ជាតិ
សមាគមសិល្បករខ្មែរ ស្វែងរកសិល្បករចាស់ៗ ដែលមានជីវភាពខ្វះខាតដើម្បីផ្ដល់ជំនួយ រូបពីហ្វេសប៊ុកលោក សុះ ម៉ាច
× ភ្នំពេញ៖ សមាគមសិល្បករខ្មែរ កំពុងស្វែងរកសិល្បករសិល្បការិនីដែលមានវ័យចំណាស់និងមានជីវភាពខ្វះខាត ដើម្បីផ្ដល់ជំនួយដល់ពួកគាត់ក្នុងឱកាសរដូវភ្ជុំបិណ្ឌនេះ។ លោក សុះ ម៉ាច ដែលត្រូវបានសមាគមសិល្បករខ្មែរជ្រើសតាំងឱ្យធ្វើកិច្ចការនេះ បានបញ្ជាក់ថា ជំនួយក្នុងរដូវភ្ជុំបិណ្ឌនេះ ផ្ដល់ជូនចំពោះតែសិល្បករសិល្បការិនីចាស់ៗ ដែលមានជីវភាពខ្វះខាតប៉ុណ្ណោះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សុះ ម៉ាច បានបញ្ជាក់ថា ជំនួយឧបត្ថម្ភនេះ គឺសម្រាប់តែសិល្បករចាស់ៗណាដែលមិនធ្លាប់ទទួលជំនួយពីសមាគមសិល្បករខ្មែរពីមុនតែប៉ុណ្ណោះ។ លោកថា ការផ្ដល់ជំនួយនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្នុងបំណងជួយសិល្បករចាស់ៗឱ្យមានប្រាក់ធ្វើបុណ្យ។
«ខ្មែរយើងមានទំនៀមទម្លាប់ចែករំលែកតាំងពីសម័យដើម។ អ្វីដែលយើងធ្វើ គឺយើងចង់ឱ្យសិល្បករដែលគាត់ខ្វះខាត គាត់អាចមានប្រាក់ខ្លះដើម្បីធ្វើបុណ្យ ក្នុងឱកាសភ្ជុំបិណ្ឌនេះ។ យើងចង់ជូនគាត់ឱ្យបានមុនថ្ងៃភ្ជុំធំ»។ នេះជាការបន្ថែមរបស់លោក សុះ ម៉ាច។
ទោះជាយ៉ាងណាអ្វីដែលជាឧបសគ្គសម្រាប់សមាគមសិល្បករខ្មែរ គឺការពិបាកស្វែងរកសិល្បករចាស់ៗដែលមានជីវភាពខ្វះខាត។ លោក សុះ ម៉ាច ក៏បានសុំការសហការពីមហាជនក្នុងការផ្ដល់អាសយដ្ឋាន ឬដំណឹងពីសិល្បករចាស់ៗដែលមានជីវភាពខ្វះខាតទាំងនោះដែរ។
លោកបញ្ជាក់ថា៖«យើងពិបាកស្វែងរកសិល្បករចាស់ៗដែលមានជីវភាពខ្វះខាត ព្រោះយើងមិនដឹងថាពួកគាត់រស់នៅទីណាខ្លះទេ។ ខ្ញុំសង្ឃឹមថាពួកគាត់ព្រមទាំងមហាជន នឹងទាក់ទងមកសមាគមសិល្បករខ្មែរ ប្រាប់ពីមនុស្សដែលពួកយើងកំពុងស្វែងរក»។
លោក សុះ ម៉ាច នៅមិនទាន់អាចបញ្ជាក់បានទេថាសមាគមសិល្បករខ្មែរនឹងផ្ដល់ជំនួយអ្វីខ្លះ ឬជាទឹកប្រាក់ចំនួនប៉ុន្មាន ដល់សិល្បករវ័យចំណាស់ក្រក្រីឡើយ។
ប្រសិនបើមហាជនស្គាល់ឬដឹងពីអាសយដ្ឋានរបស់សិល្បករចាស់ៗ ដែលមានជីវភាពខ្វះខាត និងមិនដែលទទួលបានការជួយឧបត្ថម្ភពីសមាគមសិល្បករខ្មែរពីមុនមក អាចទាក់ទងតាមលេខទូរសព្ទ ០១៧ ៤៨ ០១ ៧៧ និង ០៨៧ ២៧ ៦៦ ៦៣៕
Tag:
សិល្បករ
សិល្បៈ
សមាគមសិល្បករខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com