UN ព្រមាន​៖ មនុស្សជាតិ​គួរ​ត្រៀមខ្លួន​ទប់ទល់​ផលប៉ះពាល់​នៃ​មហាសមុទ្រ និង​ការ​រលាយ​ទឹកកក​
សង្គមអន្តរជាតិ​
អន្តរជាតិ
UN ព្រមាន​៖ មនុស្សជាតិ​គួរ​ត្រៀមខ្លួន​ទប់ទល់​ផលប៉ះពាល់​នៃ​មហាសមុទ្រ និង​ការ​រលាយ​ទឹកកក​
21, Sep 2019 , 10:30 pm        
រូបភាព
​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​មួយ​បាន​ព្រមាន​ថា ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ ការកើនឡើង​ឧស្ម័ន​កាបូ​និ​ច និង​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស បាន​បង្កឱ្យមាន​ផលវិបាក​ជាច្រើន​ដូចជា​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​។ នេះ​បើ​យោងតាម​សេចក្តីព្រាង​នៃ​របាយការណ៍​ពិសេស ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​ទទួលបាន​ដោយ AFP​។​


​មហាសមុទ្រ​បាន​ស្រូបយក​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ផលិត​ដោយ​មនុស្ស​មួយ​ភាគ​បួន និង​៩៣%​នៃ​កំដៅ​បន្ថែម​ដែល​ឧស្ម័ន​នេះ​បង្កើត​ក្នុង​បរិយាកាស​។ ជា​លទ្ធផល​សមុទ្រ​នៅលើ​ពិភពលោក​កាន់តែ​ក្តៅ មាន​ជាតិ​អាស៊ីត និង​មិនសូវមាន​ជាតិ​ប្រៃ​។ ការផ្គត់ផ្គង់​ស្បៀង​ពី​ទឹក​ត្រូ​ពិ​ករាក់អាច​នឹង​ថយចុះ ៤០​ភាគរយ​នៅ​ឆ្នាំ ២១០០ ដោយសារ​ការឡើង​កំដៅ​និង​អាស៊ីត​។​
 
​ជីវិត​សត្វ​ក្នុង​មហាសមុទ្រ​មួយចំនួន ចាប់ពី​រុក្ខជាតិ​ប្លង់តុង រហូតដល់​ត្រី​ធំ និង​ថនិកសត្វ​សមុទ្រ​បាន​ផ្លាស់ប្តូរ​ទីតាំង​រាប់រយ​គីឡូម៉ែត្រ​ឆ្ពោះទៅរក​សីតុណ្ហភាព​ដែល​ពួកគេ​ចង់បាន ជាហេតុ​នាំ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​ដល់​ជលផល​សមុទ្រ​ដែលជា​អាហារ​ចាំបាច់​មួយ​របស់​មនុស្ស​ជាតិ​។​
 
​កម្រិត​ទឹកសមុទ្រ បើ​ប្រៀបធៀប​ទៅនឹង​សម័យកាល​ឆ្នាំ ១៩៨០-២០០០ អាច​នឹង​កើន​ឡើងដល់​ជិត​កន្លះ​ម៉ែត្រ​ត្រឹម​ឆ្នាំ ២១០០ ប្រសិនបើ​ផែនដី​មានកំ​ដៅ​ពីរ​អង្សា​សេ​លើស​សីតុណ្ហភាព​មុន​យុគ​ឧស្សាហកម្ម​។ ចំពោះ​បញ្ហា​គ្រោះទឹកជំនន់ បើ​គ្មាន​កិច្ចខិតខំ​ប្រឹងប្រែង​សមស្រប​ទេនោះ ថ្លៃ​ខូចខាត​ប្រចាំឆ្នាំ​ដែល​បណ្តាលមកពី​ការកើនឡើង​នៃ​ព្យុះ​នឹង​កើន​ពី​មួយរយ​ទៅមួយ​ពាន់​ដង​នៅត្រឹម​ឆ្នាំ ២១០០​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​។​
 
