កីឡាជាតិ
ជាតិ
ក្រោយ​បរាជ័យ​ក្នុងជំនួប​បើកឆាក U16 កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​ជប៉ុន​នៅ​រសៀល​នេះ​
20, Sep 2019 , 2:27 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ U16 ជប៉ុន សម្រាប់​ជំនួប​លើក​ទី​២​ក្នុង​វគ្គ​ជម្រុះ AFC U16 Championship ដែល​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​២០ ខែកញ្ញា​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​ឡាវ​។ ចំណែក​ម្ចាស់ផ្ទះ​ឡាវ ប៉ះ​ម៉ាឡេស៊ី​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​។​



​នា​ជំនួប​បើកឆាក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៧-០ ខណៈ​ជប៉ុន​យកឈ្នះ​ម្ចាស់ផ្ទះ​ឡាវ​ក្នុង​លទ្ធផល ៤-០​។ បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​កន្លង​នោះទេ​។ កម្ពុជា​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ឡើយ ខណៈ​ជប៉ុន​ធ្លាប់​គ្រង​ជើងឯក​ចំនួន​៣​លើក​(១៩៩៤, ២០០៦, ២០០៨) និង​ជើងឯក​រង​ចំនួន​១​លើក​(២០១២)​។​

​កម្ពុជា​ទាមទារ​ឈ្នះ ឬ​ស្មើ​ជប៉ុន​នៅថ្ងៃនេះ បើ​ពុំ​នោះទេ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​ពួកគេ​អាច​នឹង​បាត់បង់​។ តែ​យ៉ាងណា វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​កម្ពុជា​ក្នុងការ​យកឈ្នះ​នោះទេ ដ្បិត​ជប៉ុន​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង​មួយ​នៅ​តំបន់​អាស៊ី​។ តែ​កម្ពុជា​អាច​សាង​ប្រវត្តិសាស្ត្រ​បាន​ឬទេ​នៅ​រសៀល​នេះ​៕

សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាមុនជំនួបជាមួយជប៉ុន, រូបភាពពី FFC


Tag:
 បាល់ទាត់​
  AFC U16 Championship
  U16 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com