ជាតិ
រុស្ស៊ី​សន្យា​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា
20, Sep 2019 , 8:29 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា
រូបភាពពីក្រសួងទេសចរណ៍ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា
​រុស្ស៊ី​សន្យា​ជួយ​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​។ ការសន្យា​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍​កម្ពុជា ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ពិនិត្យ​លទ្ធភាព​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា ដើម្បី​លើកកម្ពស់​វិសយ​ទេសចរណ៍​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០១៩​។



​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា និង​រុស្ស៊ី មិនទាន់មាន​ជើងហោះហើរ​ត្រង់ ដែល​អាចធ្វើ​ដំណើរ​ទៅវិញទៅមក​នៅឡើយ​ទេ​។ ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​លោក ថោង ខុន ស្នើ​ទៅ​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ឱ្យ​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្តុក​(Vladivostok) ឬ ពី​ទីក្រុង​ណាមួយ​របស់​រុស្សី​មកកាន់​កម្ពុជា ដែលមាន​រយៈ​ចម្ងាយ​ខ្លី​ជាង​មកពី​មូ​ស្គូ ដើម្បី​ជំរុញ​កំណើន​ទេសចរ​រុស្ស៊ី​ឱ្យមក​កម្ពុជា​កាន់តែច្រើន​។


រដ្ឋមន្រី្តក្រសួងទេសចរណ៍

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​លោក ឌី​មី​ទ្រី ស្វឺ​ត​ខ្វ​វ សន្យា​ជួយ​កម្ពុជា​លើ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់នេះ​។ ប៉ុន្តែ​លោក ស្នើឱ្យ​កម្ពុជា​សហការ​ជាមួយ​រុស្ស៊ី​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​ដំណើរការ​ទៅបាន​ល្អ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ដែល​បាន​ស្រង់​សម្តី​លោក ថោង ខុន រដ្ឋ​ម​ន្រី្ត​ទេសចរណ៍​កម្ពុជា និង​លោក ឌី​មី​ទ្រី ស្វឺ​ត​ខ្វ​វ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​។​

​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​រុស្ស៊ី​បានមក​ទស្សនា​កម្ពុជា មាន​ប្រមាណ​ជាង ៣,៤​ម៉ឺន​នាក់​។ ក្នុងចំណោម​តំបន់​អាស៊ាន ប្រទេស​ថៃ វៀតណាម ឥណ្ឌូនេស៊ី (​ពិសេស​កោះ​បាលី​) ជា​ប្រទេស​ទទួលបាន​ទេសចរ​រុស្ស៊ី​ច្រើនជាងគេ​។ កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​ទេសចរ​រុស្ស៊ី​បន្ថែមទៀត តាមរយៈ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​ខេត្តសៀមរាប និង​តំបន់ឆ្នេរ ក៏ដូចជា​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​

​គួរ​បញ្ជាក់ថា កម្ពុជា​ទទួលបាន​ទេស​ចរ​រុស្ស៊ី​ប្រមាណ​ជិត ៦,៥​ម៉ឺន​នាក់ កាលពី​ឆ្នាំ​២០១៨៕


Tag:
 ជើងហោះហើរ​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com