ជាតិ
លោក ហ៊ុន ម៉ា​នី ចែករំលែក​បទពិសោធ​ន៍​ការងារ​ដំបូង​ជាមួយ​នាយករដ្ឋមន្ត្រី​
19, Sep 2019 , 5:09 pm        
រូបភាព
​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​ចែករំលែក​បទពិសោធន៍​ការងារ​ដំបូង​ជាមួយ​នាយករដ្ឋមន្ត្រី គឺ​កាន់កា​បូប និង​ដាស់​នាយករដ្ឋមន្ត្រី​។ ការចែករំលែក​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​នេះ​។​



«​ទោះបីជា​ការងារ​តូច​ក៏ដោយ តែ​សូមកុំ​មើលស្រាល ពីព្រោះ​ការងារ​តូច ក៏មាន​មេរៀន​សម្រាប់​រៀនសូត្រ​។​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​នី ដែល​រំឭក​អំពី​ពិសោធន៍​ការងារ​ខ្លះៗ ក្នុងអំឡុង​ពេលដែល​លោក​ធ្វើជា​ជំនួយការ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ជាង​១០​ឆ្នាំមុន​។ សម្រាប់​លោក ហ៊ុន ម៉ា​នី ការងារ​ដំបូង​នេះ ជាការ​ងារ​តូច ប៉ុន្តែ​បានផ្ដល់​មេរៀន​ដ៌​ល្អ​។

​ឈរលើ​វេទិកា​នា​ពិធី​ប្រគល់​សញ្ញាបត្រ លោក ហ៊ុន ម៉ា​នី បាន​ក្រើនរំឭក​និស្សិត​ជ័យលាភី​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​សំលៀង​ជំនាញ​ខ្លួនឯង និង​ពង្រីក​ចំណេះដឹង​ទូទៅ​បន្ថែមទៀត​។​

​សូម​ស្ដាប់​សំឡេង​លោក ហ៊ុន ម៉ា​នី​៖




​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​រូបនេះ បាន​ណែនាំ​ទៅកាន់​និស្សិត​ឲ្យ​យល់​ពី​តម្លៃ​នៃ​ការងារ​តូចតាច​យ៉ាង​ដូច្នេះ​៖ «​កុំ​មើលស្រាល​នូវ​ការងារ កុំ​គិតថា​ការងារ​តូច ឬ​ធំ​។ ទាំងអស់​វា​មាន​មេរៀន ឃើញ​ការងារ​តូច កុំ​គិតថា​មើលស្រាល ហើយ​មិន​រៀនសូត្រ​ពី​វា​។ ការងារ​របស់ខ្ញុំ​មុនដំបូង មានតែ​ពីរ​ទេ គឺ​កាន់កា​តាប និង​ដាស់​នាយករដ្ឋមន្ត្រី​»​។​



​សម្រាប់​លោក ហ៊ុន ម៉ា​នី ការងារ​អ្វី​ក៏ដោយ សុទ្ធ​តែមាន​មេរៀន ដែល​អាច​បង្រៀន​មនុស្ស​។ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​រូបនេះ រៀបរាប់​បន្ថែមថា ការងារ​នេះ មិនមែនជា​ការងារ​សាមញ្ញ និង​មិនគួរ​មើលរំលង​នោះទេ​។

«​ខ្ញុំ​សង្ឃឹមថា អ្វីដែល​បានលើកឡើង​នេះ អាច​ចែករំលែក ថា​គ្មានអ្វី​ប្រាកដប្រជា ឬក៏​ច្បាស់លាស់​ពេក​នោះទេ វា​ត្រូវការ​ខំ​ហ្វឹកហាត់​ជា​បន្តបន្ទាប់ ដើម្បី​សំលៀង​សមត្ថភាព​។ បើ​យើង​អាចធ្វើ​ការងារ​តូចៗ ច្បាស់លាស់ ហើយ​មាន​ប្រសិទ្ធភាព កាត់បន្ថយ​ពេលវេលា ផលិតភាព​កើន​ខ្ពស់ យើង​អាច​យកទៅអនុវត្ត​លើ​ការងារ​ផ្សេងៗ​បាន​ដូចគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​នី នៅ​ចំពោះមុខ​សាស្ត្រាចារ្យ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​៕





Tag:
 ហ៊ុន ម៉ា​នី​
  យុវជន​
  អប់រំ​
  ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com