កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Man Utd និង Arsenal សុទ្ធតែ​ឈ្នះ តែ Wolves ខកចិត្ត​
20, Sep 2019 , 3:06 pm        
រូបភាព
Manchester United និង Arsenal រកបាន​ជ័យជម្នះ​រៀងខ្លួន​ក្នុងជំនួប​បើកឆាក​ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នៃ​ពានរង្វាន់ UEFA Europa League ស្រប​ពេលដែល Wolverhampton ទទួលបាន​ត្រឹម​ការខកចិត្ត​ក្រោយ​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​។​



​ខ្សែប្រយុទ្ធ​វ័យក្មេង Mason Greenwood ជា​អ្នករក​គ្រាប់​បាល​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម Manchester United ដើម្បី​យកជ័យ​ជម្នះ​លើ​ក្រុម FC Astana ១-០ សម្រាប់​ការប្រកួត​ដំបូង​ក្នុង​ពូ​ល L​។ មិន​ត្រឹមតែ​ជួយ​ក្រុម​រកបាន​៣​ពិន្ទុ​ប៉ុណ្ណោះ​ទេ Greenwood បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​របស់​បិសាច​ក្រហម ពោលគឺ​ត្រឹម​វ័យ​១៧​ឆ្នាំ ដែល​អាច​ស៊ុត​បញ្ចូល​ទី​ក្នុង​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប​នេះ​។​

​ជំនួប​មួយគូ​ទៀត​ក្នុង​ពូ​ល​នេះដែរ Partizan Beograd បញ្ចប់​ទៅក្នុង​លទ្ធផល​ស្មើគ្នា​ជាមួយ AZ Alkmaar ២-២​។ ដូច្នេះ Man Utd ឡើងទៅ​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន តាម​ពីក្រោយ​ដោយ​ក្រុម​ពី​ហូ​ឡង់ AZ Alkmaar ក្រុម​ពី​ស៊ែ​ប៊ី និង​ក្រុម​ពី​ក​ហ្សា​ក់​ស្ថាន FC Astana នៅ​លេខ​រៀង​បន្តបន្ទាប់​។​

​ដោយឡែក Arsenal ក៏​រកបាន​៣​ពិន្ទុ​ពី​ការប្រកួត​ដំបូង​នៅក្រៅ​ដី​ផងដែរ តាមរយៈ​ការយក​ឈ្នះ​ក្រុម​ពី​អាល្លឺម៉ង់ Eintracht Frankfurt ក្នុង​លទ្ធផល ៣-០ ក្នុង​ពូ​ល F​។ កាំភ្លើង​ដែល​ដាក់​សុទ្ធតែ​កីឡាករ​ក្មេងៗ​នោះបាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ក្នុងនោះ​២​គ្រាប់​រកបាន​ដោយ​កីឡាករ​ដែលមាន​វ័យ​ត្រឹម​២០​ឆ្នាំ​ចុះ​។

​ខ្សែបម្រើ Joseph Willock វ័យ​២០​ឆ្នាំ​ជា​អ្នករក​គ្រាប់​ដំបូង​នៅ​នាទី​៣៨ មុនពេល Bukayo Saka ដែលមាន​អាយុ​១៨​ឆ្នាំ​បាន​បន្ថែម​គ្រាប់​ទី​២​នៅ​នាទី​៨៥ ហើយ​គ្រាប់​ទី​៣​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​ដែលមាន​វ័យ​៣០​ឆ្នាំ Pierre-Emerick Aubameyang នៅ​៣​នាទី​បន្ទាប់​។​

Arsenal ឈរ​នៅ​កំពូល​តារាង​ពូ​ល F តាម​ពីក្រោយ​ដោយ​ក្រុម Standard Liege​ដែល​បាន​យកឈ្នះ Vitoria de Guimaraes ២-០ នា​ជំនួប​បើកឆាក​ដូចគ្នានេះ​។​
​ចំណែក​ក្រុម​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​មួយទៀត គឺ Wolverhampton មិនអាច​យកបាន​៣​ពិន្ទុ​ក្នុងផ្ទះ​ខ្លួនឯង​បានឡើយ បន្ទាប់ពី​ចាញ់​ក្រុម​ភ្ញៀវ SC Braga ១-០​។ សម្រាប់​ជំនួប​បើកឆាក​មួយគូ​ទៀត​ក្នុង​ពូ​ល K នេះដែរ Slovan Bratislava បាន​យកឈ្នះ Besiktas ៤-២​។ SC Braga ឈរ​កំពូល​តារាង​ពូ​ល K មាន​៣​ពិន្ទុ​ស្មើគ្នា​ជាមួយ Slovan Bratislava ដែល​នៅ​លេខ​២៕

​ខាងក្រោម​នេះ​ជា​លទ្ធផល​ប្រកួត​របស់​ក្រុម​ទាំងអស់​ក្នុង​ក្របខណ្ឌ Europa League៖





Tag:
 UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com