អន្តរជាតិ
ចិន​និង​រុស្ស៊ី បន្ត​ពួតដៃគ្នា​ដើម្បី​ការពារ​ពិភពលោក​ពហុ​និយម​
20, Sep 2019 , 7:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី ពូទីន និងនាយករដ្ឋមន្រ្តីចិន Li Keqiang  , រូបភាព (Reuters)
ប្រធានាធិបតីរុស្ស៊ី ពូទីន និងនាយករដ្ឋមន្រ្តីចិន Li Keqiang , រូបភាព (Reuters)
​ជំនួប​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី និង​ចិន​រយៈពេល​បី​ថ្ងៃ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែកញ្ញា នា​ក្រុង​ទីក្រុង​មូ​ស្គូ​។ ដោយ​ចង់​សំដៅ​គោលនយោបាយ​បច្ចុប្បន្ន​របស់​អាមេរិក ចិន និង​រុស្ស៊ី បាន​ព្រមព្រៀងគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង «​ឯកតោ​និយម និង​ការពារ​និយម​» ដើម្បី​ពិភពលោក​ពហុ​និយម និង​ជំរុញ​ទំហំ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំ​ជាង​មុន​។



​គោលនយោបាយ​គាំពារ​និយម គិតតែ​ប្រយោជន៍​ខ្លួនឯង​របស់​អាមេរិក ជា​មុខសញ្ញា​នៃ​ការរិះគន់​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី និង​ចិន​។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ក្រោយ​ជំនួប​របស់​នាយករដ្ឋមន្ត្រី​ចិន លី ខ​ឈាំ​ង និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ឡើង​ថា ការកើនឡើង​នៃ​នយោបាយ​មិន​ច្បាស់លាស់ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកល​មាន​កំណើន​យឺត និង​កាន់តែ​អាក្រក់​ឡើង​។ ភាពមិនច្បាស់លាស់​នេះ គឺ​កើតឡើង​ដោយ​នយោបាយ​អាមេរិក​តែម្ដង​។​

​តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post  សេចក្តីថ្លែងការណ៍​រួម​បាន​គូសបញ្ជាក់ថា​៖ «​ភាគី​ទាំងសងខាង​ជឿថា ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ក្នុងពេល​បច្ចុប្បន្ន កំពុង​ប្រឈមមុខ​នឹង​បញ្ហា ចំណែក​នយោបាយ​គាំពារ​ពាណិជ្ជកម្ម​កំពុងតែ​កើនឡើង និង​វិធានការ​ឯកតោភាគី ដែល​បាន​បំពាន​ច្បាប់​អង្គការ​ពាណិជ្ជកម្ម កំពុងតែ​កើតឡើង​ជា​ញយៗ​»​។

​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ចិន និង​រុស្ស៊ី ធ្វើឡើង​ក្នុង​បរិបទ​ដែល​អាមេរិក​កំពុងតែ​ដើរចេញ​កាន់តែ​ឆ្ងាយ​ពី​សណ្ដា​ប់ធា្ន​ប់​ពិភពលោក​សព្វថ្ងៃ​ដែល​ផ្អែកលើ​ប្រព័ន្ធ​ពហុភាគី​និយម ហើយ​អនុវត្ត​គោលការណ៍​គិតតែ​ខ្លួនឯង​ខ្លាំងជាងគេ​។ ចិន ដែល​ប្រកាស​ខ្លួន​ជា​អ្នកការពារ​ប្រព័ន្ធ​ពហុ​និយម បាន​អំពាវនាវ​ឲ្យ​ពិភពលោក​បន្ត​ចរន្ត​សាកលភាវូបនីយកម្ម ហើយ​ចេញមុខ​ប្រឆាំង​ចំៗ​នយោបាយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៀតផង​។

​មិនត្រូវ​គ្នា​ជាមួយ​អាមេរិក ចិន​ក៏​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​កាន់តែ​រឹងមាំ ដើម្បី​ម្យ៉ាង​ទប់ទល់​អាមេរិក និង​ម្យ៉ាង​ត្រូវការ​ទីផ្សារ និង​ផលិតផល​រុស្ស៊ី​ផង​។ នា​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី និយាយថា ទំនាក់ទំនង​ការទូត​រវាង​រុស្ស៊ី និង​ចិន​បាន​បោះជំហាន​ទៅមុខ និង​អភិវឌ្ឍ​ខ្លាំង ក្រោយ​រូបលោក ជួប​ប្រធានាធិបតី​ស៊ី ជិន​ភីង​ក្នុង​ខែមិថុនា​មក​ម្លេះ​។

​លោក លី បាន​ប្រា​ប់លោក ពូ​ទីន វិញ​ថា ប្រទេស​ទាំងពីរ នឹង​បន្ត​ធ្វើការ​ជាមួយគ្នា ដើម្បី​ប្រកាន់យក​អភិបាលកិច្ច​សកល និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ពហុ​និយម ជាមួយនឹង​អង្គការសហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ឆ្លៀត​ពេលនោះ លោកពូ​ទីន បាន​ហៅ​ការសហការ​រវាង​ចិន និង​រុស្ស៊ី​ថា​« កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់បំផុត​ក្នុង​កិច្ចការ​សកលលោក​» និង​ត្រៀម​ជួប​លោក ស៊ី ជិន​ភីង ក្នុងជំនួប BRICS និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។

​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សន្យាថា​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ចិន និង​រុស្ស៊ី​ពី ១០៧​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ដល់​ជាង ២០០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤​។ ម្យ៉ាងវិញទៀត​ភាគី​ទាំងពីរ​យល់ព្រម កាត់បន្ថយ​របាំង​ពន្ធគយ​លើ​ទំនិញ​កសិកម្ម ហើយ​ចិន​ក៏​យល់ព្រម​បង្កើន​ការនាំ​ចូល​នូវ ស្រូវ​សាលី និង​សណ្តែកសៀង​ពី​រុស្ស៊ី​បន្ថែមទៀត ខណៈពេល​ចិន​កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​៕

Tag:
 ចិន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com