ជាតិ
សង្គមជាតិ
គណៈរដ្ឋមន្ត្រី បង្កើតគណៈកម្មការពិនិត្យអក្សរខ្មែរ លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មការភាសាវិទ្យាខ្មែរ
× ភ្នំពេញ៖ លោក ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចុះហត្ថលេខា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លើសេចក្តីសម្រេចស្តីពីការបង្កើត «គណៈកម្មការភាសាវិទ្យាខ្មែរ»។
ភារកិច្ចនៃគណៈកម្មការភាសាវិទ្យាខ្មែរ គឺ «ទទួលពិនិត្យពាក្យ ឃ្លា ប្រយោគ និង អក្ខរាវិរុទ្ធ លើឯកសារទាំងឡាយ ដែលត្រូវដាក់ឆ្លងកិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និងក្រសួងសា្ថប័នសាមីពាក់ព័ន្ធ កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ព្រមទាំងឯកសារផ្សេងៗទៀត ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រគល់ជូន»។
យោងតាមសេចក្តីសម្រេច គណៈកម្មការភាសាវិទ្យាខ្មែរ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោក ហ៊ាន សុខុម ដែលជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការភាសាវិទ្យាខ្មែរ អមដោយអនុប្រធាន២រូប និង សមាជិក១២រូប។
កាលពីដើមខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាល បានអនុម័តគោលនយោបាយជាតិភាសាខ្មែរ ដើម្បីឲ្យមានឯកភាពគ្នាក្នុងការប្រើប្រាស់ភាសាខ្មែរ និងលើកកម្ពស់កិត្យានុភាពភាសាខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com