ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា នៅតែ​ឲ្យ​តម្លៃ​លើ «​ភាព​ស្ងៀមស្ងាត់ ហើយ​ចៀសវាង​ប្រើ​ហិង្សា​»
20, Sep 2019 , 11:55 am        
រូបភាព
លោក សម  រង្ស៊ី និង លោក កឹម សុខា ស្ថិតក្នុងពិធិសូត្រមន្ត មុននឹងចាប់ផ្តើមដឹកនាំធ្វើមហាបាតុកម្មនៅភ្នំពេញកាលពីឆ្នាំ២០១៣ ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង (រូបពី AFP)
លោក សម រង្ស៊ី និង លោក កឹម សុខា ស្ថិតក្នុងពិធិសូត្រមន្ត មុននឹងចាប់ផ្តើមដឹកនាំធ្វើមហាបាតុកម្មនៅភ្នំពេញកាលពីឆ្នាំ២០១៣ ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង (រូបពី AFP)
ដោយ: ថ្មីៗ
​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ នៅតែ​ចង់​ឲ្យ​មានការ​រក្សា​ភាព​ស្ងៀមស្ងាត់ ជាពិសេស​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ អ្នកស្រី ម៉េង សុភា​រី មេធាវី​ម្នាក់​របស់លោក កឹម សុខា បាន​បង្ហោះ​ទស្សនៈ​របស់លោក លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​។



​អ្នកស្រី ម៉េង សុភា​រី ដែល​អ្នក​អះអាងថា បាន​ទៅ​ជួប​លោក កឹម សុខា ជាមួយ​លោក​មេធាវី ផែង ហេង កាលពី​ថ្ងៃទី​ទី​១៩ ខែកញ្ញា បាន​សរសេរ​ពីស​ម្តី​របស់លោក កឹម សុខា យ៉ាង​ដូច្នេះ​៖«​ស្ងប់ស្ងៀម​ដោយ​ប្រើ​បញ្ញា ប្រសើរ​ជាង​ហិង្សា​ដោយ​ឆ្កួត​វង្វេង​»​។

​អ្នកស្រី​មេធាវី ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា លោក កឹម សុខា ដែលជា​អ្នក​អហិង្សា​និយម ពុំបាន​និយាយ​អ្វី​ផ្សេង ក្រៅតែពី​សារ​ខាងលើ​នោះទេ​។ អ្នកស្រី បន្ត ក្រុម​មេធាវី នៅតែ​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា​។

​ថ្មីៗ​នេះ មាន​មន្ត្រី​និង​សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង​ដល់​ទៅ​៦​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​។ អ្នក​ទាំងនោះ គឺ កញ្ញា យូ ចាន់​ធានី លោក យ៉ា​ត ភារ​ម្យ លោក ទុំ ប៊ុនថន លោក លី ម៉េង​ឃាង លោក លី លីន និង លោក ឈុន ថៃ​យុទ្ធ​។ កន្លងមក មាន​សកម្មជន​ជិត​២០​នាក់​ផ្សេងទៀត ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ដែល​មកដល់ពេលនេះ ពួកគេ កំពុងតែ​ជាប់ឃុំ​។ 

​សហរដ្ឋអាមេរិក តាមរយៈ​អ្នកស្រី Morgan Ortagus អ្នកនាំពាក្យ​ការបរទេស បានស្នើ​មក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៦​នាក់​នោះ ដែល​ទើបនឹង​ត្រូវបាន​ចាប់ខ្លួន និង អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នាពេល​កន្លងមក រួមទាំង​លោក កឹម សុខា ផងដែរ​។ អ្នកស្រី បាន​ហៅ​ការចាប់​អ្នក​ទាំងនោះ ថា​ធ្វើឡើង​តាម​អំពើ​ចិត្ត​និង​ខុសច្បាប់​។​

