សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​អាមេរិក​ម្នាក់​អាចយ​កកូន​សេះ ជិះ​យន្តហោះ​ជាមួយ​ខ្លួន​
21, Sep 2019 , 9:30 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​អាមេរិក​ម្នាក់ បានធ្វើ​ដំណើរ​ជាមួយ​កូន​សេះមួយ​ក្បាល​នៅលើ​ជើងហោះហើរ American Airlines​។ បើតាម​ការផ្សាយ​របស់ TODAY អាជ្ញាធរ បានអនុញ្ញាត​ឲ្យ​មាន​ករណី​ពិសេស​បែបនេះ ក្រោម​ហេតុផល​ជំនួយ​គាំទ្រ​ផ្នែក​អារម្មណ៍​។​
 
​ក្នុង​ដំណើរ​ចេញពី​អាកាសយានដ្ឋាន​ក្រុង Chicago ឆ្ពោះទៅ​ក្រុង Omaha នាង Abrea Hensley បាន​យក​កូន​សេះ​ឈ្មោះ Flirty ទៅតាម​ខ្លួន​។ ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូបនេះ មានប្រតិកម្ម​ជាមួយ​សត្វ​ឆ្កែ ហើយ​ថែម​កើត​ស្ត្រេ​ស ក្រោយ​ការប៉ះទង្គិច​ផ្លូវចិត្ត​។ នា​រយៈពេល​ចុងក្រោយ​នេះ កូន​សេះ Flirty បាន​ក្លាយជា​ភ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់ Hensley​។​
 
 
Flirty ដែលមាន​អាយុ​៧​ឆ្នាំ តែងតែ​ក្រើនរំលឹក Hensley ឲ្យ​លេបថ្នាំ​តាម​ពេល​កំណត់ និង​ផ្តល់​ការគាំទ្រ​ផ្លូវចិត្ត​។ «Flirty និង​ខ្ញុំ បាន​ហោះហើរ​លើ​មេឃ​។ នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​រៀនសូត្រ​បាន​យ៉ាងច្រើន​។ Flirty ពី​មហិមា​ខ្លាំងណាស់ ដោយ​គេ​អាច​រ៉ាប់រង​បាន​គ្រប់យ៉ាង​»​។ នេះ​ជាការ​រៀបរាប់​របស់ Hensley នៅលើ Instagram របស់ខ្លួន​។​
 
​នៅលើ​យន្តហោះ មិនមាន​កន្លែង​អង្គុយ​សម្រាប់​សេះ​នោះឡើយ ប៉ុន្តែ​វា​ក៏​មិន​បង្ក​ការ​ទើស​ទែង​សម្រាប់​អ្នកដំណើរ​ផ្សេងទៀត​នោះដែរ​។ «​ខ្ញុំ​បានធ្វើ​ដំណើរ​ជាមួយ​អ្នកកាសែត​ម្នាក់ ហើយ​គាត់​បាន​ជួយ​សម្រួល​ដើម្បី​ឲ្យ Flirty ឈរ​នៅមុខ​កៅអី ដែល​អាច​ឲ្យ​អ្នកដំណើរ​ចេញចូល​បាន​»​។ នេះ​ជាការ​រៀបរាប់​របស់ Hensley​។​
 
 
​តាមពិតទៅ Hensley ចង់​ធ្វើដំណើរ​តាម​រថយន្ត​ជាមួយ​កូន​សេះ​តូច​របស់ខ្លួន ប៉ុន្តែ​នាយកដ្ឋាន​ដឹកជញ្ជូន​អាមេរិក (DoT) កាលពី​ខែសីហា កន្លងមក បាន​អះអាងថា ពួកគេ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើដំណើរ​តាម​យន្តហោះ ដោយ​ផ្អែកលើ​មូលហេតុ​នៃ​ការគាំទ្រ​ផ្នែក​ស្មារតី​។​
 
​អ្នកនាំពាក្យ​ក្រុមហ៊ុន American Airlines បាន​បញ្ជាក់ថា ការអនុញ្ញាត​ពិសេស​បែបនេះ គឺ​ផ្អែកទៅលើ​ស្ថានភាព​ជាក់ស្តែង​ជាពិសេស​មាឌ​របស់​សត្វ ដែល​មិនត្រូវ​ធំ​ពេក​នោះឡើយ​។ គាត់​បាន​បន្ថែមថា​៖ «​យើង​ទទួលស្គាល់​ពី​សារសំខាន់​របស់​សត្វ​ដែល​ដើរតួ​ជា​ជំនួយ​ផ្នែក​ស្មារតី ដូចជា​ឆ្មា ឆ្កែ និង​សេះ​ជាដើម ហើយ​ករណីនេះ ក៏​មិន​សំដៅ​ពិសេស​តែ​លើ​ជនពិការ​នោះឡើយ​»​។​
 
​បើតាម Hensley នាង​មិន​ត្រូវបាន​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ថែម​នោះឡើយ ពីព្រោះ Flirty ត្រូវបាន​ចាត់ទុក​ដូចជា​សម្ភារ​ពេទ្យ ដែល​ត្រូវ​នាង​យកទៅ​តាម​ខ្លួន​ជាប់​រហូត​៕
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com