត និង​កិច្ចសន្ទនា​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​។ លោកស្រី បន្តថា ក្រុង​វ៉ាស៊ីនតោន នៅសល់តែ​ជម្រើស​តែមួយ​ប៉ុណ្ណោះ គឺ​ការចរចា និង​ការប្រាស្រ័យ​ទាក់ទង​ការទូត ក្រោយពី​បរាជ័យ​ទម្លាក់​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ពី​អំណាច​។

​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ និង​ឧស្សាហកម្ម​ប្រេង​ដែលជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រទេស​នេះ​។  សហរដ្ឋអាមេរិក បាន​ទម្លាក់កំហុស​មេដឹកនាំ​សង្គមនិយម ម៉ា​ឌុយ​រ៉ូ សម្រាប់​ការដួលរលំ​នៃ​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​បណ្តាល​ឲ្យ​មនុស្ស​រាប់លាន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ​។

​ទន្ទឹមនេះ វ៉ាស៊ីនតោន ក៏​ចាត់ទុក​របប​លោក​ម៉ា​ឌុយ​រ៉ូ​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់ ក្រោយ​របាយការណ៍​ជាច្រើន បង្ហាញ​ពី​ភាពមិន​ក្រ​តី​អំឡុងពេល​បោះឆ្នោត​កាលពី​ឆ្នាំមុន​។ យ៉ាងណាមិញ ទាំង​លោក ម៉ា​ឌុយ​រ៉ូ និង​លោក ត្រាំ កាលពី​ខែ​មុន បានបញ្ជាក់​ពី​ការប្រព្រឹត្តទៅ​នៃ​កិច្ចពិភាក្សា​ដែលមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី អនុ​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា Rodriguez ក៏បាន​ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​កាលពីដើម​សប្ដាហ៍​រវាង​រដ្ឋាភិបាល និង​បក្សប្រឆាំង​ដែល​មានមតិ​ភាគតិច ពុំមែន​ជា​សម្ព័ន្ធភាព​របស់លោក ក្វៃ​ដូ ។ កិច្ចព្រមព្រៀង​ដែលមាន​រួមបញ្ចូល​ការដោះលែង​អ្នកទោសនយោបាយ​ដ៏​សំខាន់​ម្នាក់​ផង​នោះ មាន​គោលដៅ​បើក​ការចរចា​លើ​ការផ្លាស់ប្តូរ​នយោបាយ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។​

​អ្នកទោសនយោបាយ​ដ៏​សំខាន់​ម្នាក់​នោះ គឺ​អនុ​ប្រធានសភា​វេ​ណេ​ស៊ុយ​អេ​ឡា លោក Edger Zambrano ជា​សមាជិក​បក្សប្រឆាំង​ស្និទ្ធ​នឹង​លោក ក្វៃ​ដូ ទីមួយ ដែល​ត្រូវបាន​ដោះលែង កាលពី​ថ្ងៃ​អង្គារ ទី ១៧ កញ្ញា ។ ចំណែក សមាជិក​បក្សប្រឆាំង​ជិត ៦០​នាក់​ផ្សេងទៀត ត្រូវបាន​ដោះលែង នៅ​ថ្ងៃ​ពុធ​៕

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  សហរដ្ឋអាមេរិក​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com