អន្តរជាតិ
លោក មហាធៀ កែសម្រួលគោលនយោបាយការបរទេសឲ្យស្របតាមបរិបទពិភពលោក លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់, រូបភាព (Reuters)
× នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ នៅថ្ងៃទី១៨ ខែកញ្ញា បានប្រកាសពីបទដ្ឋានថ្មីមួយ ពាក់ព័ន្ធទៅនឹងគោលនយោបាយការបរទេសម៉ាឡេស៊ី។ បទដ្ឋានថ្មីនេះ នឺងសង្កត់ធ្ងន់លើការមិនចូលបក្សសម្ពន្ធជាមួយនឹងប្រទេសមហាអំណាច ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការឥស្លាមពិភពលោក ជម្លោះសមុទ្រចិនខាងត្បូង និងបញ្ហាសេដ្ឋកិច្ចជាដើម។
«យើងកំពុងរស់នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងលឿន។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រី លោកមហាធៀ មហាម៉ាត់ ដែលបន្តថា ការផ្លាស់ប្តូរទាំងនេះនាំមកនូវទាំងពីរគឺ ទាំងការប្រកួតប្រជែង និងឱកាស ហើយតម្រូវឲ្យម៉ាឡេស៊ីស្វែងរកវិធីសាស្ត្រថ្មី។ មេដឹកនាំម៉ាឡេស៊ីវ័យ ៩៤ឆ្នាំបញ្ជាក់ថា លក្ខខណ្ឌមូលដ្ឋាននៃគោលនយោបាយការបរទេសនៅដដែល លើកលែងតែវាប៉ះពាល់ផលប្រយោជន៍ប្រជាជនម៉ាឡេស៊ី ទើបត្រូវធ្វើការកែប្រែ។
ប្រធានបទ «ការផ្លាស់ប្តូរនិរន្តរភាព» គឺជាបទដ្ឋានថ្មីរបស់ម៉ាឡេស៊ី នឹងយកទៅអនុវត្ត ដើម្បីរក្សាចំណងមិត្តភាពជាមួយបណ្តាលប្រទេសទាំងអស់ និងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ីក៏មានសិទ្ធិក្នុងការបញ្ចេញមតិក្នុងការតវ៉ា ការប្រឆាំងនឹងអយុត្តិធម៌ និងការគាបសង្កត់ ក៏ដូចជាការរំលោភសិទ្ធិមនុស្សដោយប្រទេសណាមួយជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។
ទាក់ទងគោលនយោបាយថ្មី លោក មហាម៉ាត់ ចង់ឲ្យមានតំបន់ជម្លោះផ្លូវទឹកដែលគ្មានយោធានៅសមុទ្រចិនខាងត្បូង និងកែប្រែតំបន់ជម្លោះទៅជាតំបន់ពាណិជ្ជកម្ម សន្តិភាព និងមិត្តភាព។ ពោល គឺសមុទ្រចិនខាងត្បូងគួរតែជាសមុទ្រនៃកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ និងការកសាងសហគមន៍ ប៉ុន្តែមិនមែនជាតំបន់ប្រឈមមុខដាក់គ្នា ឬតំបន់ជម្លោះឡើយ។ លើសពីនោះ ម៉ាឡេស៊ី បានប្រកាសថាខ្លួនមានបំណងចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃអង្គការកិច្ចសហប្រតិបត្តិការសាសនាឥស្លាម(OIC) ដែរ។
បន្ថែមពីនេះទៅទៀត បទដ្ឋានថ្មីនេះ ក៏បានលើកឡើងពីគម្រោង«ម៉ាឡេស៊ីក្នុងបរិបទថ្មី» ដើម្បីជំរុញឲ្យប្រទេសលោកខាងត្បូង ឬប្រទេសកំពុងអភិវឌ្ឍមានទឹកមាត់ប្រៃជាងមុន។ លោកនាយករដ្ឋមន្ត្រី មហាធៀ បាននិយាយរិះគន់ប្រទេសមហាអំណាច ដែលតែងតែដាក់សម្ពាធរបស់ពួកគេលើប្រទេសតូចៗ។ ក្នុងន័យនេះលោកចង់សំដៅលើ ពិភពលោកពហុនិយមដែលរងការគំរាមកំហែង។
ពាក់ព័ន្ធនឹងការប្រើឥទ្ធិពលរបស់ប្រទេសមហាអំណាចទាំងនេះ លោកនាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំរូបនេះ បានអះអាងថា ប្រទេសធំៗបាននដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគី ដោយមិនបានគោរពដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការព្រមព្រៀងពហុភាគីឡើយ។ ចំពោះការដាក់ទណ្ឌកម្មនេះទៀតសោត វាមិនត្រឹមតែប៉ះពាល់តែប្រទេសមួយឡើយ ប៉ុន្តែវាប៉ះពាល់ដល់ប្រទេសជាច្រើនផ្សេងទៀត ។
«ពួកអ្នកមាន និងអ្នកមានអំណាចនឹងយកនូវអ្វីដែលគេចង់បាន ប៉ុន្តែអ្នកក្រ និងអ្នកទន់ខ្សោយនឹងប្រមូលយកនូវអ្វីដែលជាកាតព្វកិច្ច។ ម៉ាឡេស៊ីនឹងទទួលនូវអ្វីជាកាតព្វកិច្ច ប៉ុន្តែវានៅក្រោមការបើកផ្លូវឲ្យតវ៉ា»។ នេះជាសម្តីរបស់នាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេរបស់ម៉ាឡេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com