កីឡាជាតិ
ជាតិ
ជឹម រតនៈ មន្ត្រីប៉ូលិស និង​ជា​អតីត​ខ្សែបម្រើ​ភ្នំពេញ​ក្រោ​ន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​
21, Sep 2019 , 9:39 am        
រូបភាព
ជឹម រតនៈ ពេលនៅជាកីឡាករភ្នំពេញក្រោន និងពេលបំពេញតួនាទីជាមន្ត្រីប៉ូលិស។ ប្រភពរូបថត៖ Kampuchea Party Republican និងហ្វេសប៊ុកឈ្មោះ មេបក្ស អ៊ូ​តាំង
ជឹម រតនៈ ពេលនៅជាកីឡាករភ្នំពេញក្រោន និងពេលបំពេញតួនាទីជាមន្ត្រីប៉ូលិស។ ប្រភពរូបថត៖ Kampuchea Party Republican និងហ្វេសប៊ុកឈ្មោះ មេបក្ស អ៊ូ​តាំង
ដោយ: ថ្មីៗ
​លោក ជឹម រតនៈ អតីត​ខ្សែបម្រើ​ភ្នំពេញ​ក្រោ​ន និង​បច្ចុប្បន្ន​ជា​មន្ត្រីប៉ូលិស បានទទួល​មរណភាព​ក្នុង​អាយុ​៣៣​ឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ នា​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩​។



​យោងតាម​ការផ្សាយ​រប​ស់ TVFB ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ផ្ទាល់ លោក ជឹម រតនៈ បាន​ជិះ​ម៉ូតូ ហើយ​ប៉ះទង្គិច​ជាមួយ​រថយន្ត​ដឹក​ដី​ធុន​ធំ ហើយ​បាន​កៀប​ក្រោម​រថយន្ត​។ មន្ត្រីប៉ូលិស និង​ជា​អតីត​កីឡាករ​រូបនេះ បានទទួល​មរណភាព មុន​ពេលដែល​ពលរដ្ឋ​នាំគ្នា​ប្រឹង​ជួយសង្គ្រោះ​ដើម្បី​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ជឹម រតនៈ ត្រូវបាន​មិត្ត​រួម​អាជីព​ដាក់​រហស្សនាម​ថា «​ស្វា​»​។ គេ​ធ្លាប់បាន​លើក​ពាន​ខេ​ម​បូ​ឌា​ន​លី​គជា​មួយ​ភ្នំពេញ​ក្រោ​ន កាលពី​រដូវ​កាល​ឆ្នាំ​២០១០ និង​២០១១ និង​ជា​សមាជិក​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន ជាប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពានរង្វាន់ AFC President’s Cup កាលពី​ឆ្នាំ​២០១១ ផងដែរ​។​

​នា​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ កាលពី​ឆ្នាំ​២០១១ រតនៈ បាន​រងរបួស​កាល​ដ៏​ធ្ងន់ធ្ងរ ដោយសារ​ការប៉ះទង្គិច​ជាមួយ​អ្នកចាំទី​ខេត្តកំពង់ធំ ហៀ​ង សេងហុង ក្រោយ​បាន​ប្រកួត​បាន​ជាង​២០​នាទី​។​

​រតនៈ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ផងដែរ ខណៈ​លទ្ធផល​នៃ​ការប្រកួត​នាពេលនោះ ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​កំពង់ធំ ៦-១​។

ក្រោយមក រតនៈ បានបញ្ចប់​អាជីព​ជា​កីឡាករ​របស់ខ្លួន ហើយ​ចូល​បម្រើការ​ជា​មន្ត្រីប៉ូលិស​។ យើង​មិនមាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ស្ថានភាព​គ្រួសារ​របស់​អតីត​កីឡាករ​រូបនេះ​ឡើយ ប៉ុន្តែ​បើតាម​ហ្វេ​ស​ប៊ុ​ក ក្រោម​គណនី​ឈ្មោះ «​មេបក្ស អ៊ូ​តាំង​» លោក រតនៈ តែងតែ​បង្ហោះ​រូប​រីករាយ​ជាមួយ​ភរិយា និង​កូនតូចៗ​២​នាក់​។​

​ទៀង ទី​នី​, គួច សុគ​ម្ភៈ​, ឃឹម បូរី​, សុន សុ​បញ្ញា​, ហុង រតនា​, សួង វីរៈ​, ចាន់ ឆា​យ៉ា​, ធុល សុធា​រិ​ទ្ធ ជាដើម ស្ថិតក្នុង​ចំណោម​មិត្ត​រួម​ជំនាន់​របស់ លោក ជឹម រតនៈ ពេល​កាល​នៅ​ជា​កីឡាករ​៕


© រក្សាសិទ្ធិដោយ thmeythmey.com