ជាតិ
ឥណ្ឌូណេស៊ី ចង់​វិនិយោគ​លើ​វិស័យ​ផ្លូវដែក​នៅ​កម្ពុជា​
20, Sep 2019 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឥណ្ឌូណេស៊ី នឹង​ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​វិស័យ​ផ្លូវដែក​នៅ​កម្ពុជា​។ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​លោក Budi Karya Sumadi បង្ហាញ​បំណង​វិនិយោគ​ផ្លូវដែក​នេះ ប្រា​ប់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​កំពុង​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​។​



​លោក Budi Karya Sumadi បាន​និយាយថា ឥណ្ឌូណេស៊ី មានបទពិសោធន៍​លើ​ការវិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ផ្លូវដែក​ជាមួយ​ប្រទេស​ថៃ ម៉ាឡេស៊ី ឡាវ បង់​ក្លា​ដេ​ស និង​អា​ព្រិ​ក កន្លងមកហើយ​។ ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ បាន​ស្រង់​សម្តី​លោក Budi Karya Sumadi យ៉ាង​ដូច្នេះ​ថា​៖« ឯកឧត្តម​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី​បាន​សម្តែង​នូវ​បំណង​ពង្រីក​នូវ​អាជីវកម្ម និង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក និង​កំពង់ផែ​នៅ​កម្ពុជា ព្រោះ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​រោងចក្រ​រដ្ឋ​ដ៏​ធំ​ផលិត​នូវ​ទូ និង​ក្បាលរថភ្លើង ដែក​រ៉ៃ និង​គ្រឿង​បង្គុំ​ផ្សេងៗ សម្រាប់​បម្រើ​ឲ្យ​ការលើក​កម្រិត និង​សាងសង់​ផ្លូវដែក​។ ចំពោះ​កំពង់ផែ​វិញ ប្រទេស​ឥណ្ឌូនេស៊ី​មាន​រោងចក្រ​រដ្ឋ​ធំៗ​ផលិត​នាវា គ្រឿង​ឧបករណ៍​សម្ភារៈ​បរិក្ខា​កំពង់ផែ​»​។​

​ក្រោយ​ស្ដាប់​ឭ​បំណង​របស់​ថ្នាក់ដឹកនាំ​ឥណ្ឌូណេស៊ី ដែល​ចង់​វិនិយោគ​លើផ្លូវ​ដែក​កម្ពុជា​នេះ លោក ស៊ុន ចាន់ថុល ក៏បាន​បង្ហាញ​ពី​គម្រោង​លើក​កម្រិត​ផ្លូវដែក​របស់​កម្ពុជា ដែលមាន​ស្រាប់ និង​គម្រោង​សាងសង់​ផ្លូវដែក​ថ្មី ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទៅ​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​។ រដ្ឋមន្ត្រី​សាធារណការ​កម្ពុជា ក៏​ជំ​រុញឱ្យ​អ្នកវិនិយោគ​ឥណ្ឌូណេស៊ី មក​សិក្សា​និង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​។

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និង​កំពង់ផែ រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី​៕

© រក្សាសិទ្ធិដោយ thmeythmey.com