អន្តរជាតិ
លោក មូ​ន ចេ​អ៊ី​ន នឹង​យក​បញ្ហា​ឧបទ្វីប​កូរ៉េ​ទៅ​ជជែក​ជាមួយ​លោក ត្រាំ​
20, Sep 2019 , 3:38 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន
​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹងត្រូវ​ធ្វើឡើង​នាទី​ក្រុង​ញូវយ៉ក​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ដោយ​ផ្ដោតលើ​ការកសាង​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ពាណិជ្ជកម្ម​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ​។ នេះ​បើតាម​ការប្រកាស​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​។​



​មេដឹកនាំ​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​អាមេរិក ដូ​ណា​ល់ ត្រាំ នឹងមាន​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក ។ នេះ​បើ​យោងទៅតាម​ការលើកឡើង​របស់​លេខា​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Choi Jong-kun ។ ចំណែក​វេលា និង​ទីកន្លែង​ជាក់ស្ដែង ដែល​ត្រូវ​ពិភាក្សា ភាគី​កូរ៉េខាងត្បូង​មិនទាន់​ច្បាស់​ទេ គឺត្រូវធ្វើ​ការគិតគូរ​ជាមួយ​ភាគី​អាមេរិក​ជាមុនសិន​។

​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅក្នុង​ជំនួប​ទ្វេភាគី​លើក​ទី​៩ នេះ លោក មូ​ន នឹង​នាំយក​បញ្ហា​មួយចំនួន​យកទៅ​ពិភាក្សា​ជាមួយ​លោក​ត្រាំ ដូចជា ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ការកសាង​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ ការពង្រឹង​មិត្ត​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន និង​ភាព​តានតឹង​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ​ជាដើម​។

​បន្ថែម​ពីនេះ​ទៅទៀត នៅក្នុង​សេចក្តីប្រកាស​សារព័ត៌មាន​កូរ៉េខាងត្បូង នាយក​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ Chung Eui-yong បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​នឹង​ខិតខំ​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​សម្រេច​ឲ្យ​បាន​ជោគជ័យ​នៅ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ និង​ការកសាង​សន្តិ​ភាពជា​យូរអង្វែង​។

​យ៉ាងណាមិញ បច្ចុប្បន្ននេះ​ក្រុង​វ៉ា​ស៊ី​តោន​កំពុង​គាបសង្កត់​ឲ្យ​ទីក្រុង​សេ​អ៊ូ​ល​បង់លុយ​លើ​បញ្ហា​សន្តិសុខ​នៅ​តំបន់​ច្រក​សមុទ្រ​Hormuz ប្រទេស​អ៊ីរ៉ង់ ដែល​ពាក់ព័ន្ធ​នឹង​នាវា​ដឹក​ប្រេង​ឆ្លងកាត់​តំបន់​នោះ​។ ប៉ុន្តែ​មន្ត្រី កូរ៉េខាងត្បូង ជឿថា​អាមេរិក​នឹងមិន​លើក​បញ្ហា​នេះ​មក​និយាយ​ទេ​។​

​សូមបញ្ជាក់ថា ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង និង​អាមេរិក​នៅពេលនេះ​គឺជា​លើកដំបូង​ហើយ ចាប់តាំងពី​មាន​ការឈ្លោះគ្នា​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​ធ្វើ​ឲ្យ​អាមេរិក​ឈឺក្បាល​យ៉ាងខ្លាំង ព្រោះតែ​ខ្លាច​បាត់បង់​នូវ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​របស់ខ្លួន​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com