​ការកើនឡើង​នៃ​ទឹកសមុទ្រ នឹង​បង្ខំ​ឱ្យ​អ្នករស់នៅ​តាម​តំបន់ឆ្នេរ​ទាំងអស់​សម្រប​ខ្លួន​។ ប្រទេស​អ្នកមាន​ទំនងជា​នឹង​សាងសង់​របាំង​ការពារ​ទឹកសមុទ្រ ហើយ​ប្រទេស​កំពុង​អភិវឌ្ឍ​ទំនងជា​ត្រូវ​បង្ខំចិត្ត​ដកថយ​ទៅកាន់​ទី​ខ្ពស់​។ នៅ​ទូទាំង​ពិភពលោក ២០​ភាគរយ​ទៅ​៩០​ភាគរយ​នៃ​តំបន់​សើម​នៅតាម​ឆ្នេរសមុទ្រ​នឹង​រលាយបាត់​នៅ​ឆ្នាំ ២១០០ ដោយសារ​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​។​
 
​ជាមួយគ្នា​នោះ កំហាប់​នៃ​អុកស៊ីសែន​ផ្គត់ផ្គង់​ជីវិត​នៅក្នុង​បរិស្ថាន​សមុទ្រ​បាន​ធ្លាក់ចុះ​ពីរ​ភាគរយ ក្នុង​រយៈពេល​៦០​ឆ្នាំ​ហើយ​ថយចុះ​ពី​បី​ទៅ​បួន​ភាគរយ​ទៀត​ត្រឹម​ឆ្នាំ ២១០០ បើ​គិត​តាម​អត្រា​បំពុល​កាបូន​បច្ចុប្បន្ននេះ​។ កម្រិត​អុកស៊ីសែន​ទំនងជា​នឹង​ធ្លាក់ចុះ​ជាង​៥៩​ទៅ​៨០​ភាគរយ​នៃ​ផ្ទៃ​មហាសមុទ្រ​ក្នុង​រយៈពេល ២០ ឆ្នាំ​។ ការកើនឡើង​សីតុណ្ហភាព​ពីរ​អង្សា​អាចជា​ការប្រហារជីវិត​ផ្កាថ្ម ដែល​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កន្លះ​ពាន់​លាន​នាក់​សព្វថ្ងៃនេះ​។​
 
​នៅ​ទូទាំង​ពិភពលោក​មនុស្ស​ជាង ២ ពាន់​លាន​នាក់​សព្វថ្ងៃ​ពឹងផ្អែក​លើ​ផ្ទាំង​ទឹកកក​សម្រាប់​ទឹកសាប​។ ផ្ទាំង​ទឹកកក​ដែលមាន​កម្ពស់​ទាប​នៅ​ភ្នំ​អាល់ ជួរ​ភ្នំ Caucasus និង​ស្កេ​ន​ឌី​ណាវ (Scandinavia) នឹង​បាត់បង់​ម៉ាស​ចំនួន​៨០​ភាគរយ​នៃ​បរិមាណ​ម៉ាស​បច្ចុប្បន្ន​នៅ​ឆ្នាំ​២១០០ ។ ភ្នំ​នឹង​បាត់បង់​គម្រប​ព្រិល ហើយនឹង​ផ្តល់​ផលប៉ះពាល់​ដល់​កសិកម្ម ការផ្គត់ផ្គង់​ថាមពល និង​ទេសចរណ៍​។ 
 
​លើសពីនេះ បារត​ដែលមាន​ជាតិពុល​និង​សារធាតុ​កខ្វក់​ផ្សេងៗ​ទៀត​នៅក្នុង​ទឹក​ផឹក នឹង​កើនឡើង​ជាមួយ​ការ​រលាយ​នៃ​ផ្ទាំង​ទឹកកក ដែល​អាច​ផ្ទុក​បរិមាណ​បារត​ជិត​៨​សែន​តោន ពោលគឺ​បរិមាណ​ទ្វេដង​នៃ​បរិមាណ​ដែល​បាន​រកឃើញ​នៅក្នុង​បរិស្ថាន​ដទៃទៀត​។ ផលប៉ះពាល់​ខាងលើ​ទាំង​អម្បាលម៉ាន នឹង​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង បើ​ប្រទេស​នានា​មិន​យកចិត្តទុកដាក់​លើ​វិធានការ​ឆ្លើយតប​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​ទេនោះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com