ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
ជីដូន និងម្ដាយនាំកូនចៅទៅវត្តពេលភ្ជុំបិណ្ឌដើម្បីឱ្យពួកគេចេះធ្វើបុណ្យពីតូច
× ភ្នំពេញ៖ ជីដូនជីតា និងមាតាបិតាមួយចំនួន បាននាំចៅកូន ឬក្មួយតូចៗរបស់ខ្លួនទៅវត្ត ក្នុងឱកាសរដូវកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។ នាំក្មេងដែលមានអាយុតិចទៅវត្តជាមួយ ព្រោះចាស់ៗទាំងនោះ ចង់ឱ្យក្មេងបានស្គាល់ព្រះពុទ្ធសាសនា និងចង់បណ្ដុះសេចក្ដីល្អក្នុងចិត្តសណ្ដានរបស់ពួកគេតាំងតែពីនៅតូចនោះឯង។
ដើម្បីដឹងច្បាស់ពីគោលបំណងរបស់ចាស់ទុំមួយចំនួន ដែលបាននាំចៅទៅវត្តក្នុងរដូវកាន់បិណ្ឌភ្ជុំបិណ្ឌនេះ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ព្រឹកព្រហាមស្រាងនាថ្ងៃកាន់បិណ្ឌទី២ ដែលត្រូវនឹងថ្ងៃ២រោជខែភទ្របទឆ្នាំកុរឯកស័ក្ដិពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែកញ្ញា គេឃើញមានពុទ្ធបរិស័ទទាំងក្មេងចាស់ប្រុសស្រី អង្គុយត្រៀបត្រាក្នុងសាលាឆាន់នៃវត្តសន្សំកុសល។ ក្នុងចំណោមពុទ្ធបរិស័ទជាមនុស្សធំ ដែលបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ គេក៏ឃើញមានក្មេងតូចៗតាំងពីមិនទាន់ចេះក្រឡាប់ ដល់អាយុ២ខួប ៣ខួប ៥ឆ្នាំ រហូតដល់៨ទៅ៩ឆ្នាំ អង្គុយក្បែរជីដូននិងម្ដាយឪពុករបស់ពួកគេ។
ដ្បិតថាពួកគេនៅមិនទាន់ចេះគិតអ្វីល្អអ្វីអាក្រក់ ប៉ុន្តែគោលបំណងរបស់ជីដូនជីតានិងម្ដាយឪពុកទាំងនោះ ចង់ឱ្យពួកគេបានឃើញនិងស្គាល់ព្រះពុទ្ធសាសនាពីក្មេងទៅ។ ចាស់ទុំទាំងនោះមានជំនឿថា ការនៅជិតស្និទ្ធនឹងព្រះពុទ្ធសាសនា នឹងធ្វើឱ្យកូនចៅរបស់ពួកគេក្លាយជាបុគ្គលដែលប្រដៅងាយ និងក្លាយជាមនុស្សល្អនាពេលអនាគត។
អង្គុយក្បែរចៅប្រុសរបស់ខ្លួនដែលមានអាយុ៥ឆ្នាំម្នាក់និង២ខួបម្នាក់ អ្នកស្រី រាជ សាវ៉ាង កំពុងតែរៀបចំចង្ហាន់ដែលខំសម្រិតសម្រាំងពីផ្ទះ សម្រាប់ប្រគេនព្រះសង្ឃឱ្យទាន់ចង្ហាន់ព្រឹក។ លើកចានស្រាក់ដើម្បីចាក់ម្ហូបផ្ទេរចូលក្នុងចានថ្ម ជីដូនដែលមានវ័យប្រមាណជាង៥០ឆ្នាំរូបនេះ នាំចៅទៅវត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីបង្រៀនឱ្យពួកគេស្គាល់ព្រះពុទ្ធសាសនាពីក្មេង។
