ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិស្ស​ឆ្នើម ចាន់ ម៉េង​ជូ​៖ គ្រួសារ​ក្រ​មិនមែនជា​ឧបសគ្គ​ក្នុង​ការរៀន​បាន​និ​ទ្ទេស​ល្អ​ទេ​
21, Sep 2019 , 4:30 pm        
រូបភាព
ពីខាងឆ្វេង លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងយុវតី ចាន់ ម៉េង​ជូ​
ពីខាងឆ្វេង លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងយុវតី ចាន់ ម៉េង​ជូ​
សៀមរាប​៖ ក្លាយជា​ក្មេង​កំព្រា​តាំងពី​រៀន​ថ្នាក់​ទី​៧ តែ​យុវ​សិស្ស ចាន់ ម៉េង​ជូ មិន​អស់សង្ឃឹម​ក្នុងការ​សិក្សា​ឡើយ​។ យុវតី​រូបនេះ​នៅតែ​ជឿ​លើ​ការអប់រំ​ដែល​អាច​កែប្រែ​ជីវិត​ខ្លួន ក៏ដូចជា​ស្ថានភាព​គ្រួសារ​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។ ក្នុង​ជីវិត​រស់នៅ​ជាមួយ​ជីដូន​ជីតា ម៉េង​ជូ បាន​ខិតខំ​ប្រឹង​រៀនសូត្រ និង​តែង​ទទួលបាន​ការលើកទឹកចិត្ត​ពី​គ្រួសារ លោកគ្រូ​អ្នកគ្រូ មិត្តភក្ដិ និង​អ្នក​នៅ​ជុំវិញខ្លួន និង​រហូត​ទទួលបាន​និ​ទ្ទេ​ស​A ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ​។ សម្រាប់​យុវតី​រូបនេះ គ្រួសារ​ក្រីក្រ លំបាក មិនមែនជា​ឧបសគ្គ​ក្នុង​ការរៀន​ឱ្យបាន​និ​ន្ទេ​ស​ល្អ​ឡើយ តែ​វា​អាស្រ័យ​លើ​ការខិតខំ​របស់​ខ្លួនឯង​តែប៉ុណ្ណោះ​។​

 
​សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ អ្នកនាង អ៊ី​សា រ៉​ហា​នី ជាមួយ​យុវ​សិស្ស ចាន់ ម៉េង​ជូ សិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន សៀមរាប​ដូចតទៅ​៖


 
 
​លោក  លី លឹម​ហេង ជា​ជីតា​បានឱ្យដឹងថា ចៅស្រី​លោក​រៀន​ពូកែ​តាំងពី​ថ្នាក់​ទី​១​មក និង​បានមក​រស់​ជាមួយ​លោក​តាំងពី​ឪពុក​ដែលជា​កូនបង្កើត​របស់លោក បាន​ស្លាប់​កាលពី​៥​ឆ្នាំមុន​ដោយសារ​ជំងឺ​។ លោកតា​បន្តថា ម៉េង​ជូ ជា​ក្មេង​ស្ងៀមស្ងាត់ ប្រាកដ​ប្រា​ជា ឧស្សាហ៍​ព្យាយាម និង​ស្ដាប់បង្គាប់​។ បច្ចុប្បន្ន ម្ដាយ​របស់ ម៉េង​ជូ ជា​កម្មករ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​បាន​ចេញទៅ​ធ្វើការ​នៅ​ទីនោះ​តាំងពី​ប្ដី​មិនទាន់​ស្លាប់​មក​ម្លេះ​។​
 
​ជា​អាណាព្យាបាល លោក លឹម​ហេង ប្រាប់ថា​លោក​សប្បាយរីករាយ​ជាខ្លាំង​ពេល​ចៅ​បាន​និ​ន្ទេ​ស​A ព្រោះថា​នេះ​ជា​លទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ចៅស្រី​លោក​។ យ៉ាងណា​លោកតា​នៅតែមាន​ចិត្ត​អាណិត​ចៅស្រី​កំព្រា​មួយ​នេះ និង​ខិតខំ​ធ្វើឱ្យ​អ្វីៗ​ដើម្បីឱ្យ​ចៅ​បាន​សប្បាយចិត្ត​។ 
 
​គួរ​បញ្ជាក់ថា រដ្ឋបាលខេត្ត​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២០ កញ្ញា បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​សម្រាប់​និ​ទ្ទេស​A និង​សិស្ស​និ​ទ្ទេស​B ដែល​ក្នុងនោះ​សិស្ស​និ​ន្ទេ​ស​A មាន​ចំនួន​៣៨​នាក់ និង​សិស្ស​និ​ទ្ទេស​B ចំនួន​១៩០​នាក់ (​ស្រី​១០៥​នាក់​)​។ សម្រាប់​សិស្ស​និទ្ទេស​A​ទទួលបាន​ម៉ូតូ​ម៉ាក WAVE ម្នាក់​មួយគ្រឿង លិខិត​សរសើរ ប្រេងសាំង​៣០​លីត្រ និង​ថវិកា​២០​ម៉ឺន​រៀល រីឯ​សិស្ស​និ​ទ្ទេស B ទទួលបាន​ថវិកា​ម្នាក់​២០០​ដុល្លារ​។ រង្វាន់​ទាំងអស់​គឺជា​ការផ្តល់ជូន​ដោយ​សម្ដេច ទៀ បាញ់ រដ្ឋបាលខេត្ត រួម​និង​សម្បុរ​សជន​មួយចំនួនទៀត​៕
 
 
 
 

Tag:
 សិស្ស​និ​ទ្ទេស​A
  បាក់​ឌុប​
  ចាន់ ម៉េង​ជូ​
© រក្សាសិទ្ធិដោយ thmeythmey.com