ONE Championship
កីឡាជាតិ
ជាតិ
២​ចំណុច​ដែល នៅ ស្រី​ពៅ អាច​ជោគជ័យ​នៅ​ស៊ី​ហ្គេម ក្រោយ​ហ្វឹកហាត់​នៅ​ជប៉ុន​
20, Sep 2019 , 9:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី

​កីឡាការិនី​គុន​ខ្មែរ នៅ ស្រី​ពៅ អាចនឹងទទួល​បាន​ជោគជ័យ​នៅ​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ហ្វីលីពីន ចុងឆ្នាំ ២០១៩ នេះ បន្ទាប់ពី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ជាមួយ​មិត្ត​រួម​ក្រុម វី ស្រី​ខួច និង ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​២០១៧ ណាត សៀក​និ​ន (​ពេជ្រ ម្ទេសខ្មាំង​)​។​



 កាល​សប្ដាហ៍​មុន នៅ ស្រី​ពៅ បានចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ប្រដាល់សកល​ជម្រើសជាតិ វ៉ែន សុផល ដោយ​សហការ​ពី​ភាគី​ជប៉ុន​ពេល​បោះជំរំ​នៅ​ជប៉ុន រហូតដល់​ថ្ងៃទី ២៧ ខែ វិច្ឆិកា មុន​ចេញដំណើរ​ទៅ​ប្រកួត​ជា​ផ្លូវការ​តំណាង​ឲ្យ​ជាតិ​។ មាន​ហេតុផល​២​ចំណុច ដែល នៅ ស្រី​ពៅ អាចនឹងទទួល​បាន​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ និង បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​កីឡាការិនី​ប្រដាល់សកល​។

​ការតាំង​ចិត្ត​៖

​ដ្បិត​ចាប់​អាជីព​ដំបូង​ជា​កីឡាការិនី​គុន​ខ្មែរ​នៅ​ក្លិប​តា​លី​ដំរី​មាន​ឫទ្ធិ ប៉ុន្តែ ស្រី​ពៅ បាន​វិ​វ​ឌ្ឍ​ខ្លួន​ទៅជា​កីឡាការិនី​ប្រដាល់សកល​គួរ​ឲ្យ​កត់សម្គាល់ តាមរយៈ​ការតាំង​ចិត្ត​ខ្ពស់​។ ស្រី​ពៅ តែងតែ​បង្កើត​ក្ដី​ស្រមៃ ដើម្បី​ដណ្ដើម​មេដាយ​នៅ​ស៊ី​ហ្គេម​ជូន​អ្នកគាំទ្រ​នៅ​កម្ពុជា​។ ថ្លែង​ពី​ប្រទេស​ជប៉ុន​តាមរយៈ​បណ្ដាញ​សង្គម កីឡាការិនី នៅ ស្រី​ពៅ បង្ហើប​ថា​៖«​ខ្ញុំ​ទទួលបាន​ការហ្វឹកហាត់​ល្អប្រសើរ​ឡើងជា​ពិសេស​ប​ច្ចេកទេស ហើយ​លោកគ្រូ វ៉ែន សុផល ក៏​ចូលរួម​បង្ហាត់​បន្ថែម​គ្រូបង្វឹក​នៅ​ជប៉ុន​ដែរ​។ ក្នុងនោះ​គ្រូបង្វឹក​ជប៉ុន​គាត់​បង្ហាត់​បច្ចេកទេស​ល្អ​ណាស់ ការ​វ៉ៃ​ចេញ​ការ​គេច​ឲ្យ​រហ័ស និង បម្លាស់​ទី​។ គ្រូ​គាត់​ផ្ដោតលើ​ចំណុច​ខ្វះខាត​របស់​យើង  បង្ហាត់​ល្បឿន​វ៉ៃ​ចេញចូល និង ញាក់​ឆ្វេង​ស្ដាំ​ជាដើម​។ លំ​ហាត់​ទាំងនេះ​គឺ ល្អ​តែម្ដង​»​។ ការហ្វឹកហាត់​នៅ​ជប៉ុន​មាន​ពីរ​វេន ពេលព្រឹក​ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ១០ ហើយ ល្ងាច​ពី​ម៉ោង ៥ ដល់​ម៉ោង ៨ យប់​។ តាមរយៈ​ការត្រៀមខ្លួន​ធ្វើ​ឲ្យ ស្រី​ពៅ មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល ៥៣ ឬ ៥៤ របស់ខ្លួន នៅ​ស៊ី​ហ្គេម​។



​បទពិសោធន៍​ធ្លាប់​ប្រកួត​នៅ​ស៊ី​ហ្គេម​និង​ឆាក​អន្តរជាតិ​៖

​មិន​ត្រឹមតែ​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុងស្រុក កីឡាការិនី វ័យ ២៤ ឆ្នាំ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​នៅ សង្វៀន​លំដាប់​អន្តរជាតិ មី​យ៉ាន់​ម៉ា ដោយ​ឈ្នះ ២ លើក​ជាប់​គ្នា​កាល​ចុងឆ្នាំ ២០១៨ និង ជាប់​ឈ្មោះ​ជា​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ទៀតផង​។ ជាមួយគ្នា​នោះ​ក៏មាន​បទពិសោធន៍​ទៅ​ប្រកួត​លើស​ង្វៀន​កម្រិត​ភព​លោក ONE ពីរលើក​កន្លងទៅ​ដែរ ដែល​ទទួលបាន​លទ្ធផល ឈ្នះ ១ និង ចាញ់​១​លើក​។ ស្រី​ពៅ ឈ្នះ កីឡាការិនី​មី​យ៉ាន់​ម៉ា Shwe Sin Min ២​ដង​នៅ​សង្វៀន​ប្រទេស​មី​យ៉ាន់​ម៉ា និង ឈ្នះ កីឡាការិនី​ថៃ Rika Ishige ប៉ុន្តែ ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol កាល​ខែឧសភា នៅ​សង្វៀន ONE Championship​។ នេះ​ជា​បទពិសោធន៍​ល្អ​ដែល​ធ្វើ​ឲ្យ ស្រី​ពៅ មិន​ចាញ់​ច្រាប​រេញ​នៅ​ស៊ី​ហ្គេម និង កសាង​ទំនុកចិត្ត​បានល្អ​មុន​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​មកដល់​។  នៅ ស្រី​ពៅ ធ្លាប់​លើកឡើងថា ៖«​ឆ្នាំនេះ​ជា​លើក​ទី​១ ខ្ញុំ​ទៅ​ចូលរួម​នៅ​ស៊ី​ហ្គេម​។ ហើយ​ការ​ចេញទៅ​ហាត់​នៅ​ជប៉ុន​នេះ គឺ ដើម្បី​បង្កើន​បច្ចេកទេស និង នាំយក​លទ្ធផល​ល្អ​ជូន​អ្នកគាំទ្រ​និង ជាតិ​វិញ​។ ខ្ញុំ​រំភើបចិត្ត​ណាស់ ដែល​ខ្ញុំ​មានឱកាស​ទៅ​ហ្វឹកហាត់​ក្រៅប្រទេស​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​។ ខ្ញុំ​នឹង​ទទួលបាន​បទពិសោធន៍​ច្រើន​អំពី​ការហ្វឹកហាត់​នេះ​»​។

https://www.onefc.com/videos/nou-srey-pov-vs-rika-ishige-3/

​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​រៀបចំ​នៅ​ហ្វីលីពីន នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា រហូតដល់​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩​។

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។ អត្ថបទ​៖ ស៊ី​ធី​

© រក្សាសិទ្ធិដោយ thmeythmey.com