FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ​World Cup៖ គ្មាន​ការ​រឹត​ត្បិត​ស្ត្រី​អ៊ីរ៉ង់​ចូល​ទស្សនា​ការប្រកួតរ​វាង​អ៊ីរ៉ង់​និង​កម្ពុជា​ឡើយ
20, Sep 2019 , 7:59 am        
រូបភាព
​បើ​មិនមាន​ការផ្លាស់ប្តូរ​អ្វី​ទៀត​ទេនោះ អ្នកគាំទ្រ​កីឡាបាល់ទាត់​ស្ត្រី​អ៊ីរ៉ង់​នឹង​អាច​ចូល​ទ្សនា​ដោយ​សេរី​ជា​លើកដំបូង​នា​ការជួបគ្នា​រវាង​ក្រុម​ជម្រើសជាតិ​បុរស​អ៊ីរ៉ង់ ទល់នឹង​ជម្រើសជាតិ​កម្ពុជា​ក្នុងការ​ប្រកួត​ជម្រុះ World Cup 2022 ជុំ​ទី​២ ពូ​ល C ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែតុលា នា​កីឡដ្ឋាន Azadi ស្ថិតក្នុង​ក្រុង​តេ​ហេ​រ៉ង់​។ ការអនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​អ្នកគាំទ្រ​ស្ត្រី​អ៊ីរ៉ង់​ម្នាក់​បានសម្រេច​ដុត​សម្លាប់ខ្លួន​នៅខាងមុខ​តុលាការ ដើម្បី​ប្រឆាំងនឹង​ការហាម​ប្រាម​ស្ត្រី​អ៊ីរ៉ង់​ចូល​កីឡដ្ឋាន​កាលពី​ថ្ងៃទី​៩​កញ្ញា​។​



អត្ថបទទាក់ទង

​ខណៈ​ស្ត្រី​បរទេស​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​មើល​ការប្រកួត ផ្ទុយទៅវិញ​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​បានកំណត់​ការហាម​ប្រាម​ស្ត្រី​ជនជាតិ​ខ្លួន មិន​ឲ្យ​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន​សម្រាប់​ការប្រកួត​របស់​ក្រុម​បុរស​តាំងពី​ឆ្នាំ​១៩៨១​មក ពោលគឺ​ចាប់ពី​ពេល​បដិវត្ត​អ៊ីស្លាម ឆ្នាំ​១៩៧៩​។​

​លោក Ali Rabiei អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​អះអាង​នៅ​សប្តាហ៍​នេះ​ថា មិន​មានការ​រឹតត្បិត​លើ​អ្នកគាំទ្រ​កីឡាបាល់ទាត់​ស្ត្រី​ទៀត​នោះឡើយ ហើយ​ពួកគេ​អាច​ទិញ​សំបុត្រ ដើម្បី​មើល​ការប្រកួត​រវាង​អ៊ីរ៉ង់​និង​កម្ពុជា​បាន​ដោយ​សេរី​។​

«​សំបុត្រ​នឹងដាក់​លក់​សម្រាប់​ស្ត្រី​ទាំងអស់​ក្នុងជំនួប​ទល់​កម្ពុជា​។ យើង​មិនអាច​ព្រងើយកន្តើយ​នឹង​បញ្ហា​ដែល​ទាក់ទង​នឹង​ស្ត្រី​ទៀតឡើយ​។ យើង​ត្រូវ​បង្ហាញ​ការអត់ឱន ហើយក៏​មិនគួរ​ឲ្យ​មាន​ហេតុការណ៍​ដូចជា​កញ្ញា Sahar Khodayari ដែល​បាន​ដុត​ខ្លួនឯង​ជុំវិញ​ការហាម​ប្រាម​នេះ​»​។ លោក Ali Rabiei រៀបរាប់​ដូច្នេះ​។​

​កញ្ញា Khodayari វ័យ​២៩​ឆ្នាំ បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ដោយសារ​ការដុត​ខ្លួនឯង​នៅ​ខាងក្រៅ​តុលាការ ដែល​នេះ​ជាការ​បង្ហាញ​ពី​ការបូជា​ជីវិត​ដើម្បី​ប្រឆាំង​បម្រាម​របស់​ប្រទេស​នាង​។​

​បើ​យោងតាម​ទូរទស្សន៍ Bloomberg ដែល​បាន​ស្រង់​សម្តី​លោក Hossein Ali Amiri អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​ទទួលបន្ទុក​កិច្ចការ​សភា រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​អនុវត្ត​ការងារ​នេះ​រួចរាល់​ហើយ​ដើម្បី​ត្រៀម​សម្រាប់​ការអនុញ្ញាត​ឲ្យ​ស្ត្រី​ចូលទៅក្នុង​កីឡាដ្ឋាន​ទាំងអស់​ឲ្យ​បាន​ឆាប់​បំផុត​។​

​ចំណាត់ការ​ខាងលើនេះ​កើតឡើង បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានប្រកាស​ពី​ការបញ្ជូន​មន្ត្រី​ខ្លួន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​អនុញ្ញាតិ​ឲ្យ​ស្ត្រី​អ៊ឺ​រ៉ង់​អាច​ចូល​ទស្សនា​ការប្រកួត​ក្នុង​កីឡដ្ឋាន​វិញ ពោលគឺ​នៅក្រោយ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​អ្នកគាំទ្រ​ស្ត្រី​អ៊ីរ៉ង់​នាង ahar Khodayari សម្រេច​ដុត​សម្លាប់ខ្លួន​នៅខាងមុខ​តុលាការ ដ្បិត​នាង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦​ខែ ពីបទ​ព្យាយាម​ចូល​កីឡដ្ឋាន​ដោយ​បន្លំ​ខ្លួន​ស្លៀកពាក់​ជា​បុរស​។

​អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​រូបនេះ​បញ្ជាក់ទៀតថា នឹងមាន​ច្រកទ្វារ​ដាច់ដោយឡែក​ជាពិសេស​សម្រាប់​ស្ត្រី​នៅ​គ្រប់​កីឡដ្ឋាន​ធំៗ​ទូទាំងប្រទេស​អ៊ីរ៉ង់​រួមទាំង​សេវាកម្ម​ផ្សេងទៀត ដែល​កំពុងស្ថិត​ក្រោម​កា​រ​រៀបចំ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា​អ៊ីរ៉ង់​លោក Masoud Soltanifar៕

Tag:
 World Cup
  អ៊ីរ៉ង់​
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com