អន្តរជាតិ
បច្ចេកវិទ្យា
ហេតុអ្វីអ្នកបើកយន្តហោះស្រែកថា «Mayday»ពេលយន្តហោះមានបញ្ហា?
× ជើងហោះហើរមួយចំនួនក្នុងប្រវត្តិសាស្ត្រតែងតែជួបនូវបញ្ហាខ្លះៗនៅលើអាកាស ដែលជាបន្ទុកមួយយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកបើកយន្តហោះ។ ក្នុងភាពយន្តលោកខាងលិចដែលមានទាក់ទាងជាមួយនឹងយន្តហោះ គេធ្លាប់លឺឃ្លាថា«Mayday!Mayday!Mayday!» ស្រែកដោយអ្នកបើកយន្តហោះទៅកាន់អ្នកគ្រប់គ្រងដែនអាកាសតាមរយៈវិទ្យុសម្លេង។
គេហទំព័រ Merriam-webster.com បានពន្យល់ថា នៅក្នុងអំឡុងឆ្នាំ១៩២៣ វិស័យអាកាសចរណ៍នៅក្នុងដែនអាកាសអង់គ្លេស និងបារាំងចាប់ផ្តើមមានភាពមមាញឹកកាន់តែខ្លាំងទៅៗ។ ហេតុដូចនេះ ដើម្បីធានាសុវត្ថិភាព ប្រទេសអង់គ្លេស និងប្រទេសបារាំងបានទាមទារឲ្យមានឃ្លាមួយដែលមានភាពងាយស្រួលយល់ និងស្តាប់បានរវាងប្រទេសទាំងពីរ។ ប៉ុន្តែឃ្លាប្រកាសអាសន្នត្រូវបានគេបង្កើតឡើងយូរណាស់មកហើយ ដែលឃ្លានោះត្រូវបានគេសរសេរថា «S.O.S.» ។
អក្សរទាំងបីនេះគ្មានតំណាងឲ្យពេញនោះទេ វាគ្រាន់តែជាការបកប្រែពីភាសាបច្ចេកទេស Morse Code ដែលគេសរសេរថា « …
… » ។ ប៉ុន្តែនៅពេលដែលការឆ្លើយឆ្លងនិយាយគ្នាតាមវិទ្យុមិនទាន់បានទទួលភាពរីកចម្រើនខ្លាំង ការទាក់ទងគ្នាតាមភាសាបច្ចេកទេស Morse Code ធ្លាប់ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ជាមួយនឹងឧបករណ៍ តេលេក្រាហ្វ។ តែនៅក្នុងសម័យថ្មីនៃការធ្វើដំណើរតាមអាកាស ក្នុងអំឡុងដើមឆ្នាំ១៩០០ Morse Code ត្រូវបានគេឈប់ប្រើប្រាស់បន្តិចម្តងៗ ដោយសារឧបករណ៍ឆ្លើយឆ្លងតាមវិទ្យុមានការកើនឡើង។
ក្រោយមក លោក Frederick Stanley Mockford បានប្រើប្រាស់ពាក្យបារាំងមួយ M’aidez ដែលអាចបកប្រែបានថា «Help me» ឬ «ជួយខ្ញុំផង»។ ក្រោយមក អង់គ្លេសក៏បានប្រើប្រាស់ពាក្យនេះជាមួយនឹងការសរសេរបែបថ្មីគឺ «Mayday»។ នៅឆ្នាំ១៩២៧ សហរដ្ឋអាមេរិកបានយកពាក្យ «Mayday» ធ្វើជាពាក្យផ្លូវការក្នុងវិស័យអាកាសចរណ៍ក្នុងការប្រកាសពីភាពអាសន្ន ដូចជានៅពេលដែលយន្តហោះត្រូវបានចុះចតបន្ទាន់ ម៉ាស៊ីនឈប់ដំណើរការ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com