ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ជី​វ៉ាន់ស៊ុយ​” បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​ទៀត​
21, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ជី​វ៉ាន់ស៊ុយ​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​ដើម្បី​បន្ថែម​ក្លិន បង្កើន​ឱជា​រស និង​បង្កើន​សោភ័ណភាព​ក្នុង​អាហារ​នោះទេ ប៉ុន្តែ​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​ផងដែរ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​ជី​វ៉ានស៊ុយ​ចំពោះ​សុខភាព ៖

១. ទប់ស្កាត់​ជំ​ងឹ​មហារីក​

​នោះ​ក៏​ព្រោះតែ​ជី​វ៉ាន់ស៊ុយ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ សារធាតុ flavonoids សារធាតុ carotenoids និង​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ​។​

២. កាត់បន្ថយ​អាកា​រៈ​ជំងឺ​រលាក​ផ្លូវ​បង្ហូរ​នោម​បង្កដោយ​មេរោគ​

​នោះ​ក៏​ព្រោះតែ​ជី​វ៉ាន់ស៊ុយ​មាន​ផ្ទុក​សារធាតុ diuretic ជម្រុញ​មុខងារ​តម្រងនោម​ធ្វើឱ្យ​អ្នក​នោម​ច្រើន ដូច្នេះ​បាក់តេរី​ដែល​រីកលូតលាស់​នៅក្នុង​ប្រព័ន្ធ​ទឹកនោម​ដូចជា តម្រងនោម និង​ប្លោកនោម​ក៏ត្រូវ​បាន​បញ្ចេញ​ចោល​។​

៣. បន្សាប​ជាតិពុល​ក្នុង​ឈាម​

​ជី​វ៉ានស៊ុយ ជា​ប្រភព​នៃ​សារធាតុ diuretic ដែល​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ចេញពី​រាងកាយ​។ លើសពីនេះទៅទៀត ជី​វ៉ាន់ស៊ុយ មាន​សមត្ថភាព​កម្ចាត់​ជាតិ​ទឹក​ដែល​លើស​ចេញពី​រាងកាយ​ដែល​ធ្វើ​ឲ្យ​វា​អាច​បន្សាប​ជាតិពុល​ពី​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ ជី​វ៉ាន់ស៊ុយ​ក៏មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​សម្ពាធ​ឈាម​ផងដែរ​តាមរយៈ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​វា​មាន​ផ្ទុក​។​

៤. ពង្រឹង​សុខភាព​ភ្នែក​

​ជី​វ៉ាន់ស៊ុយ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ដែល​បំ​លែង​ចេញពី​សារធាតុ carotenoids ជួយ​ធ្វើឱ្យ​សុខភាព​ភ្នែក​កាន់តែ​ប្រសើរ​ចៀសផុត​បញ្ហា​ផ្សេងៗ​។​

៥. ពង្រឹង​សុខភាព​ឆ្អឹង​

​ជី​វ៉ាន់ស៊ុយ ជា​ប្រភព​ដ៏​សម្បូរបែប​នៃ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​រក្សា​ពង្រឹង​សុខភាព​ឆ្អឹង​រឹងមាំ​។ ហើយ​បន្លែ​នេះ​ក៏មាន​ផ្ទុក​នូវ​វីតាមីន K សារធាតុចិញ្ចឹម​យ៉ាងសំខាន់​ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​។ អ្នកជំនាញ​ជាច្រើន​និយាយថា វីតាមីន k ជួយ​រក្សា​ជាតិ​កាល់ស្យូម​នៅក្នុង​ឆ្អឹង​។​

៦. កាត់បន្ថយ​អា​ការៈឈឺ​សន្លាក់​

​ក៏​ព្រោះតែ​គុណសម្បត្តិ​ប្រឆាំង​ការ​រលាក​នោះ​ការទទួល​ទាន​ជី​វ៉ាន់ស៊ុយ​ជាប្រចាំ​អាច​កាត់បន្ថយ​ការឈឺចាប់ និង​ហើម​នៃ​សន្លាក់​បាន​។​

៧. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា ជី​វ៉ាន់ស៊ុយ គឺជា​ជម្រើស​នៃ​បន្លែ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

៨. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​

​សារធាតុចិញ្ចឹម​មួយចំនួន​ក្នុង​ជី​វ៉ាន់ស៊ុយ រួមទាំង វីតាមីន C អាចជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​នឹង​ឈឺ ក៏ដូចជា​ឆ្លង​មេរោគ​ផ្សេងៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com