អន្តរជាតិ
រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​ហាមឃាត់​ការលក់​បារី​អេឡិចត្រូនិក​នៅលើ​ទីផ្សារ​
20, Sep 2019 , 9:19 pm        
រូបភាព
រូបភាព AP
រូបភាព AP
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា រដ្ឋាភិបាល​ឥណ្ឌា បានប្រកាស​ហាម​មិនអោយ​មានការ​ចែកចាយ​បារី​អេឡិចត្រូនិក​នៅលើ​ទីផ្សារ​ខ្លួន​។ ការប្រកាស​ហាមឃាត់​នេះ ជា​វិធានការ​ការពារ​សុខភាព​ប្រជាជន ស្រប​ពេលដែល​យុទ្ធនា​ការប្រឆាំង​បារី​អេឡិចត្រូនិក កំពុង​កើនឡើង​ជុំវិញ​ពិភពលោក ទោះជា​បារី​ប្រភេទ​នេះ មិនសូវ​បង្ក​ផលប៉ះពាល់​ដូច​បារី​ផលិត​ចេញពី​ថ្នាំជក់​ក្ដី​។



​រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាស​ហាមឃាត់​ការផលិត ការនាំ​ចូល និង​ការ​ចែកចាយ​បារី​អេ​ឡិច​ត្រូ​និ​ច​ក្នុង​ទីផ្សារ​។ ការប្រកាស​ហាមឃាត់​នេះ ក៏​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អាមេរិក​បាន​ហាមឃាត់​មិន​អោយមាន​បារី​អេ​ឡិច​ត្រូ​និ​ដែលមាន​រសជាតិ​ផ្សេងៗ​លើ​ទីផ្សារ ព្រោះ​ជាដើម​ហេតុ​នៃ​ជំងឺ​សួត និង​ការស្លាប់​នៅ​សហរដ្ឋអាមេរិក​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា​លោកស្រី Nirmala Sitharaman បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការហាមឃាត់​នេះ ជាការ​សម្រេចចិត្ត​មួយ​ដែល​បាន​គិតគូរ​ពី​ផលប៉ះពាល់​នៃ​បារី​អេ​ឡិច​ត្រូ​និ​ច​ដែល​អាច​កើតមាន​លើ​យុវជន​ឥណ្ឌា​។ លោកស្រី​បន្ថែមថា បារី​អេ​ឡិច​ត្រូ​និ​ច​បាន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​កាន់តែខ្លាំង​ឡើង ដោយសារ​ពួកគេ​ប្រើប្រាស់​វា​ជា​ឧបករណ៍​ទាន់សម័យ​ជាជាង​ការប្រើប្រាស់​ដើម្បី​ជំនួស​អោយ​បារី​ធម្មតា​ទៅវិញ​។​

​ការហាមឃាត់​បារី​អេឡិចត្រូនិក នឹងត្រូវ​អនុវត្ត​ជា​បទបញ្ជា​ប្រតិបត្តិការ ដែលជា​ធម្មតា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ចេញ​សេចក្ដីសម្រេច​បន្ទាន់​អ្វីមួយ​ពេល​សភា​ឈប់សម្រាក​។ ប៉ុន្តែ​ការហាមឃាត់​នេះ​អាច​ត្រូវបាន​លុបចេញ​វិញ ប្រសិនបើ​អ្នកតាក់តែង​ច្បាប់​ឥណ្ឌា​បោះឆ្នោត​ប្រឆាំង​នៅ​កិច្ចប្រជុំ​នៅ​ខែវិច្ឆិកា​ខាងមុខ​។​

​ក្នុង​សេចក្តីព្រាង​ការហាមឃាត់​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងសុខាភិបាល​ឥណ្ឌា​បានដាក់​សំណើ​ហាមឃាត់​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​នៅ​ទីសាធារណៈ ដើម្បី​ធានាថា បារី​អេឡិចត្រូនិក​នឹងមិន​ប៉ះពាល់​ដល់​ក្មេង និង​យុវជន​ឥណ្ឌា​ឡើយ​។​
​បារី​អេឡិចត្រូនិក ជា​ប្រភេទ​បារី​មិន​ត្រូវបាន​ដុត​ទេ តែ​វា​ប្រើប្រាស់​កម្តៅ​ដើម្បី​បំ​លែង​សារធាតុ​រាវ​អោយ​កា្ល​យ​ទៅជា​ចំហាយ​វិញ​។ ជាធម្មតា ចំហាយ​នៃ​បារី​អេឡិចត្រូនិក​បាន​បាត់​សារធាតុ​ជាង​៧០០០​ដែលមាន​ក្នុង​បារី ប៉ុន្តែ​សារធាតុ​ដែល​បាត់បង់​នេះ​ត្រូវបាន​ជំនួស​វិញ​ដោយ​សារធាតុ​មួយចំនួន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​។​

​បទបញ្ជា​របស់​រដ្ឋាភិបាល​ឥណ្ឌា បាន​ទីផ្សារ​បារី​អេឡិចត្រូនិក​ដែលមាន​អតិថិជន​១.៣​លាន​នាក់​។ រដ្ឋ​មួយចំនួន​នៅ​ឥណ្ឌា​បាន​ហាមឃាត់​បារី​អេឡិចត្រូនិក មុនពេល​ការប្រកាស​នេះ​ទៅទៀត​ប៉ុន្តែ​ការចែក​ចាយ​នៅតែ​បន្ត​កើតមាន​ដោយ​ការលក់​តាម​អ៊ីនធឺណិត​។ បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ឥណ្ឌា​គឺជា​ប្រទេស​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ធំ​ទី​ពីរ តែ​វា​បានសម្លាប់​មនុស្ស​ប្រមាណ​ជាង​៩​សែន​នាក់​ជា​រៀងរាល់ឆ្នាំ​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com