អាមេរិក ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ខាង​ប្រឆាំង​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ខាង​ប្រឆាំង​
19, Sep 2019 , 9:19 pm        
រូបភាព
សកម្មជនទាំង៦នាក់របស់អតីតគណបក្សប្រឆាំង ដែលទើបនឹងត្រូវបានចាប់ខ្លួន
សកម្មជនទាំង៦នាក់របស់អតីតគណបក្សប្រឆាំង ដែលទើបនឹងត្រូវបានចាប់ខ្លួន
ដោយ: ថ្មីៗ
​សហរដ្ឋអាមេរិក តាមរយៈ​អ្នកស្រី Morgan Ortagus អ្នកនាំពាក្យ​ការបរទេស បានស្នើ​មក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើបនឹង​ត្រូវបាន​ចាប់ខ្លួន​នាពេល​ថ្មីៗ​នេះ និង អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នាពេល​កន្លងមក រួមទាំង​លោក កឹម សុខា ផងដែរ​។ អ្នកស្រី បាន​ហៅ​ការចាប់​អ្នក​ទាំងនោះ ថា​ធ្វើឡើង​តាម​អំពើ​ចិត្ត​និង​ខុសច្បាប់​។



​អ្នកស្រី Morgan Ortagus ថ្លែងថា សហរដ្ឋអាមេរិក បារម្ភ​ពី​ការគាបសង្កត់​ផ្នែក​នយោបាយ​នៅ​កម្ពុជា ដោយ​អាជ្ញាធរ បាន​ចាប់​សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់​។ អ្នកស្រី បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការគាបសង្កត់​នេះ​។

​ការ​ថ្លែង​សារ​របស់​អ្នកនាំពាក្យ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក គឺធ្វើឡើង​តាមរយៈ​វី​ដូ​អូ​ឃ្លី​ប​ ​ជិត​មួយ​នាទី កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​។ អ្នកស្រី បញ្ជាក់​ដូច្នេះ​ថា​៖«​យើង នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តារ​លទ្ធិ​ប្រជា​ធិ​ធិបតេយ្យ​សេរី​ពហុបក្ស​ឡើងវិញ ហើយ​ការពារ​សិទ្ធិមនុស្ស និង សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងទៀត​»​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ថា ការលើកឡើង​អ្នកនាំពាក្យ​ការបរទេស​អាមេរិក គឺ​ខុសពី​ការពិត​។ លោក បកស្រាយ​ថា សមត្ថកិច្ច ពឹង​ផ្នែក​លើ​អង្គហេតុ​និង​ភស្តុតាង​ច្បាស់លាស់ ក្នុង​ការចាប់​សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង​ទាំងនោះ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៩ ខែ​ក​ញ្ញ ឆ្នាំ​២០១៩ បែបនេះ​ថា​៖«​យើង មិនអាច​ធ្វើតាម​បានទេ​»​។​

​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ អ្នកស្រី Mortan Ortagus បានចេញ​វីដេអូ​ឃ្លី​ប​ម្តង​រួចមកហើយ ដោយបាន​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា និង ផ្តល់​សិទ្ធិ​នយោបាយ​ជូន​លោក​វិញ​។ ក្នុង​វីដេអូ​ឃ្លី​លើកទីមួយ​នោះ អ្នកស្រី បានចាត់ទុក​ការរំលាយ​អតីត​គណបក្សប្រឆាំង និង ការចាប់​លោក កឹម សុខា ដែលជា​ប្រធាន និង​ការដកហូត​តំណែង​ពី​មន្ត្រី​នៃ​អតីត​គណបក្ស​នេះ ថា​ជា «​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។​

អត្ថបទទាក់ទង

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​មន្ត្រី​និង​សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង​ដល់​ទៅ​៦​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​។ អ្នក​ទាំងនោះ គឺ កញ្ញា យូ ចាន់​ធានី លោក យ៉ា​ត ភារ​ម្យ លោក ទុំ ប៊ុនថន លោក លី ម៉េង​ឃាង លោក លី លីន និង លោក ឈុន ថៃ​យុទ្ធ​។​

