ជាតិ
ក្រសួង​គាំទ្រ​ឱ្យ​បង្កើត​រោងចក្រ​ផលិត​បារី និង​ស៊ី​ហ្គា នៅ​ខេត្ត​ព្រះសីហនុ
20, Sep 2019 , 4:15 pm        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន គាំទ្រ​ឱ្យ​បង្កើត​រោងចក្រ​ផលិត​បារី និង​ស៊ី​ហ្គា នៅលើ​ផ្ទៃដី​ជាង​១៨​​ហិកតា ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ គម្រោង​នេះ ជា​របស់​ក្រុមហ៊ុន POWER CIGAR TABACCO CO.,LTD​។ ការសម្រេច​នេះ បន្ទាប់ពី​ក្រសួងបរិស្ថាន បើក​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​ថ្ងៃទី​១៩ កញ្ញា​។​



​ដ្បិត​ក្រសួងបរិស្ថាន គាំទ្រ​គម្រោង​បង្កើត​រោងចក្រ​បារី និង​ស៊ី​ហ្គា​ក្តី ប៉ុន្តែ​ក្រសួង​ក៏បាន​ដាក់​លក្ខខណ្ឌ​កំណត់ឱ្យ​ក្រុមហ៊ុន​ត្រូវមាន​ផែនការ​គ្រប់គ្រង​សំណល់​រាវ ដែល​ចេញពី​ខ្សែសង្វាក់​ផលិតកម្ម តាមរយៈ​ការឆ្លងកាត់​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​បទដ្ឋាន​បច្ចេកទេស ។ ជាពិសេស​យក​សំណល់​រាវ​ដែល​បាន​សម្អាត​រួច​យកទៅ​ស្រោច​ដើមឈើ រុក្ខជាតិ និង​មួយផ្នែក​ទៀត​បង្ហូរ​ទៅក្នុង​ប្រឡាយ នៅមុខ​រោងចក្រ ដោយ​អនុលោម​តាម​ស្តង់ដារ​របស់​ក្រសួងបរិស្ថាន​។​

​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន បាន​ស្រង់​ខ្លឹមសារ និង​លក្ខខណ្ឌ​ចំនួន​៩ មក​ចុះផ្សាយ​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​ត្រូវមាន​ផែនការ​កាត់បន្ថយ​ក្លិន​ចេញពី​រោងចក្រ​ឱ្យបាន​ត្រឹមត្រូវ ដោយ​បំពាក់​ឧបករណ៍​សម្អាត​ក្លិន​ចៀសវាង​បង្កឱ្យមាន​ការបំពុល​ខ្យល់ ដែលនាំឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​បុគ្គលិក​-​កម្មករ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្បែរ​ទីតាំង​គម្រោង​។ ក្រុមហ៊ុន​ត្រូវមាន​ផែន​ការដាំ​ដើមឈើ​ក្នុង​បរិវេណ​ទីតាំង​គម្រោង​របស់​ក្រុមហ៊ុន ដើម្បី​បង្កើត តំបន់​បៃតង​»​។​

​ក្រៅពី​ចំណុច​ខាងលើនេះ ក្រុមហ៊ុន​ក៏ត្រូវ​ផ្តល់​សម្ភារ​ឧបករណ៍​សុវត្ថិភាព​ការងារ​ដល់​បុគ្គលិក​-​កម្មករ រួមទាំង​ចុះបញ្ជី ប​.​ស​.​ស ដល់​បុគ្គលិក​-​កម្មករ​ឱ្យបាន​ត្រឹមត្រូវ​។ ជាពិសេស​ក្រុមហ៊ុន ត្រូវ​ពិនិត្យ​សុខភាព​បុគ្គលិក​-​កម្មករ រៀងរាល់​៦​ខែម្តង រួមទាំង​ផ្ដល់ឱកាស​ការងារ​ដល់​ប្រជាជន​មូលដ្ឋាន និង​ការចូលរួម​អភិវឌ្ឍ​ភូមិ​-​ឃុំ​ទៅតាម​លទ្ធភាព​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។​

​ក្រសួងបរិស្ថាន បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ការរៀបរាប់​ដែលមាន​នៅក្នុង​របាយការណ៍ IESIA​។ ទន្ទឹមនេះ ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ទីប្រឹក្សា ដើម្បី​កែសម្រួល និង​បញ្ចូល​មតិយោបល់​ចូលក្នុង​របាយការណ៍ ស្របតាម​ស្មារតី​នៃ​អង្គប្រជុំ​»​។​

​គូសបញ្ជាក់ថា តាម​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ,​អង្គការ​សុខភាព​ពិភពលោក និង​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ត្រួតពិនិត្យ​ថ្នាំជក់ បាន​រកឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៥, ០០០ នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ បណ្តាលមកពី​ជំងឺ​ដែល​បង្កដោយ​ការប្រើប្រាស់​ថ្នាំជក់​។​ចំណែក​ការប្រើប្រាស់​ថ្នាំជក់​បណ្តាលឱ្យ​ខាតបង់​ទឹកប្រាក់​ប្រមាណ ៦៤៩ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​ស្មើនឹង​៣% នៃ​GDP របស់​កម្ពុជា​។ ដោយសារ​បញ្ហា​ទើប​រដ្ឋាភិបាល ដាក់ចេញ​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី ដើម្បី​កំណត់​យន្តការ​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសើរឡើង ក្នុងការ​ផ្តល់​សុខមាលភាព​ប្រជាជន និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ។ ជាពិសេស​ប្រែក្លាយ​កម្ពុជា ឱ្យទៅជា​ប្រទេស​គ្មាន​ផ្សែង​បារី​នៅ​ឆ្នាំ​២០២៥ ។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍ ៕

Tag:
 រោងចក្រ​
  បារី​
  ស៊ី​ហ្គា
© រក្សាសិទ្ធិដោយ thmeythmey.com