លោក រៀល ខេ​ម​រិ​ន្ទ្រ​៖ បើ​បក្ស​សង្គ្រោះ​ជាតិ​រំលាយ​ហើយ​! ហេតុអ្វី​ថា​ខ្ញុំ ក្បត់បក្ស​?
ជាតិ
លោក រៀល ខេ​ម​រិ​ន្ទ្រ​៖ បើ​បក្ស​សង្គ្រោះ​ជាតិ​រំលាយ​ហើយ​! ហេតុអ្វី​ថា​ខ្ញុំ ក្បត់បក្ស​?
20, Sep 2019 , 7:39 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក រៀល ខេមរិន្ទ្រ
រូបពីហ្វេសប៊ុកលោក រៀល ខេមរិន្ទ្រ
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​អភិរក្សនិយម​របស់លោក រៀល ខេ​ម​រិ​ន្ទ្រ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ត្រូវបាន​ក្រសួងមហាផ្ទៃ សម្រេច​ទទួល​ចុះឈ្មោះ​បក្ស​ក្នុង​បញ្ជី កាលពី​ថ្ងៃ​១៨ កញ្ញា នាពេល​ថ្មីៗ​នេះ​។ គោលបំណង​នៃ​ការបង្កើត​បក្ស​ចូលរួម​នយោបាយ​នេះ ត្រូវបាន​លោក រៀល ខេ​ម​រិ​ន្ទ្រ អះអាងថា លោក​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម តាមរយៈ​គោលនយោបាយ​បែប​សន្តិភាព​របស់ខ្លួន​។​



​សម្រាប់​លោក រៀល ខេ​ម​រិ​ន្ទ្រ ការបង្កើត​បក្ស​ថ្មី​នេះ មិនមែន​ដើម្បី​ដើរតួរ​ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ពោលគឺ​លោក​ចង់​ប្រើប្រាស់​នយោបាយ​បែប​ទន់ភ្លន់ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ ដែល​លោក​យល់ឃើញថា វា​ប្រសើរ​ជាង​ការរិះគន់​វាយប្រហារ​នយោបាយ​គ្នា​ទៅវិញទៅមក​។​
ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក រៀល ខេ​ម​រិ​ន្ទ្រ ប្រធាន​គណបក្ស​ខ្មែរ​អភិរក្សនិយម ដូចតទៅ​៖



​នៅពេល​សួរថា តើ​លោក សម្រេចចិត្ត​បង្កើត​បក្ស​នេះ កំពុង​បង្ហាញ​ទង្វើ​ក្បត់បក្ស​មែន​ទេ​? លោក រៀល ខេ​ម​រិ​ន្ទ្រ បដិសេធ​ភ្លាម​ថា លោក​មិនបាន​ក្បត់បក្ស​ទេ ព្រោះ​លោក​ចង់​បន្តសកម្មភាព​នយោបាយ​ខ្លួន​។ ត្រង់ចំណុច​នេះ​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​មិនអាច​មាន​នរណា អាច​និយាយបានថា ខ្ញុំ​ក្បត់បក្ស​បានទេ​។ ហេតុអ្វី​បានជា​ខ្ញុំ​និយាយ​បែបនេះ​? ព្រោះថា​ខ្ញុំ​តើ​មាន​បក្ស​ឯណា ដែល​នឹងត្រូវ​ក្បត់​? ព្រោះថា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សាលដីកា​រំលាយ​បាត់​រួចទៅហើយ​។ អ៊ីចឹង​នៅពេល​ខ្ញុំ​សម្រេច​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​គណបក្ស​នោះ គឺជា​រឿង​ថ្មី​មួយទៀត ដោយ​មិនអាច​ថា​ខ្ញុំ​ក្បត់បក្ស​បានទេ ព្រោះថា​ច្បាប់ គឺជា​ច្បាប់​»​។​

​ត្រង់ចំណុច​នេះ​លោក រៀល ខេ​ម​រិ​ន្ទ្រ អះអាងថា ការបង្កើត​បក្ស​ថ្មី មិនមែនជា​ទង្វើ​«​អាត្មានិយម​»​នោះទេ ព្រោះ​វា​ជា​សិទ្ធិ​របស់លោក ក្នុងការ​សម្រេចចិត្ត​បន្ត​ជីវភាព​នយោបាយ​។ «​ការបង្កើត​គណបក្សនយោបាយ​មិនមែនជា​រឿង​អាត្មានិយម ប៉ុន្តែ​ជា​រឿង​ដោះស្រាយ​បញ្ហា​ជាតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​៕


Tag:
 រៀល ខេមរិន្ទ​
  CNRP
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com