​អតីត​គណបក្សប្រឆាំង បានចេញ​សេចក្តីថ្លែងការណ៍​ពី​ក្រៅប្រទេស​មក ដោយបាន​ថ្តោ​ល​ទោស​រដ្ឋាភិបាល​កម្ពុជា​។ សេចក្តីថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា បានសរសេរថា​៖«​ការចាប់​និង​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ គឺជា​ទង្វើ​រំលោភបំពាន​យ៉ាង​កម្រោល​លើ​ច្បាប់​ជាតិ​និង​អន្តរជាតិ ព្រមទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា​.....»​។​

​អតីត​គណបក្សប្រឆាំង ទាមទារ​ឲ្យ​អាជ្ញាធរ ដោះលែង​អ្នក​ទាំងនោះ​វិញ ព្រមទាំង​អ្នកទោសនយោបាយ​ផ្សេងទៀត ហើយ​បានស្នើ​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​បន្ត​ដាក់​សម្ពាធ​ឲ្យ​កាន់តែខ្លាំង ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ផ្តាំ​ថា ការចាប់​មនុស្ស​ទាំង​៦​នាក់​នេះ មិនមែនជា​ការចាប់​ចុងក្រោយ​ឬ​ជាទី​បញ្ចប់​នោះទេ ពោលគឺ អាជ្ញាធរ នឹង​បន្ត​ចាប់​អ្នក​ផ្សេងទៀត ឲ្យ​ប្រព្រឹត្ត​ខុសច្បាប់​។ លោក សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម សំដៅទៅ​សកម្មជន​ខាង​ប្រឆាំង​ក្នុងស្រុក​ថា​៖«....​ក្រុម​ឧទ្ទាម គ្មាន​លទ្ធភាព​អ្វី​ជួយ​ដោះស្រាយ​ទេ​»​។​

​មិនមែន​តែ​៦​នាក់​នេះ​ទេ កន្លងមក ក៏មាន​សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង​ផ្សេងទៀត ក៏​ត្រូវបាន​ចាប់ខ្លួន​ដែរ និង​បន្ត​ជាប់ឃុំ​មកដល់​បច្ចុប្បន្ន ដូចជា លោក គង់ ម៉ាស់ និង ស៊ូ យាន ជាដើម​។


សកម្មជននិងមន្រ្តីទាំង១៨នាក់ នៃអតីតគណបក្សប្រឆាំង ដែលលោក អេង ឆៃអ៊ាង បង្ហោះលើបណ្តាញសង្គម ហើយអះអាងថា ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ឃុំខ្លួននាពេលកន្លងមក

​កាលពី​ប៉ុន្មាន​ខែ​មុន អ្នកគាំទ្រ សកម្មជន និង មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​នៅតាម​បណ្តា​ខេត្ត​នានា មិនតិចជាង​១០០​នាក់​នោះទេ ដែល​ត្រូវបាន​តុលាការ​និង​សមត្ថកិច្ច ហៅ​ទៅ​សួរនាំ​។ ប៉ុន្តែ​អ្នក​ទាំងនោះ មិនត្រូវ​បាន​ចាប់​ឃុំ​ឡើយ​។​

​ជាទូទៅ ការចាប់​អ្នកប្រឆាំង​នៅក្នុង​ស្រុក គឺ​ដោយសារតែ​ពួកគេ ប្រមូលផ្តុំ​គ្នា​ហើយ​និយាយ​រឿង​អតីត​គណបក្សប្រឆាំងរ​បស់​ពួកគេ ហើយ​ជាពិសេស នាពេល​ថ្មីៗ ក្នុងចំណោម​ពួកគេ មាន​អ្នកខ្លះ បានប្រកាសថា ត្រៀម​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩៕

Tag:
 អាមេរិក​
  Morgan Ortagus
  កម្ពុជា​
  សកម្មជន CNRP
© រក្សាសិទ្ធិដោយ thmeythmey.com