អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ គូស្នេហ៍​រួមភេទ​មុន​រៀបការ ប្រឈមមុខ​ជាប់គុក​៦​ខែ​
26, Sep 2019 , 2:59 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ឥណ្ឌូណេស៊ី ត្រៀម​អនុម័ត​ច្បាប់ព្រហ្មទណ្ឌ​ថ្មី​មួយ​ដែល​នឹងដាក់​ទោស​ចំពោះ​ការរួម​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍ និង​មានការ​ដាក់ពិន័យ​យ៉ាង​តឹងរ៉ឹង​ដល់​អ្នក​ដែល​ប្រមាថ​សេចក្តីថ្លៃថ្នូរ​របស់​ប្រធានាធិបតី​។ ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស​យល់ថា សេចក្ដីស្នើច្បាប់​នេះ បាន​រំលោភសិទ្ធិ​បុគ្គល​រាប់លាន​នាក់​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​



​ឥណ្ឌូ​ន​ណេ​ស៊ី គឺជា​ប្រទេស​ដែលមាន​អ្នក​កាន់សាសនា​ឥស្លាម​ច្រើន​បំផុត​របស់​ពិភពលោក​។ ក្រៅពី​ឲ​ស្លាម គេ​ក៏​ឃើញ​មាន​អ្នក​កាន់សាសនា​គ្រិស្ត ហិណ្ឌូ និង​ព្រះពុទ្ធ​មាន​តិចតួច​។ ដោយសារ​ឥទ្ធិពល​សាសនា​ឥស្លាម ថ្មីៗ​នេះ​មានការ​សង្កេតឃើញថា ឥណ្ឌូណេស៊ី​បាន​ព្យាយាម​វិ​វត្ត​ខ្លួន​ទៅរក​ការប្រតិបត្តិ​សាសនា​បែប​អភិរក្សនិយម​វិញ ដែល​ធ្វើ​ឲ្យ​មានរឿង​ចម្រូងចម្រាស​ច្រើន​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្ដី​របស់​សមាជិកសភា​បួនរូប​មកកាន់ ថា  ច្បាប់ព្រហ្មទណ្ឌ​ថ្មី​នេះ​នឹងត្រូវ​អនុម័ត​នៅ​សប្តាហ៍​ក្រោយនេះ បន្ទាប់ពី​សភា​និង​រដ្ឋាភិបាល​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ព្រមព្រៀង​លើ​សេចក្តីព្រាងច្បាប់​ចុងក្រោយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​។ ច្បាប់ព្រហ្មទណ្ឌ​ថ្មី​នេះ​នឹង​ជំនួស​អោយ​ច្បាប់​ចាស់​ដែល​បន្សល់​តាំងពី​សម័យ​អាណានិគម​ហូ​ឡង់​មក​។ ច្បាប់​ថ្មី​នេះ បង្ហាញ​ពី​ឯករាជ្យភាព​និង​ភាពស្មោះត្រង់​របស់​ឥណ្ឌូណេស៊ី​។​

​លោក Nasir Djamil អ្នកនយោបាយ​មកពី​គណបក្ស Prosperous Justice Party បាន​និយាយថា រដ្ឋ​ត្រូវតែ​ការពារ​ពលរដ្ឋ​ពី​ឥរិយាបទ​ដែល​ផ្ទុយ​នឹង​ការគោរព​ព្រះ​ដ៏​ខ្ពស់បំផុត​។ បើតាម​អ្នកនយោបាយ​រូបនេះ មេដឹកនាំ​សាសនា​ទាំងអស់ ត្រូវបាន​សួរនាំ​ពី​យោបល់​របស់​ពួកគេ​រួចហើយ​ទាក់ទង​សេចក្ដីស្នើច្បាប់​ថ្មី​។

​ក្រោម​សេចក្ដីស្នើច្បាប់​ថ្មី​នេះ គូស្នេហ៍​ដែល​មិនទាន់​រៀបការ ហើយ​រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​៦​ខែ ឬ​ត្រូវ​ផាកពិន័យ​ដល់​ទៅ​១០​លាន​រូពី​(៧១០ ដុល្លារ​អាមេរិក​) ដែលជា​ប្រាក់ខែ​បី​ខែ​សម្រាប់​ជនជាតិ​ឥណ្ឌូណេស៊ី​ជាច្រើន​។ ដំណើរការ​ស៊ើបអង្កេត​អាច​ចាប់ផ្ដើមបាន ប្រសិនបើ​មាន​បណ្ដឹង​ពី​មេភូមិ​ទៅកាន់​ប៉ូលិស ហើយ​ឪពុកម្ដាយ​ជនសង្ស័យ​ពី​ជំទាស់​ទេនោះ​។ ឪពុកម្ដាយ កូនៗ ឬ​ប្ដី​ប្រពន្ធ ក៏​អាចដាក់​ពាក្យបណ្ដឹង​បានដែរ​។

​ជាមួយគ្នានេះ សំណើ​ច្បាប់​ថ្មី​នេះ ក៏មាន​ចែង​ពី​ការជាប់​ពន្ធនាគារ​រយៈ​ពេល ៤ ឆ្នាំ​ជា​អតិបរមា​សម្រាប់​ស្ត្រី​ដែល​បាន​រំលូតកូន ប្រសិនបើ​រកឃើញថា ការ​រំលូត​នេះ មិនមែន​មកពី​សង្គ្រោះបន្ទាន់ ឬ​ការរំលោភ​សេពសន្ថវៈ​។ វា​នេះ​ក៏​បានចែង​បន្ថែម​ពី​ការពិន័យ​ជា​លុយ​លើ​អ្នក​ដែល​លើកកម្ពស់​ការពន្យា​កំណើត​និង​ទោស​៦​ខែ​សម្រាប់​ការពិភាក្សា​ពី​ឧបករណ៍​ល​រំលូត​ដោយ​គ្មាន​ការអនុញ្ញាត​។​

​ក្រោយពី​មានការ​គ្រោង​នឹង​អនុម័ត​ច្បាប់​ថ្មី​នេះ មនុស្ស​មួយចំនួន​ក៏បាន​ប្រតិកម្ម​ប្រឆាំង​ផងដែរ​។ វិទ្យាស្ថាន​កំណែទម្រង់​យុត្តិធម៌​ព្រហ្មទណ្ឌ​ដែលជា​អង្គការក្រៅរដ្ឋាភិបាល​បាន​និយាយថា ប្រជាជន​ឥណ្ឌូណេស៊ី​រាប់លាន​នាក់ អាច​នឹងត្រូវ​ជាប់អន្ទាក់​ដោយ​ច្បាប់​ថ្មី​នេះ​។ ការសិក្សា​បានបង្ហាញ​ថា​ក្មេង​ជំទង់​ឥណ្ឌូណេស៊ី​ចំនួន ៤០ ភាគរយ​បាន​ចូលរួម​សកម្មភាព​ផ្លូវភេទ​មុនពេល​រៀបការ​៕


© រក្សាសិទ្ធិដោយ thmeythmey.com