​ការ​ថ្លែង​សារ​របស់​អ្នកនាំពាក្យ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក គឺធ្វើឡើង​តាមរយៈ​វី​ដូ​អូ​ឃ្លី​ប ជិត​មួយ​នាទី កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​។ អ្នកស្រី បញ្ជាក់​ដូច្នេះ​ថា​៖«​យើង នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តារ​លទ្ធិ​ប្រជា​ធិ​ធិបតេយ្យ​សេរី​ពហុបក្ស​ឡើងវិញ ហើយ​ការពារ​សិទ្ធិមនុស្ស និង សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងទៀត​»​។​

​អតីត​គណបក្សប្រឆាំង បានចេញ​សេចក្តីថ្លែងការណ៍​ពី​ក្រៅប្រទេស​មក ដោយបាន​ថ្តោ​ល​ទោស​រដ្ឋាភិបាល​កម្ពុជា​។ សេចក្តីថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា បានសរសេរថា​៖«​ការចាប់​និង​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ គឺជា​ទង្វើ​រំលោភបំពាន​យ៉ាង​កម្រោល​លើ​ច្បាប់​ជាតិ​និង​អន្តរជាតិ ព្រមទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា​.....»​។​

អត្ថបទទាក់ទង


​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មកដល់ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្គាប់​ទៅគ្រប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ដាក់​កម្លាំង​ឃ្លាំមើល​អ្នកគាំទ្រ​គណបក្សប្រឆាំង នៅតាម​វត្ត​អារាម ដោយ​បារម្ភ​ថា ពួកគេ យក​លេស​នៃ​ការ​ទៅ​វត្ត ដើម្បី​ជួបជុំគ្នា ហើយ​លួច​ជជែក​គ្នា​ពី​ផែនការ​ខ្មៅ​ងងឹត​។ រដ្ឋមន្ត្រី​មហាផ្ទៃ ដែលមាន​សិទ្ធិអំណាច​មើល​ការខុសត្រូវ​លើ​អភិបាល​រាជធានី​-​ខេត្ត ដែលជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បានដាក់​បញ្ជា​ថា​៖«​សូម​នាំគ្នា​ចាត់ចែង​»​។​

​លោក សម រង្ស៊ី ដែល​តែង​ប្រកាសថា​លោក​ជា​ដៃគូ​នយោបាយ​ស្លាប់​រស់​របស់លោក កឹម សុខា ហាក់ដូច​ជាមាន​យុទ្ធសាស្ត្រ​នយោបាយ​ផ្ទុយ​ពី​លោក កឹម សុខា ដោយ​លោក បានរៀបចំ​ផែនការ​ផ្លាស់ប្តូរ ដោយ​ប្រើ​កម្លាំង​មហាជន និង​បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ផ្តាច់ខ្លួន​ពី​រដ្ឋាភិបាល ហើយ​ចូលរួម​ជាមួយ​លោក​។ លោក ដាក់​ផែនការ​ថា លោក និង​បក្សពួក នឹង​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ដោយឡែក លោក កឹម សុខា តែង​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិនសូវ​បញ្ចេញ​សារ​នយោបាយ​អ្វី​ឡើយ ចាប់តាំងពី​លោក ត្រូវបាន​ចាប់ខ្លួន កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧​មក ។ លោក ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​អស់​រយៈពេល​មួយឆ្នាំ ហើយ​ក្រោយ​ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅ​រស់នៅ​ក្នុងផ្ទះ ដោយ​គិត​មកដល់ពេលនេះ មាន​រយៈពេល​មួយឆ្នាំ​ដែរ​ហើយ​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ក្រុមប្រឆាំង និង​សហគមន៍​អន្តរជាតិ​មួយចំនួន តែង​អំពាវនាវ​ជា​ដដែលៗ ឲ្យ​ដោះ​លោក កឹម សុខា និង​ហៅ​ការឃុំខ្លួន​លោក ថា​អយុត្តិធម៌​៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com