មិនត្រឹមតែនាំចៅមកវត្តទេ តែស្ត្រីសម្បុរសរូបនេះតែងតែបង្រៀនចៅឱ្យចេះធ្វើបុណ្យ នៅរៀងរាល់ពេលព្រះសង្ឃនិមន្តបិណ្ឌបាទតាមផ្ទះថែមទៀតផង៖«ខ្ញុំនាំកូនចៅមកនេះឱ្យវារៀនធ្វើបុណ្យពីតូច។ រាល់ថ្ងៃបើព្រះសង្ឃនិមន្តបិណ្ឌបាទ គឺវាត្រូវតែដាក់បាទលោក បើមិនបានដាក់បាទទេវានឹងយំ។ វាចេះអង្គុយចេះសំពះចេះដោះស្បែកជើងដូចយើង។ យើងប្រាប់វាឱ្យចេះគោរពព្រះពុទ្ធសាសនា ឱ្យវារៀនធ្វើបុណ្យពីតូច។ បើយើងមិនបង្រៀនវាទេ នោះក្មេងវាមិនចេះទេ។ យើងជាចាស់ត្រូវណែនាំវាឱ្យដើរផ្លូវល្អ ឱ្យវាចេះធ្វើបុណ្យធ្វើទាន»។
ជីដូនរូបនេះ ថាកាលណាក្មេងបានតម្រង់ឱ្យដើរផ្លូវត្រូវពីតូច នោះពេលធំឡើងក៏គេនៅតែធ្វើអំពើល្អជានិច្ចដែរ៖«ដូច្នេះយើងតម្រង់យើងណែនាំវាពីតូច វាដឹងបុណ្យដឹងបាបពីតូចអ៊ីចឹងទៅ ធំឡើងវាមិនដើរផ្លូវអបាយមុខទេ។ យើងឱ្យវាចេះដាក់បាទព្រះសង្ឃ ចេះសំពះព្រះសង្ឃ នោះវាអាចបានបុណ្យកុសលមួយភាគដែរ។ ពេលចៅខ្ញុំឮថាខ្ញុំមកវត្ត វាក៏តាមមកដែរ ហើយវាភ្ញាក់មុនយើងផង។ ចិត្តវាសទ្ធាដូច្នេះធំទៅវានឹងដើរផ្លូវល្អ»។
ស្ត្រីដែលរស់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១រូបនេះ ថាជារៀនរាល់ថ្ងៃចៅប្រុសរបស់ខ្លួនដែលមានអាយុត្រឹមតែ២ខួប តែងតែចាំមើលផ្លូវព្រះសង្ឃនិមន្តបិណ្ឌបាទ ហើយគេក៏តែងតែហៅជីដូនរាល់ពេលព្រះសង្ឃនិមន្តមកដល់មុខផ្ទះដែរ។ ទាំងនេះអ្នកស្រី សាវ៉ាង ថាកើតចេញពីការបង្ហាត់បង្រៀនពួកគេតាំងពីនៅតូចនោះឯង៖«ខ្ញុំបង្រៀនចៅរាល់ថ្ងៃ ឱ្យចេះធ្វើបុណ្យ។ វានៅក្មេងមិនចេះនិយាយច្បាស់ដូចយើងទេ វាចេះតែនិយាយថា បិណ្ឌប៉ាក់ៗ នោះចៅអាយុ២ខួបនោះវានិយាយ។ ជួនកាលយើងចាស់រវល់ធ្វើការ វាក្មេងវានៅចាំមើលព្រះសង្ឃនិមន្តមកដល់វាហៅយើង។ ឱ្យតែឃើញលុយថ្មីៗវាទារហើយ យកទុកដាក់បាទព្រះសង្ឃ បើយើងមិនឱ្យវាយំ»។
ចំណែកអ្នកស្រី ច្រឹក មុំ ដៃស្ដាំយួរចានស្រាក់ពណ៌ទឹកប្រាក់ ដៃឆ្វេងកាន់ដៃចៅប្រុសដើរតម្រង់ទៅជ្រុងម្ខាងនៃសាលាឆាន់ ក្រោយពីបានចូលបច្ច័យនៅកន្លែងតាអាចារ្យក្បែរមាត់ទ្វារសាលាឆាន់រួច។ មានវ័យប្រមាណ៦០ឆ្នាំ ជីដូនរូបនេះតែងតែនាំចៅមកវត្តនៅរៀងរាល់ថ្ងៃសីល រហូតធ្វើឱ្យចៅចូលចិត្តមកវត្ត។ ក្នុងសម្លៀកបំពាក់អាវពណ៌សហើយកន្សែងពានាពណ៌ដូចជាអាវដែលនោះ អ្នកស្រី មុំ ថាចៅរបស់ខ្លួនក្រោកពីព្រឹកព្រលឹមរាល់ថ្ងៃ ដើម្បីមកវត្តនៅរដូវកាន់បិណ្ឌនេះ។ អ្នកស្រីបញ្ជាក់៖«ខ្ញុំមកសុំសីលរាល់សីល ហើយចៅចេះតែសុំមករហូត។ ភ្ជុំនេះវាក្រោកមកជាមួយខ្ញុំបីយប់ហើយ ស្អែកថ្ងៃរៀនវាមិនបានមកទេ។ កាលពីចៅខ្ញុំនៅតូចខ្ញុំចេះតែហៅវាមកជាមួយរហូត ព្រោះចង់ឱ្យវាដឹងនិងឃើញពីរបៀបធ្វើបុណ្យរបស់យើងថាបែបណា នោះវានឹងចង់ធ្វើបុណ្យតាមដែរហើយ»។
ដៃដាក់លើស្មាចៅដែលមានអាយុប្រមាណជា១០ឆ្នាំ ជីដូនដែលមានសក់ស្រូតខាងលើនិងរួញខាងក្រោមរូបនេះថាមនុស្សចាស់គួរតែនាំចៅឱ្យស្គាល់វត្តពីក្មេង ដើម្បីឱ្យពួកគេនៅជិតស្នឹទ្ធនឹងសេចក្ដីល្អ ៖«ម្ដាយឪពុកត្រូវតែនាំកូនចៅមកវត្ត ដើម្បីឱ្យគេដឹងថាព្រះពុទ្ធសាសនារបស់យើងយ៉ាងម៉េចខ្លះ។ នេះជាការបណ្ដុះកូនឱ្យដឹងពីទំនៀមទម្លាប់ នៃការធ្វើបុណ្យទានរបស់ខ្មែរយើង»។
ងាកមកចាប់អារម្មណ៍អ្នកម្ដាយវិញម្ដង។ អ្នកនាង សេង ច័ន្ទពិសី វ័យ២៧ឆ្នាំ បាននាំកូនទាំង២នាក់របស់ខ្លួនមកវត្តជាមួយដែរ។ មិនមែននៅផ្ទះមិនមានអ្នកមើលក្មេងទេ ប៉ុន្តែហេតុផលយ៉ាងច្បាស់មួយដែលជំរុញឱ្យអ្នកម្ដាយវ័យក្មេងរូបនេះដឹកដៃកូនមកវត្ត គឺមិនខុសពីជីដូនទាំងពីខាងលើឡើយ។ អ្នកម្ដាយពាក់អាវប៉ាក់ប្រពៃណីពណ៌ក្រហម ញញឹមស្រស់រូបនេះ ពិតជាជឿ ថាការនាំកូនមកវត្តពីតូច ប្រៀបបាននឹងការបណ្ដុះគ្រាប់ពូជដ៏ល្អឱ្យកូនដូច្នោះដែរ៖«ដាស់កូនមកទាំង២នាក់តែម្ដង ព្រោះចង់បង្រៀនឱ្យគាត់ស្គាល់ពីបុណ្យបាប ឱ្យគាត់ចេះធ្វើបុណ្យ បណ្ដុះពូជអំពើល្អឱ្យគាត់ពីក្មេងឱ្យហើយ»។
ក្នុងនាមជាម្ដាយអ្នកនាង ច័ន្ទពិសី ពន្យល់ថាពេលកូនមិនទាន់ចេញទៅសង្គមខាងក្រៅ ជួបទាំងមនុស្សល្អនិងមនុស្សអាក្រក់ ដែលអាចនាំគេឱ្យដើរផ្លូវមិនល្អ អ្នកម្ដាយដែលជាគ្រូដើមរូបនេះ នឹងព្យាយាមបង្រៀនកូនឱ្យស្គាល់បុណ្យបាបឱ្យបានច្រើន៖«យើងមើលមិនឃើញថាទៅមុខគាត់ដើរតាមផ្លូវណាទេ ប៉ុន្តែខ្ញុំចង់បណ្ដុះពូជល្អឱ្យគាត់ឱ្យបានច្រើនពីតូច មុននឹងគាត់ទៅក្នុងសង្គមខាងក្រៅជួបមនុស្សផ្សេងទៀត។ យើងជាម្ដាយគឺជាគ្រូទី១ដែលបង្រៀនពួកគាត់ ដូច្នេះត្រូវតែបង្រៀនគាត់ឱ្យស្គាល់បុណ្យបាប ស្គាល់ចាស់ទុំ និងដឹងពីប្រពៃណីយើង»៕
© រក្សាសិទ្ធិដោយ thmeythmey.com