របាយការណ៍របស់អង្គការសហប្រជាជាតិមួយបានព្រមានថា ដោយសារការប្រែប្រួលអាកាសធាតុ។ ការកើនឡើងឧស្ម័នកាបូនិច និងផ្ទះកញ្ចក់ក្នុងបរិយាកាស បានបង្កឱ្យមានផលវិបាកជាច្រើនដូចជាការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ នេះបើយោងតាមសេចក្តីព្រាងនៃរបាយការណ៍ពិសេស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលទទួលបានដោយ AFP។
មហាសមុទ្របានស្រូបយកឧស្ម័នផ្ទះកញ្ចក់ដែលផលិតដោយមនុស្សមួយភាគបួន និង៩៣%នៃកំដៅបន្ថែមដែលឧស្ម័ននេះបង្កើតក្នុងបរិយាកាស។ ជាលទ្ធផលសមុទ្រនៅលើពិភពលោកកាន់តែក្តៅ មានជាតិអាស៊ីត និងមិនសូវមានជាតិប្រៃ។ ការផ្គត់ផ្គង់ស្បៀងពីទឹកត្រូពិករាក់អាចនឹងថយចុះ ៤០ភាគរយនៅឆ្នាំ ២១០០ ដោយសារការឡើងកំដៅនិងអាស៊ីត។
ជីវិតសត្វក្នុងមហាសមុទ្រមួយចំនួន ចាប់ពីរុក្ខជាតិប្លង់តុង រហូតដល់ត្រីធំ និងថនិកសត្វសមុទ្របានផ្លាស់ប្តូរទីតាំងរាប់រយគីឡូម៉ែត្រឆ្ពោះទៅរកសីតុណ្ហភាពដែលពួកគេចង់បាន ជាហេតុនាំឲ្យជះឥទ្ធិពលអាក្រក់ដល់ជលផលសមុទ្រដែលជាអាហារចាំបាច់មួយរបស់មនុស្សជាតិ។
កម្រិតទឹកសមុទ្រ បើប្រៀបធៀបទៅនឹងសម័យកាលឆ្នាំ ១៩៨០-២០០០ អាចនឹងកើនឡើងដល់ជិតកន្លះម៉ែត្រត្រឹមឆ្នាំ ២១០០ ប្រសិនបើផែនដីមានកំដៅពីរអង្សាសេលើសសីតុណ្ហភាពមុនយុគឧស្សាហកម្ម។ ចំពោះបញ្ហាគ្រោះទឹកជំនន់ បើគ្មានកិច្ចខិតខំប្រឹងប្រែងសមស្របទេនោះ ថ្លៃខូចខាតប្រចាំឆ្នាំដែលបណ្តាលមកពីការកើនឡើងនៃព្យុះនឹងកើនពីមួយរយទៅមួយពាន់ដងនៅត្រឹមឆ្នាំ ២១០០។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីបម្រែបម្រួលអាកាសធាតុ។
ការកើនឡើងនៃទឹកសមុទ្រ នឹងបង្ខំឱ្យអ្នករស់នៅតាមតំបន់ឆ្នេរទាំងអស់សម្របខ្លួន។ ប្រទេសអ្នកមានទំនងជានឹងសាងសង់របាំងការពារទឹកសមុទ្រ ហើយប្រទេសកំពុងអភិវឌ្ឍទំនងជាត្រូវបង្ខំចិត្តដកថយទៅកាន់ទីខ្ពស់។ នៅទូទាំងពិភពលោក ២០ភាគរយទៅ៩០ភាគរយនៃតំបន់សើមនៅតាមឆ្នេរសមុទ្រនឹងរលាយបាត់នៅឆ្នាំ ២១០០ ដោយសារការកើនឡើងកម្ពស់ទឹកសមុទ្រ។
ជាមួយគ្នានោះ កំហាប់នៃអុកស៊ីសែនផ្គត់ផ្គង់ជីវិតនៅក្នុងបរិស្ថានសមុទ្របានធ្លាក់ចុះពីរភាគរយ ក្នុងរយៈពេល៦០ឆ្នាំហើយថយចុះពីបីទៅបួនភាគរយទៀតត្រឹមឆ្នាំ ២១០០ បើគិតតាមអត្រាបំពុលកាបូនបច្ចុប្បន្ននេះ។ កម្រិតអុកស៊ីសែនទំនងជានឹងធ្លាក់ចុះជាង៥៩ទៅ៨០ភាគរយនៃផ្ទៃមហាសមុទ្រក្នុងរយៈពេល ២០ ឆ្នាំ។ ការកើនឡើងសីតុណ្ហភាពពីរអង្សាអាចជាការប្រហារជីវិតផ្កាថ្ម ដែលជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនកន្លះពាន់លាននាក់សព្វថ្ងៃនេះ។
នៅទូទាំងពិភពលោកមនុស្សជាង ២ ពាន់លាននាក់សព្វថ្ងៃពឹងផ្អែកលើផ្ទាំងទឹកកកសម្រាប់ទឹកសាប។ ផ្ទាំងទឹកកកដែលមានកម្ពស់ទាបនៅភ្នំអាល់ ជួរភ្នំ Caucasus និងស្កេនឌីណាវ (Scandinavia) នឹងបាត់បង់ម៉ាសចំនួន៨០ភាគរយនៃបរិមាណម៉ាសបច្ចុប្បន្ននៅឆ្នាំ២១០០ ។ ភ្នំនឹងបាត់បង់គម្របព្រិល ហើយនឹងផ្តល់ផលប៉ះពាល់ដល់កសិកម្ម ការផ្គត់ផ្គង់ថាមពល និងទេសចរណ៍។
លើសពីនេះ បារតដែលមានជាតិពុលនិងសារធាតុកខ្វក់ផ្សេងៗទៀតនៅក្នុងទឹកផឹក នឹងកើនឡើងជាមួយការរលាយនៃផ្ទាំងទឹកកក ដែលអាចផ្ទុកបរិមាណបារតជិត៨សែនតោន ពោលគឺបរិមាណទ្វេដងនៃបរិមាណដែលបានរកឃើញនៅក្នុងបរិស្ថានដទៃទៀត។ ផលប៉ះពាល់ខាងលើទាំងអម្បាលម៉ាន នឹងកាន់តែធ្ងន់ធ្ងរខ្លាំង បើប្រទេសនានាមិនយកចិត្តទុកដាក់លើវិធានការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាពទេនោះ៕