ជាតិ
នយោបាយជាតិ
អាមេរិក ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនខាងប្រឆាំង សកម្មជនទាំង៦នាក់របស់អតីតគណបក្សប្រឆាំង ដែលទើបនឹងត្រូវបានចាប់ខ្លួន
× សហរដ្ឋអាមេរិក តាមរយៈអ្នកស្រី Morgan Ortagus អ្នកនាំពាក្យការបរទេស បានស្នើមករដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបនឹងត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ និង អ្នកដែលត្រូវបានចាប់ខ្លួននាពេលកន្លងមក រួមទាំងលោក កឹម សុខា ផងដែរ។ អ្នកស្រី បានហៅការចាប់អ្នកទាំងនោះ ថាធ្វើឡើងតាមអំពើចិត្តនិងខុសច្បាប់។
អ្នកស្រី Morgan Ortagus ថ្លែងថា សហរដ្ឋអាមេរិក បារម្ភពីការគាបសង្កត់ផ្នែកនយោបាយនៅកម្ពុជា ដោយអាជ្ញាធរ បានចាប់សកម្មជននៃអតីតគណបក្សប្រឆាំងជាបន្តបន្ទាប់។ អ្នកស្រី បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគាបសង្កត់នេះ។
ការថ្លែងសាររបស់អ្នកនាំពាក្យការបរទេសរបស់សហរដ្ឋអាមេរិក គឺធ្វើឡើងតាមរយៈវីដូអូឃ្លីប ជិតមួយនាទី កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។ អ្នកស្រី បញ្ជាក់ដូច្នេះថា៖«យើង នៅតែទទូចឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិធិបតេយ្យសេរីពហុបក្សឡើងវិញ ហើយការពារសិទ្ធិមនុស្ស និង សិទ្ធិជាមូលដ្ឋានផ្សេងទៀត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា ការលើកឡើងអ្នកនាំពាក្យការបរទេសអាមេរិក គឺខុសពីការពិត។ លោក បកស្រាយថា សមត្ថកិច្ច ពឹងផ្នែកលើអង្គហេតុនិងភស្តុតាងច្បាស់លាស់ ក្នុងការចាប់សកម្មជននៃអតីតគណបក្សប្រឆាំងទាំងនោះ។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៩ ខែកញ្ញ ឆ្នាំ២០១៩ បែបនេះថា៖«យើង មិនអាចធ្វើតាមបានទេ»។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ អ្នកស្រី Mortan Ortagus បានចេញវីដេអូឃ្លីបម្តងរួចមកហើយ ដោយបានទាមទារឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា និង ផ្តល់សិទ្ធិនយោបាយជូនលោកវិញ។ ក្នុងវីដេអូឃ្លីលើកទីមួយនោះ អ្នកស្រី បានចាត់ទុកការរំលាយអតីតគណបក្សប្រឆាំង និង ការចាប់លោក កឹម សុខា ដែលជាប្រធាន និងការដកហូតតំណែងពីមន្ត្រីនៃអតីតគណបក្សនេះ ថាជា «ទង្វើបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានមន្ត្រីនិងសកម្មជននៃអតីតគណបក្សប្រឆាំងដល់ទៅ៦នាក់ ដែលត្រូវចាប់ខ្លួន។ អ្នកទាំងនោះ គឺ កញ្ញា យូ ចាន់ធានី លោក យ៉ាត ភារម្យ លោក ទុំ ប៊ុនថន លោក លី ម៉េងឃាង លោក លី លីន និង លោក ឈុន ថៃយុទ្ធ។
អតីតគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេសមក ដោយបានថ្តោលទោសរដ្ឋាភិបាលកម្ពុជា។ សេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៤ ខែកញ្ញា បានសរសេរថា៖«ការចាប់និងឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខាងលើ គឺជាទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញកម្ពុជា.....»។
អតីតគណបក្សប្រឆាំង ទាមទារឲ្យអាជ្ញាធរ ដោះលែងអ្នកទាំងនោះវិញ ព្រមទាំងអ្នកទោសនយោបាយផ្សេងទៀត ហើយបានស្នើទៅសហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធឲ្យកាន់តែខ្លាំង ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ផ្តាំថា ការចាប់មនុស្សទាំង៦នាក់នេះ មិនមែនជាការចាប់ចុងក្រោយឬជាទីបញ្ចប់នោះទេ ពោលគឺ អាជ្ញាធរ នឹងបន្តចាប់អ្នកផ្សេងទៀត ឲ្យប្រព្រឹត្តខុសច្បាប់។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម សំដៅទៅសកម្មជនខាងប្រឆាំងក្នុងស្រុកថា៖«....ក្រុមឧទ្ទាម គ្មានលទ្ធភាពអ្វីជួយដោះស្រាយទេ»។
មិនមែនតែ៦នាក់នេះទេ កន្លងមក ក៏មានសកម្មជននៃអតីតគណបក្សប្រឆាំងផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនដែរ និងបន្តជាប់ឃុំមកដល់បច្ចុប្បន្ន ដូចជា លោក គង់ ម៉ាស់ និង ស៊ូ យាន ជាដើម។
សកម្មជននិងមន្រ្តីទាំង១៨នាក់ នៃអតីតគណបក្សប្រឆាំង ដែលលោក អេង ឆៃអ៊ាង បង្ហោះលើបណ្តាញសង្គម ហើយអះអាងថា ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ឃុំខ្លួននាពេលកន្លងមក
កាលពីប៉ុន្មានខែមុន អ្នកគាំទ្រ សកម្មជន និង មន្ត្រីនៃអតីតគណបក្សប្រឆាំងនៅតាមបណ្តាខេត្តនានា មិនតិចជាង១០០នាក់នោះទេ ដែលត្រូវបានតុលាការនិងសមត្ថកិច្ច ហៅទៅសួរនាំ។ ប៉ុន្តែអ្នកទាំងនោះ មិនត្រូវបានចាប់ឃុំឡើយ។
ជាទូទៅ ការចាប់អ្នកប្រឆាំងនៅក្នុងស្រុក គឺដោយសារតែពួកគេ ប្រមូលផ្តុំគ្នាហើយនិយាយរឿងអតីតគណបក្សប្រឆាំងរបស់ពួកគេ ហើយជាពិសេស នាពេលថ្មីៗ ក្នុងចំណោមពួកគេ មានអ្នកខ្លះ បានប្រកាសថា ត្រៀមទទួលលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Tag:
អាមេរិក
Morgan Ortagus
កម្ពុជា
សកម្មជន CNRP
© រក្សាសិទ្ធិដោយ thmeythmey.com