អន្តរជាតិ
សកម្មជនបរិស្ថានវ័យក្មេង Greta Thunberg ស្នើសភាអាមេរិកឲ្យចាត់វិធានការលើបញ្ហាអាកាសធាតុ សកម្មជនការពារបរិស្ថានវ័យក្មេង Greta Thunberg ។ រូបភាព AFP
×
ដោយ៖ ឈួន ឈីវអ៊ីង
សកម្មជនវ័យក្មេងការពារបរិស្ថាន Greta Thunberg បានលើកឡើងពីការប្រយុទ្ធប្រឆាំងរបស់នាងជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ នៅចំពោះមុខសភាអាមេរិកនៅថ្ងៃទី១៨ ខែកញ្ញា។ អ្នកការពារបរិស្ថានរូបនេះ ស្នើសុំអ្នកតាក់តែងច្បាប់អាមេរិក ដែលភាគច្រើនមាននិន្នាការសង្ស័យពីបម្រែបម្រួលអាកាសធាតុឲ្យចាត់វិធានការជាក់ស្តែង និងបញ្ចៀសគ្រោះមហន្តរាយបរិស្ថាន។
Greta Thunberg មានវ័យទើប១៦ឆ្នាំប៉ុណ្ណោះ និងជាអ្នកដឹកនាំយុទ្ធនាការប្រឆាំងបម្រែបម្រួលជនជាតិស៊ុយអែត។ នាងបានមកដល់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍មុន ជាមួយនឹងភារកិច្ចយ៉ាងមមាញឹក រួមមាន ការជួបជុំនៅមុខសេតវិមាន ការចូលរូមកម្មវិធីជាមួយសមាជិកព្រឹទ្ធសភាអាមេរិក និងមេដឹកនាំជនជាតិដើមភាគតិចមកពីអាមេរិកខាងត្បូង។ នៅថ្ងៃទី១៨ ខែកញ្ញា នាងក៏មានការជួបជុំជាមួយក្មេងៗដែលកំពុងប្តឹងរដ្ឋាភិបាល ដូណាល់ ត្រាំ អំពីភាពអសកម្មលើបញ្ហាអាកាសធាតុ។
នាងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា នាជំនួបមួយកាលពីដើមសប្ដាហ៍។ លោក អូបាម៉ា ចាត់ទុកសកម្មជនបរិស្ថានវ័យក្មេងនេះជា អ្នកតស៊ូមតិដ៏អស្ចារ្យបំផុតរបស់ផែនដី។ នាងបានក៏ក្លាយជា ឯកអគ្គរាជទូតសុឆន្ទៈ ពីអង្គការនិទោសកម្មអន្តរជាតិផងដែរ។
នៅថ្ងៃទី១៨ ខែកញ្ញា Greta ក៏មានឱកាសផ្ញើសារគាំពារបរិស្ថានខ្លួនទៅកាន់សមាជិកសភាអាមេរិក ដែលមានអ្នកខ្លះនៅមិនទាន់ជឿពីផលវិបាកនៃបញ្ហាអាកាសធាតុសាកលសព្វថ្ងៃ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP Greta និយាយដោយសម្ដីទន់ភ្លន់ និងម៉ឺងម៉ាត់ថា៖ «ខ្ញុំមិនចង់ឲ្យអ្នកទាំងអស់ស្តាប់សម្តីរបស់ខ្ញុំទេ ខ្ញុំចង់់ឲ្យអ្នកស្តាប់អ្នកវិទ្យាសាស្ត្រ។ ខ្ញុំចង់ឲ្យអ្នកចូលរួមជាមួយអ្នកវិទ្យាសាស្ត្រ បន្ទាប់មកចាត់វិធានការជាក់ស្តែង។»
អាមេរិកនៅក្រោមការដឹកនាំរបស់លោក ត្រាំ ហាក់មិនរវីរវល់នឹងរឿងបម្រែបម្រួលអាកាសធាតុឡើយ។ លោក ត្រាំ ផ្ទាល់ ថែមទាំងធ្លាប់បានសាកសួរដោយបើកចំហពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះទៀតផង។ ជាមួយគ្នានេះ រដ្ឋបាលលោក ត្រាំ ក៏កែប្រែបទប្បញ្ញត្តិជាច្រើននៅសម័យលោក អូបាម៉ា ដែលមានគោលបំណងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
Benji Backer អាយុ ២១ ឆ្នាំជាអ្នកអភិរក្សបរិស្ថានម្នាក់ដែរ បាននិយាយក្នុងជំនួបខាងលើដែរថា អាកាសធាតុកំពុងមានប្រែប្រួល ដូចនេះសមាជិកសភាអាមេរិក ត្រូវតែចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះ។ យុវជនរូបនេះក៏ឆ្លៀតផ្ញើសារឲ្យលោក ត្រាំ ដែលមិនជឿពីបញ្ហានេះ ថា បម្រែបម្រួលអាកាសធាតុ វាមិនមែនជារឿងបោកប្រាស់ទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com