ជាតិ
២៥ខេត្ត/រាជធានី
អង្គការ​ភ្លែ​ន ចង់ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយ​ពី​ភាព​វិជ្ជមាន និង​លើកទឹកចិត្ត​ដល់​ក្មេងស្រី​
20, Sep 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានរៀបចំ​វេទិកា​តុមូល​ក្រោម​ប្រធានបទ «​ការចូលរួម​របស់​ក្មេងស្រី​ក្នុងការ​សម្រេចចិត្ត​ក្នុងប្រទេស​កម្ពុជា​» នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​កម្ពុជា​-​កូរ៉េ (CKCC) ដែលមាន​អ្នកចូលរួម​ប្រមាណ ២៥០​នាក់​។ ក្នុង​កិច្ចពិភាក្សា​នេះ បាន​ផ្ដោត​សំខាន់​លើ​ការធ្វើ​សេចក្ដីសម្រេចចិត្ត​របស់​ក្មេងស្រី និង​ការចូលរួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​វិជ្ជមាន​។​



​ដើម្បី​អបអរសាទរ​ទិវា​ក្មេងស្រី​អន្តរជាតិ ដែល​ប្រារព្ធ​នៅ​ថ្ងៃទី​១១ ខែតុលា​ជា​រៀងរាល់ឆ្នាំ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ កញ្ញា​នេះ  បានរៀបចំ​វេទិកា​តុមូល​ក្រោម​ប្រធានបទ «​ការចូលរួម​របស់​ក្មេងស្រី​ក្នុងការ​សម្រេចចិត្ត​ក្នុងប្រទេស​កម្ពុជា​»​។ កិច្ចពិភាក្សា​នេះ មាន​វាគ្មិន​ចូលរួម​ចំនួន ៦​នាក់ មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​កិច្ចការនារី​, ស្ថានទូត​អូស្ត្រាលី​, ស្ថានទូត​អង់គ្លេស​, តំណាង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​តំណាង​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ​។​
 
 
​លោក យី គីម​ថា​ន នាយក​ប្រចាំ​ប្រទេស​ស្ដីទី នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​លើកឡើងថា កិច្ចពិភាក្សា​នេះ ធ្វើឡើង​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រារព្ធ​ទិវា​ក្មេងស្រី​អន្តរជាតិ ជាពិសេស​ការចូលរួម​ក្នុងការ​សម្រេចចិត្ត​រប​ស់​ក្មេងស្រី​។ នាយក​ប្រចាំ​ប្រទេស​ស្ដីទី​រូបនេះ បន្តថា​៖ «​កិច្ចពិភាក្សា​ខាងលើនេះ ក៏​លើកឡើង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ផ្ដោត​សំខាន់​លើ​ការផ្សព្វផ្សាយ​អំពី​ភាព​វិជ្ជមាន និង​ការលើកទឹកចិត្ត​ក្មេងស្រី ដើម្បី​ធ្វើជា​គំរូ​ដល់​ក្មេងស្រី​ដទៃ ឲ្យ​មានការ​ជឿជាក់​លើ​ខ្លួនឯង​»​។ 

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា នៅ​ឆ្នាំ​២០១៧ មាន​របាយការណ៍​មួយ​បាន​បង្ហាញថា ជាង​ពាក់កណ្ដាល​នៃ​ក្មេងស្រី​អាយុ ១០ ដល់​១៧​ឆ្នាំ មិនមាន​ភាពជឿជាក់ និង​ទំនុកចិត្ត​លើ​ខ្លួនឯង​នោះទេ ហើយ​ជា​លទ្ធផល​ពួកគាត់​មិន​ចាប់យក​ឱកាស និង​មិនសូវ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​។ 

​លោក យី គីម​ថា​ន អះអាងថា​៖ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​វិជ្ជមាន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​ក្មេងស្រី​។ ព្រោះ​ព័ត៌មាន​អន​ឡាញ​សព្វថ្ងៃ ធ្វើ​ឲ្យ​ក្មេងស្រី​អាច​ស្វែងយល់​ពី​ភាពជា​គំរូ និង​ភាពជោគជ័យ ដែល​អាច​ឲ្យ​ក្មេងស្រី​មាន​ភាពជឿជាក់ និង​លើកទឹកចិត្ត​ដល់​ក្មេងស្រី​»​។ 

​សូមបញ្ជាក់ថា អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចាប់ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០០២ ដោយបាន​ជួយ​ដល់​កុមារ​ជាង​កន្លះ​លាន​នាក់ និង​គ្រួសារ​របស់​ពួកគេ តាមរយៈ​កម្មវិធី​ដូចជា​៖ គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​, កិច្ចការពារ​កុមារ​, ទឹកស្អាត និង​អនាម័យ​, អាហារូបត្ថម្ភ​, ការអប់រំ​ថ្នាក់បឋមសិក្សា និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ បច្ចុប្បន្ននេះ អង្គការ​ភ្លែ​ន​អន្តរជាតិ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង ១៧ ខេត្ត​-​រាជធានី ក្នុងចំណោម ២៥​រាជធានី​-​ខេត្ត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com