ក្រសួងយុត្តិធម៌ ព្រមានថា «រាជការ ត្រូវជាប់ទោសមួយជីវិត» បើចូលរួមធ្វើរដ្ឋប្រហារ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងយុត្តិធម៌ ព្រមានថា «រាជការ ត្រូវជាប់ទោសមួយជីវិត» បើចូលរួមធ្វើរដ្ឋប្រហារ
20, Sep 2019 , 1:58 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
ក្រសួងយុត្តិធម៌ តាមរយៈអ្នកនាំពាក្យ បានប្រកាសប្រាប់ប្រជាជនថា ក្រុមប្រឆាំងនៅក្រៅប្រទេស ដែលមានលោក សម រង្ស៊ី ជាមេដឹកនាំ មានបំណងធ្វើរដ្ឋប្រហារ ពេលពួកគេ មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។



អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងពីផ្លូវច្បាប់ថា ការធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាល គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសពី «បទឧបឃាត» តាមមាត្រា៤៥១និងមាត្រា៤៥២នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយ «បើជនល្មើសជាអ្នករាជការសាធារណៈ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត»។ អ្នករាជការសាធារណៈ គឺអ្នកដែលទទួលប្រាក់ខែរដ្ឋ ហើយបម្រើសេវាសាធារណៈ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។  

ក្រសួងយុត្តិធម៌ បន្តថា ចំពោះបុគ្គលដែលចូលរួមក្នុងគម្រោងធ្វើរដ្ឋប្រហារ ត្រូវជាប់ពី «បទរួមគំនិតក្បត់ [ជាតិ]» តាមត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើបុគ្គលនោះ ជាមន្រ្តីសាធារណៈ ត្រូវជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ ២០ឆ្នាំ។ ប៉ុន្តែ អ្នកនំាពាក្យយុត្តិធម៌ អះអាងថា បើបុគ្គលទាំងនោះ សារភាពកំហុស ហើយចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីបង្រា្កបបទល្មើសនេះ ពួកគេ នឹងត្រូវលើកលែងទោស។

ការព្រមានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយបន្ថែមថា បើមន្រ្តីរាជការសាធារណៈ ចូលរួមរៀបចំផែនការជាមួយក្រុមប្រឆាំង ដើម្បីធ្វើរដ្ឋប្រហារ មន្រ្តីនោះ ត្រូវបានចាត់ទុក ជាជនល្មើស ព្រោះបានប្រព្រឹត្តផ្ទាល់ដៃ ដូច្នេះ ត្រូវជាប់ទោសមួយជីវិត។ តែបើចូលរួមគាំទ្រនិងអនុវត្តផែនការ ដើម្បីធ្វើរដ្ឋប្រហារ មន្រ្តីរាជការសាធារណៈ ត្រូវជាប់ពីបទសមគំនិតក្បត់ជាតិ ដែលត្រូវជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។ 

សូមស្តាប់លោក ជិន ម៉ាលីន ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ក្រោយពីបានចេញសេចក្តីប្រកាសព័ត៌មាន៖ 




លោក សម រង្ស៊ី បានអំពាវនាវម្តងជាពីរហើយ ឲ្យកងម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល ហើយងាកទៅចូលរួមជាមួយលោក ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៩នេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង បានប្រជុំជាថ្មីនៅក្រៅប្រទេស ហើយបានប្រកាសថា ត្រៀមថវិកាសម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធ ដែលផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល។ 
 
អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រសួងយុត្តិធម៌ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុក ការសម្រេចដាក់ផែនការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង អំពីការធ្វើមាតុនិវត្តរបស់លោក សម រង្ស៊ី និង ការត្រៀមថវិកាសម្រាប់ផ្តត់ផ្គង់កងកម្លាំងប្រដាប់អាវុធ ថាមិនមែនដើម្បីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើយ តែដើម្បីធ្វើរដ្ឋប្រហារ។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«...ផែនការខាងលើនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខរដ្ឋ»៕


Tag:
 រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com