ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន៖ សន្តិភាពកម្ពុជា ស្ថិតនៅក្នុងភាពផុយស្រួយ ដោយសារការគំរាមកំហែងពីមហាអំណាច
× ភ្នំពេញ៖ សន្តិភាពកម្ពុជា ក៏ស្ថិតនៅក្នុងភាពផុយស្រួយ ដោយសារការគំរាមកំហែងពីប្រទេសមហាអំណាចដែរ។ នេះជាការលើកឡើងរបស់មេដឹកនាំកម្ពុជា នៅក្នុងសារលិខិតនៃទិវាសន្តិភាពអន្តរជាតិ ដែលប្រារព្ធឡើងនៅថ្ងៃទី២១ កញ្ញានេះ។
តាមរយៈសារលិខិតសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ការវិវត្តន៍ដ៏ស្មុគស្មាញ ហើយមិនអាចប៉ាន់ស្មានជាមុន នៃសភាពការណ៍ជុំវិញពិភពលោក ជាពិសេសការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងយោធានេះ កំពុងនាំមកនូវការគំរាមកំហែង ចំពោះសន្តិភាពទាំងក្នុងកម្រិតតំបន់ និងសកល។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសរងគ្រោះ ដោយសារការប្រជែងអំណាចនេះដែរ។
សារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២១ កញ្ញានេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ទន្ទឹមនេះ សន្តិភាពរបស់កម្ពុជា ក៏ស្ថិតនៅក្នុងលក្ខណៈផុយស្រួយ ដោយសារតែមានការគំរាមកំហែង និងការបន្តយាយី និងអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងឥតឈប់ឈរពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពីបណ្ដាប្រទេសមហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន»។
លើកឡើងបែបនេះហើយ មេដឹកនាំកម្ពុជា បានអះអាងបន្តក្នុងន័យនេះថា ការយីយាកម្ពុជា ពីសំណាក់មជ្ឍដានខាងក្រៅ គឺធ្វើឡើងតាមរយៈការយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស។ «ទោះបីកម្ពុជា ស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្ម ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ…។ នេះជាការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលអមដោយការរំឭកពីគុណសម្បត្តិខ្លួន ក្នុងការប្រឹងរំដោះប្រទេសពីសង្គ្រាម រហូតដល់ការអភិវឌ្ឍបច្ចុប្បន្ន។
ម្ដងហើយម្ដងទៀត រដ្ឋាភិបាលអាមេរិក និងអន្តរជាតិតែងតែចោទកម្ពុជា រិតដ្បិតសិទ្ធិសេរីភាពពលរដ្ឋ ជាពិសេសធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងសង្គមស៊ីវិលជាដើម ដែលនាំឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ជាក់ស្ដែង អាមេរិក តាមរយៈមន្ត្រីការបរទេសខ្លួន កាលពីពេលថ្មីៗនេះ បានថ្លែងទាមទារឱ្យទម្លាក់បទចោទលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងដោះលែងសកម្មជនបក្សប្រឆាំង។
ដោយឡែកខាងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកន្លងមក ក៏តែងតែចេញមុខរិះគន់លើការអនុវត្តច្បាប់ ដែលរំលោភបំពានសិទ្ធិមនុស្ស ទៅលើអ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាលដែរ។ ប៉ុន្តែការលើកឡើងរបស់អាមេរិក និងអន្តរជាតិនេះ ត្រូវបានរដ្ឋាភិបាល និងអ្នកការពារសិទ្ធិមនុស្សកម្ពុជា ចេញមុខច្រានចោលជាបន្តបន្ទាប់ ដោយចាត់ទុកពាក្យសម្តីរបស់អន្តរជាតិទាំងនោះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ ក្នុងគោលបំណងប្រឆាំងនិងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរដ្ឋាភិបាលកម្ពុជា ៕
Tag:
ហ៊ុន សែន
នយោបាយ
ការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com